យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ប្រទេសម៉ាឡេស៊ីបានចាប់ផ្ដើមអនុវត្តច្បាប់ ផាកពិន័យជាទឹកប្រាក់ ១០លានរីងហ្គីត ប្រមាណ ២លាន ៤សែនដុល្លារអាមេរិក ឬុ/និង ជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ចំពោះបុគ្គលមានឥទ្ធិពល ឬ Influencer រូបណាដែលធ្វើមាតិកាចែករំលែកដំបូន្មានហិរញ្ញវត្ថុដោយគ្មានអាជ្ញាប័ណ្ណ។

ជាក់ស្ដែង ច្បាប់ខាងលើបានចូលជាធរមានតាំងតែពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងកំណើនបុគ្គលមានឥទ្ធិពល ឬ Influencer ដែលធ្វើមាតិកាលើគន្លឹះហិរញ្ញវត្ថុ គំនិតវិនិយោគ និងប្រធានបទពាក់ព័ន្ធផ្សេងៗ ខណៈមាតិកានេះបានកំណត់ពីរបៀបដែលជនជាតិម៉ាឡេស៊ីគ្រប់គ្រងប្រាក់របស់ពួកគេ។
គោលការណ៍ដែលបានកែសម្រួលជាថ្មីនេះ បានចេញផ្សាយជាលើកដំបូងដោយគណៈកម្មការមូលបត្រម៉ាឡេស៊ី (SC) ក្នុងឆ្នាំ ២០២០ មានគោលបំណងរក្សាស្តង់ដាររួមរវាងអ្នកធ្វើមាតិកាពីគន្លឹះនៃការវិនិយោគ និងបុគ្គលដែមានអាជ្ញាប័ណ្ណក្រោមច្បាប់មូលបត្រត្រឹមត្រូវ។
ទន្ទឹមគ្នានេះ លោក Anuar Shuib ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃក្រុមប្រឹក្សាផែនការហិរញ្ញវត្ថុម៉ាឡេស៊ី (MFPC) បានពោលថា កន្លងមក លោកបានសង្កេតឃើញថា អ្នកផលិតមាតិកាពីហិរញ្ញវត្ថុដែលគេច្រើនហៅថា “អ្នកជំនាញ” បានចែករំលែកព័ត៌មានដែលមិនគួរឱ្យទឹកចិត្ត និងគ្មានមូលដ្ឋានដល់ទស្សនិកជន។

លោកសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុ មិនមែនជាប្រធានបទដែលអាចលេងសើចបានទេ វាអាចលើកមនុស្សម្នាក់ឱ្យមាន ទាញមនុស្សម្នាក់ឱ្យក្រ ឬសូម្បីតែបំផ្លាញទ្រព្យសម្បត្តិរបស់ទស្សនិកជន។
ដូច្នេះមានន័យថា បុគ្គលមានឥទ្ធិពល ឬ Influencer ដែលផលិតមាតិកាលើប្រធានបទនេះនឹងត្រូវប្រុងប្រយ័ត្នអំពីអ្វីដែលពួកគេចែករំលែក ព្រោះប្រធានបទមួយចំនួនអាចតម្រូវឱ្យមានអាជ្ញាប័ណ្ណ។
ការខកខានមិនបានទទួលអាជ្ញាប័ណ្ណ ឬការចុះឈ្មោះត្រឹមត្រូវ គឺជាបទល្មើសធ្ងន់ធ្ងរតាមច្បាប់ ដែលអាចផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់ ១០ លានរីងហ្គីត ប្រមាណ ២លាន ៤សែនដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬទាំងផាកពិន័យ ទាំងជាប់ពន្ធនាគារ៕

























Account
Security
Favourite Content