Bobi ជាសត្វឆ្កែរបស់ព័រទុយហ្គាល់ ត្រូវបានប្រកាសថាជាឆ្កែចំណាស់ជាងគេបំផុតលើពិភពលោកដោយកំណត់ត្រាពិភពលោក Guinness ក្នុងខែកុម្ភៈ បានឈានចូលវ័យ ៣១ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Guinness ។
គ្រួសាររបស់ Bobi បានរៀបចំកម្មវិធីជប់លៀងខួបកំណើតនៅថ្ងៃសៅរ៍ ទី១៣ ខែ ឧសភា ឆ្នាំ ២០២៣ នៅផ្ទះរបស់ម្ចាស់វានៅ Conqueiros ដែលជាភូមិជនបទ នៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់។

ម្ចាស់ Bobi គឺលោក Leonel Costa បានប្រាប់ Guinness ថាវានឹងក្លាយជាពិធីជប់លៀងបែបប្រពៃណីរបស់ជនជាតិព័រទុយហ្គាល់។ មនុស្សជាង ១០០ នាក់គ្រោងនឹងចូលរួម ព្រមទាំងមានក្រុមរាំសម្ដែងអបអរផងដែរ។
Costa បន្តប្រាប់ Guinness ថា Bobi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីត្រូវបានជាប់កំណត់ត្រាជាឆ្កែចំណាស់ជាងគេលើពិភពលោក។ លោកបញ្ជាក់ទៀតថា «ចាប់តាំងពីពេលនោះមក មានអ្នកសារព័ត៌មាន និងមនុស្សជាច្រើនមកពីជុំវិញពិភពលោក ដើម្បីថតរូបជាមួយ Bobi» ។
ម្ចាស់សុនកបានបន្ថែមថា Bobi មានសុខភាពល្អទេ ហើយថ្មីៗយើងក៏បានពិនិត្យរូបគេដោយសារតែបារម្ភពីភាពតានតឹង ក្រោយមានអ្នកមកលេងញឹកញាប់។ លោកបាននិយាយបន្ថែមទៀតថា មានមនុស្សចាំថតរូបជាច្រើន ហើយ Bobi ត្រូវក្រោកឡើងចុះជាច្រើនដង វាមិនងាយស្រួលទេសម្រាប់គេ៕


























Account
Security
Favourite Content