ស្នាដៃសិល្បៈចេកបិទស្កុតដ៏ល្បីល្បាញលើអ៊ិនធឺណិតនាពេលកន្លងមកអាចលក់ដេញថ្លៃបានជាង ៦ លានដុល្លារ នៅក្នុងពិធីដេញថ្លៃមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អាចនិយាយបានថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដោយចេកមួយផ្លែបិទជាប់នឹងជញ្ជាំង ដែលជាស្នាដៃសិល្បៈមានឈ្មោះថា “Comedian” ឬន័យជាភាសាខ្មែរថា “អ្នកកំប្លែង” ពីសិល្បករអ៊ីតាលី Maurizio Cattelan អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៦,២ លានដុល្លារអាមេរិក នៅក្នុងពិធីដេញថ្លៃនៅក្រុមហ៊ុន Sotheby’s កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
មែនទែនទៅ ដំបូងឡើយចេកនេះត្រូវបានប៉ាន់ប្រមាណថាអាចនឹងលក់បានក្នុងតម្លៃ ១,៥ លានដុល្លារ ប៉ុន្តែបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកប្រកួតប្រជែងដេញថ្លៃចំនួន ៧នាក់ ទីបំផុតចេកនេះអាចលក់បានក្នុងតម្លៃ ៥,២ លានដុល្លារ ហើយគិតបញ្ចូលទាំងថ្លៃសេវាផ្សេងៗ អ្នកដេញថ្លៃត្រូវចាយប្រាក់សរុប ៦,២ លានដុល្លារ។
ផ្អែកតាមក្រុមហ៊ុនដេញថ្លៃខាងលើ អ្នកដេញថ្លៃទិញចេកមួយផ្លែនេះគឺជនជាតិចិនឈ្មោះ Justin Sun ជាស្ថាបនិកវេទិការូបិយប័ណ្ណគ្រីបតូ TRON។ តាមរយៈសេចក្តីថ្លែងការណ៍មួយ អ្នកដេញថ្លៃរូបនេះបានឱ្យដឹងថា “នេះមិនមែនគ្រាន់តែជាស្នាដៃសិល្បៈធម្មតានោះទេ ប៉ុន្តែវាតំណាងឱ្យបាតុភូតវប្បធម៌ដែលផ្សារភ្ជាប់ពិភពសិល្បៈ ពិភព Meme និងសហគមន៍រូបិយប័ណ្ណគ្រីបតូ” ។ លោកជឿថា ស្នាដៃនេះនឹងជំរុញឱ្យមានការគិត និងការពិភាក្សាបន្ថែមទៀតនាពេលអនាគត ហើយនឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។
ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានឱ្យដឹងបន្ថែមថា មុនត្រូវបានលក់ដេញថ្លៃ ស្នាដៃសិល្បៈមួយនេះត្រូវបានតាំងបង្ហាញនៅទីក្រុងចំនួន ៩ ទូទាំងពិភពលោក ដោយទាក់ទាញអ្នកទស្សនាជាង ១២០០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍ ៕