រូបគំនូរអាយុកាល ១២៥ ឆ្នាំមួយផ្ទាំងរបស់វិចិត្រករល្បីឈ្មោះបារាំង Claude Monet ត្រូវបានលក់ក្នុងតម្លៃ ៣០ លានដុល្លារ ក្នុងការដេញថ្លៃនៅទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា។

ក្រុមហ៊ុនដេញថ្លៃ Christie’s ប្រចាំទីក្រុងហុងកុងដែលជាអ្នករៀបចំកម្មវិធី បានអះអាងថាជាតម្លៃខ្ពស់បំផុតក្នុងចំណោមរូបគំនូររបស់វិចិត្រករ Monet។ គួរបញ្ជាក់ថា គំនូររូបផ្កាព្រលឹតមានឈ្មោះថា “Nympheas” ត្រូវបានរក្សាទុកក្នុងផ្ទះរបស់គ្រួសារលោក Monet រាប់សត្សវត្សរ៍ បន្ទាប់ពីលោកបានទទួលមរណភាពកាលពីឆ្នាំ១៩២៦ មុនត្រូវបានយកមកដាក់លក់ដេញថ្លៃជាលើកដំបូងក្នុងពេលនេះ។


មុនលក់បានក្នុងតម្លៃនេះ ក្រុមហ៊ុនដេញថ្លៃ Christie’s បានធ្វើការប៉ាន់ប្រមាណថា វានឹងអាចលក់បានក្នុងតម្លៃចន្លោះ ២៥ លានដល់ ៣៥ លានដុល្លារ។ យ៉ាងណាមិញ ចុងក្រោយរូបគំនូរនេះអាចលក់ដេញថ្លៃបានត្រឹម ៣០ លានដុល្លារ ខណៈដកថ្លៃសេវាផ្សេងៗគឺនៅសល់ ២៥,៨ លានដុល្លារអាមេរិក។ ផ្អែកតាមក្រុមហ៊ុន Christie’s អ្នកដេញថ្លៃទិញគំនូរនេះបានគឺជាភ្ញៀវបរទេសមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណ។
នៅក្នុងពិធីដេញថ្លៃដដែលនេះ រូបគំនូរមួយផ្ទាំងទៀតឈ្មោះ “Les canots amarrés” ជារូបទេសភាពច្រាំងទន្លេពីវិចិត្រករហូឡង់ Vincent van Gogh ដែលបានគូរក្នុងឆ្នាំ១៨៨៧ អាចលក់ដេញថ្លៃបានក្នុងតម្លៃ ២៧,៦ លានដុល្លារ ដោយមិនគិតសេវាផ្សេងៗ។ ត្បិតថានេះជាតម្លៃខ្ពស់បំបែកកំណត់ត្រាសម្រាប់ការលក់រូបគំនូររបស់វិចិត្រករ Van Gogh នៅអាស៊ី ប៉ុន្តែតម្លៃនេះគឺទាបជាងការរំពឹងទុកដំបូងរបស់ក្រុមហ៊ុនដេញថ្លៃ ដែលបានប៉ាន់ប្រមាណថារូបនេះអាចលក់បានចន្លោះ ៣០ លានទៅ ៥០ លានដុល្លារអាមេរិក ៕


























Account
Security
Favourite Content