រាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ — ចុងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ សប្បុរសធម៌ពិសេសមួយ កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Yi Sang The Garden ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមប្រធានបទ «ដំណើរផ្សងព្រេងតាមរយៈរសជាតិម្រេចកំពត និងគ្រឿងទេស La Plantation» (A Culinary Journey with La Plantation Peppers and Spices) ដើម្បីរៃអង្គាសថវិកាជួយដល់កុមារនៅតាម សាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation។ កម្មវិធីដ៏ពិសេសនេះអាច ប្រព្រឹត្តទៅបានដោយមានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី La Plantation, ភោជនីយដ្ឋានចិន អ៊ី សាង (Yi Sang Chinese Restaurant), ក្រុមហ៊ុន LSH Cambodia និងក្រុមហ៊ុន Chhiv Timex Group។

លោក Christophe Hay ដែលជាម្ចាស់ភោជនីយដ្ឋាន Fleur de Loire ក្នុងទីក្រុង Blois ប្រទេសបារាំង ដែលទទួល បានផ្កាយ Michelin ចំនួន ២ និងផ្កាយ Michelin Green Star មួយ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមការអញ្ជើញរបស់លោកស្រី Nathalie Chaboche និងលោក Guy Porré ស្ថាបនិកកសិដ្ឋាន La Plantation។ មុនពេលកម្មវិធីអាហារសប្បុរសធម៌នេះ លោក Hay បានធ្វើដំណើរទៅទស្សនាកសិដ្ឋាន La Plantation ក្នុងខេត្តកំពត ដើម្បីស្វែង យល់ពីលក្ខណៈពិសេសនៃដី និងធម្មជាតិក្នុងតំបន់ វិធីសាស្ត្រកសិកម្មប្រកបដោយចីរភាព ព្រមទាំងដំណើរការប្រមូលផល ដែលជាប្រភពនៃការបំផុសគំនិតក្នុងការចម្អិនម្ហូបរបស់លោកអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

ចំណងទាក់ទងរបស់លោកជាមួយប្រទេសកម្ពុជាបានចាប់ផ្តើមតាំងពីប្រាំបីឆ្នាំមុន នៅពេលដែលលោកបានមកទស្សនា ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង និងបានស្គាល់ម្រេចកំពត ដែលទទួលបានការចុះបញ្ជីជាសញ្ញាសម្គាល់ភូមិសាស្ត្រ ការពារ (PGI)។ ចាប់តាំងពីពេលនោះមក លោកបានប្រើប្រាស់ម្រេចកំពតនេះជាគ្រឿងផ្សំសំខាន់មួយនៅក្នុងមុខម្ហូបដ៏ល្បី ល្បាញរបស់លោកនៅតំបន់ជ្រលងភ្នំ Loire ប្រទេសបារាំងជាបន្តបន្ទាប់។
លោក Hay ដែលត្រូវបានទស្សនាវដ្ដី Gault&Millau ប្រគល់ពានរង្វាន់ «ចុងភៅប្រចាំឆ្នាំ» ក្នុងឆ្នាំ២០២១ ត្រូវបានទទួល ស្គាល់ជាអន្តរជាតិចំពោះទស្សនវិជ្ជានៃការធ្វើម្ហូបដែលផ្តោតលើនិរន្តរភាព និងការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោក ជ្រើសរើសគ្រឿងផ្សំពីសួនកសិកម្មចម្រុះប្រកបដោយនិរន្តរភាពរបស់ខ្លួន អ្នកនេសាទក្នុងតំបន់តាមដងទន្លេ និងកសិដ្ឋាន ចិញ្ចឹមគោ Wagyu ផ្ទាល់ខ្លួន។
បន្ទាប់ពីបានចុះទៅស្វែងយល់ពីចម្ការគ្រឿងទេសនៅខេត្តកំពត លោកបាននាំយកទស្សនវិជ្ជា «ពីកសិដ្ឋានមកកាន់តុ អាហារ» (Farm-to-Table) មកអនុវត្តជាមួយផលិតផលកសិកម្មរបស់កម្ពុជា នៅរាជធានីភ្នំពេញ ដោយបញ្ចូលម្រេច និង គ្រឿងទេសសរីរាង្គរបស់ La Plantation ទៅក្នុងមុខម្ហូបជាច្រើនមុខ ដែលត្រូវបានរៀបចំរួមគ្នាជាមួយលោក លូ ម៉េង។
សម្រាប់លោក លូ ម៉េង សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Almond Hospitality ព្រមទាំងជាបុគ្គលដ៏សំខាន់ មួយរូបក្នុងការលើកស្ទួយ និងស្តារមុខម្ហូបខ្មែរសម័យទំនើបឡើងវិញ កម្មវិធីនារាត្រីនោះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ
ដែលបាននាំមកនូវការជួបជុំរវាងប្រពៃណីធ្វើម្ហូបពីរបែបផ្សេងគ្នា ប៉ុន្តែមានគោលបំណងរួមតែមួយ គឺការប្រើប្រាស់គ្រឿងផ្សំ
ដ៏ល្បីល្បាញរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។





