របាំមានច្រើនប្រភេទ ច្រើនទម្រង់ មានទាំងបុរាណ និងសម័យ។ ចំណែកឯរបាំសហសម័យ គឺជារបាំមួយប្រភេទដែលកើតឡើងពីការច្របាច់បញ្ចូលគ្នារវាងរបាំប្រពៃណីជាតិ នូវជំនាញបច្ចេកទេសថ្មីក្នុងសិល្បៈ និងជំនាញបច្ចេកទេសក្នុងទម្រង់បុរាណ។
ជាទូទៅរបាំសហសម័យ តែងត្រូវបានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ ដើម្បីបង្ហាញពីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសង្គម។ យ៉ាងណាក្នុងអត្ថបទនែះ AMS Infotainment នឹងណែនាំឲ្យស្គាល់ពីរបាំសហសម័យថ្មីមួយប្រភេទគឺ «សកេរ»។
«សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ ២០២២ ដោយការយកទម្រង់របាំបុរាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើឲ្យស្នាដៃនេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុនមក។
លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថាស្នាដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយការផ្សាភ្ជាប់ទៅនឹងប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះក៏ទទួលបានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈ។
លោក ង៉ែត រ៉ាឌី បានរៀបរាប់ឲ្យដឹងពីអត្តន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។ លោកបន្តឲ្យដឹងទៀតថា «សកេរ» គឺជាស្នាដៃសិល្បៈសហសម័យថ្មីបែបឌីជីថល ដោយប្រើប្រាស់បច្ចេកទេសថ្មីៗដើម្បីផ្សំជាមួយនឹងដំណើររឿង ដោយប្រើបច្ចេកទេសដូចជា Sound Effect, Projector as an Image, Prop experimentation ដើម្បីរៀបរៀងរបៀបថ្មីដែលឈរលើសាច់រឿងចាស់ក្នុងទម្រង់ល្ខោនខោល។
បច្ចុប្បន្នស្នាដៃបង្កើតថ្មី «សកេរ» ទទួលបានការគាំទ្រពី អង្គការសិល្បៈខ្មែរអម្រឹតៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមសិល្បៈក្រោមដំបូល (Roof Dance) និងអ្នកជំនាញជាច្រើនរូបនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
យ៉ាងណាក្តី រាល់ស្នាដៃសិល្បៈបង្កើតថ្មីរមែងមានផលវិបាកច្រើនអនែក ទាំងការបង្កើតគោលគំនិត ការហាត់សម រួមទាំងការបង្ហាញទៅកាន់សាធារណៈជនឲ្យយល់ពីស្នាដៃទាំងនោះ ដូច្នេះហើយចូលរួមគាំទ្រ និងលើកទឹកចិត្តសិល្បករខ្មែរទាំងអស់គ្នា៕




















































Account
Security
Favourite Content