អ្នកកាសែតម៉ិកស៊ិក និងជាអ្នកស្រាវជ្រាវ UFO ជនជាតិម៉ិកស៊ិក ម្នាក់បានបង្ហាញសាកសព ២ ទៅកាន់សភាម៉ិកស៊ិក ដែលគេជឿថាជាសាកសពមនុស្សក្រៅភព។ សាកសពតូចៗទាំងពីរត្រូវបានគេយកមកពីប្រទេសប៉េរូកាលពីឆ្នាំ ២០១៧ ដោយក្រុមអ្នកស្រាវជ្រាវអះអាងថា មិនមែនមនុស្ស ឬភាវលើផែនដីឡើយ។

អដ្ឋិធាតុសាកសពនោះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រអប់តូចៗ ដោយសាកសព ទាំង២ នេះមានម្រាមដៃតែបីប៉ុណ្ណោះ និងក្បាលវែងៗ។ លោក Jaime Maussan ជាអ្នកកាសែត និងអ្នកវិទ្យាសាស្ត្រ UFO ជនជាតិម៉ិកស៊ិក បាននិយាយថា សាកសពទាំង២ នេះត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ក្បែរខ្សែបន្ទាត់ Nazca បុរាណ កាលពីឆ្នាំ ២០១៧។ លោក Maussan បានឱ្យដឹងថា ការវិភាគកាលបរិច្ឆេតកាបូនដោយសាកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក បានបង្ហាញថា សាកសពនេះមានអាយុកាលប្រហែល ១ ពាន់ឆ្នាំ។
ទាក់ទិននឹងការអះអាងរបស់លោក Maussan សមាជិកសភាម៉ិកស៊ិក បានសុំឱ្យលោក Maussan ស្បថដើម្បីប្រាប់ការពិតក្នុង ពេលសវនាការ។ ទោះយ៉ាងណាលោក Maussan បានស្បថ និងថែមទាំងបាននិយាយបន្ថែមថា យើង (មនុស្ស) មិនមែនរស់នៅម្នាក់ឯងទេនៅក្នុងចក្រវាលនេះ។
គួរជម្រាបថា កាលពីខែឧសភាទីភ្នាក់ងារអវកាសអាមេរិក Nasa ក៏បានបានបើកកិច្ចប្រជុំជាសាធារណៈលើកដំបូងរបស់ខ្លួនលើបញ្ហាមនុស្សក្រៅភពនេះ ផងដែរដើម្បីជំរុញឱ្យមានវិធីសាស្រ្តបែបវិទ្យាសាស្ត្រឱ្យកាន់តែច្បាស់ថែមទៀត ដើម្បីបញ្ជាក់ពីប្រភពដើមនៃអ្វីដែលគេហៅថា បាតុភូតមិនធម្មតាដែលមិនស្គាល់អត្តសញ្ញាណ UAPs។

យ៉ាងណា ការបង្ហាញរបស់ប្រទេសម៉ិកស៊ិកនេះ ក៏បានបង្កឱ្យមានទាំងភាពភ្ញាក់ផ្អើល ការចំអក រួមទាំងការបង្កើតរូបភាពបែបកំប្លែងជាច្រើន រួមទាំងការរិះគន់ជាច្រើនពីក្រុមមនុស្សដែលមិនជឿថាមានមនុស្សក្រៅភព និងបានចោទថាការធ្វើនេះគឺគ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍៕

























Account
Security
Favourite Content