ក្មេងស្រីជំទង់ម្នាក់នៅ ប្រទេសសិង្ហបុរី ត្រូវបានគេចំអក ឬBully នៅលើបណ្ដាញសង្គម ពេលនាងនិយាយថា «វាប្រណិត» ក្នុងវីដេអូ Unboxing កាបូប Charles & Keith តម្លៃ ប្រមាណ ៨០ដុល្លារសិង្ហបុរី ឬជាង ៦០ដុល្លារអាមេរិក។ ក្រោយពីត្រូវបានអ្នកលេង TikTok មួយចំនួន ចំអកឡកឡឺយពេលនេះនាង Zoe Gabriel ត្រូវបានក្រុមហ៊ុន Charles & Keith តែងតាំងជាទូតផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួនប្រចាំប្រទេសសិង្ហបុរី។

Charles & Keith ដែលជាយីហោសំលៀកបំពាក់ដ៏ល្បីល្បាញបំផុតមួយដែលមានសាខាចំនួន ៦០០ ទូទាំងពិភពលោកបានចែករំលែករូបថតរបស់ Zoe Gabriel អាយុ ១៧ដែលត្រូវបានគេចំអកកាលពីមួយរយៈមុនកំពុងធ្វើជាម៉ូដែលកាបូបរបស់ខ្លួន ដែលជាផ្នែកនៃកាផ្សព្វផ្សាយរបស់ខ្លួនសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ។
Gabriel ដែលជាមុខសញ្ញា គេចំអកដោយសារអរគុណឪពុកខ្លួនដែលទិញកាបូបតម្លៃជាង ៦០ដុល្លរឲ្យ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដោយសារការអត្តចរិតសុភាពរាបសា និងដាក់ខ្លួនរបស់នាង ហើយវីដេអូដ៏ល្បីរបស់នាងក៏បានឆ្លុះបញ្ចាំងឲ្យមានការជជែកវែកញែកពីការងប់ងុលរបស់ជនជាតិសិង្ហបុរីទៅលើរបស់ប្រណិត និងការឲ្យតម្លៃរបស់ដែលមានតម្លៃថ្លៃ។
Gabriel ក៏បាននិយាយទាំងទឹកភ្នែករលីងរលោងក្នុងវីដេអូ TikTok របស់ខ្លួន ក្រោយទទួលរងការរិះគន់ជាហូរហែមកថា «លុយគឺជាប្រធានបទដែលធ្វើអោយខ្ញុំពិបាកនិយាយជាងគេ» និងបន្តថា «ដោយសារតែខ្ញុំមិនបានធំឡើងលើគំនរមាសប្រាក់ទេ ហើយគ្រួសាររបស់ខ្ញុំមិនមានលុយច្រើនដែរ»។

ក្រោយរងការចំអក ឬក្លាយជា BA នេះ នាងក៏ធ្លាប់បាន Charles & Keith អញ្ជើញឲ្យទៅដើរកម្សាន្តនៅឯទីស្នាក់ការកណ្ដាលយីហោមួយនេះក្នុងប្រទេសសិង្ហបុរី និងថែមទាំងបានញុំាអាហារថ្ងៃត្រង់ជាមួយសហស្ថាបនិក Keith Wong ទៀតផង។
ឥឡូវនេះយីហោដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ដោយបងប្អូនប្រុសត្រកូល Wong បានបានធ្វើឲ្យ Gabriel ក្លាយជាម៉ូដែលកាន់កាបូបពិសេស និងធ្វើឲ្យអ្នកចំអកឡកឡឺយនាងតាមអ៊ីនធឺណិតមិនហ៊ានក្អកទៀតឡើយ៕























Account
Security
Favourite Content