La Plantation៖ លក្ខណៈពិសេសនៃដីកសិកម្ម និរន្តរភាព និងមរតកវប្បធម៌
បង្កើតឡើងក្នុងឆ្នាំ២០១៣ លើដីទំនេរមួយកន្លែងនៅតំបន់ជនបទក្នុងខេត្តកំពត កសិដ្ឋាន La Plantation បានរីកចម្រើន
ក្លាយជាសហគ្រាសកសិកម្មសរីរាង្គដែលទទួលបានវិញ្ញាបនបត្រ Ecocert និងជាគោលដៅទេសចរណ៍កសិកម្មប្រកប ដោយនិរន្តរភាព ដែលផ្ដល់ការងារពេញម៉ោងដល់បុគ្គលិកក្នុងស្រុកជាង ១៥០ នាក់។
ដោយអនុវត្តគោលការណ៍កសិកម្មស្ដារធម្មជាតិឡើងវិញ និងគ្មានការប្រើប្រាស់សារធាតុគីមី កសិដ្ឋាននេះប្រើប្រាស់ជី ធម្មជាតិ អាងស្តុកទឹកភ្លៀង និងប្រព័ន្ធកសិកម្មចម្រុះជាមួយដើមឈើ (Agroforestry) ដើម្បីដាំដុះម្រេចកំពត PGI ទាំងបួនប្រភេទ ដែលរួមមាន ម្រេចខ្មៅ ម្រេចក្រហម ម្រេចស និងម្រេចខ្ចី ព្រមទាំងដាំដុះក្រវាញព្រៃដ៏កម្រ ម្រេចវែង រមៀត និងរុក្ខជាតិដែលមានក្លិនក្រអូបជាច្រើនប្រភេទទៀត។
រាល់ផលដំណាំទាំងអស់ត្រូវបានប្រមូលផលដោយដៃនៅពេលដែលវាមានគុណភាពល្អបំផុត បន្ទាប់មកយកទៅហាលថ្ងៃ និងតម្រៀបដោយដៃនៅក្នុងកសិដ្ឋានផ្ទាល់ ដើម្បីធានានូវប្រភពដើមច្បាស់លាស់ និងគុណភាពនៃក្លិនក្រអូបដ៏សម្បូរបែប ដែលត្រូវបានពេញនិយមដោយភោជនីយដ្ឋានលំដាប់ផ្កាយ Michelin នៅជុំវិញពិភពលោក។
លើសពីការអភិវឌ្ឍវិស័យកសិកម្ម កសិដ្ឋាន La Plantation ក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សមរតកវប្បធម៌ខ្មែរ តាមរយៈការសង្គ្រោះ និងរៀបចំឡើងវិញនូវផ្ទះឈើខ្មែរបុរាណនៅតាមសួនច្បារត្រូពិចរបស់ខ្លួនផងដែរ។
គាំទ្រការអប់រំ ចាប់ពីកម្រិតភូមិរហូតដល់សាកលវិទ្យាល័យប្រាក់ចំណូលទាំងអស់ដែលទទួលបានពីកម្មវិធីអាហារសប្បុរស ធម៌កាលពីថ្ងៃសៅរ៍ រួមទាំងសកម្មភាពចាប់ឆ្នោតសប្បុរសធម៌ (Charity Tombola) ត្រូវបានបរិច្ចាគដោយផ្ទាល់ទៅកាន់ អង្គការ Les Écoles de La Plantation ដែលជាសមាគមមិនរកប្រាក់កម្រៃបង្កើតឡើងដោយស្ថាបនិកកសិដ្ឋាន La Plantation ក្នុងគោលបំណងធានាឱ្យកុមារនៅក្នុងសហគមន៍ជនបទជុំវិញតំបន់នោះ ទទួលបានឱកាសសិក្សាអប់រំជាបន្ត បន្ទាប់។
កម្រិតបឋមសិក្សា៖ គាំទ្រសាលាបឋមសិក្សាក្នុងភូមិ ដែលមានសិស្សប្រមាណ ១០០ នាក់ក្នុងមួយឆ្នាំ តាមរយៈការផ្តល់ ថវិកាសម្រាប់ប្រាក់បៀវត្សរ៍គ្រូបង្រៀន សម្ភារៈសិក្សា កង់ និងសម្ភារៈអនាម័យសម្រាប់សិស្សានុសិស្ស។
កម្រិតមធ្យមសិក្សា៖ ផ្តល់អាហារូបករណ៍ មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ និងអាហារដល់សិស្សដែលត្រូវធ្វើដំណើរចម្ងាយ ២០ គីឡូម៉ែត្រ ដើម្បីបន្តការសិក្សានៅសាលាមធ្យមសិក្សាក្នុងក្រុងកំពត។
កម្រិតឧត្តមសិក្សា៖ បន្ដផ្ដល់ការគាំទ្រដល់សិស្សរហូតដល់ពួកគេឈានចូលដល់ពេញវ័យ ដោយក្នុងឆ្នាំ២០២៣ អង្គការ បានអបអរសាទរសិស្សដំបូងរបស់ខ្លួនដែលបានបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។
ដោយមានការឧបត្ថម្ភគាំទ្រពី La Plantation, ភោជនីយដ្ឋានចិន អ៊ី សាង (Yi Sang Chinese Restaurant), ក្រុមហ៊ុន LSH Cambodia និងក្រុមហ៊ុន Chhiv Timex Group រួមជាមួយភ្ញៀវកិត្តិយស និងដៃគូសហការដ៏មាន ទឹកចិត្តសប្បុរស កម្មវិធីនារាត្រីនោះបានបញ្ចប់ទៅដោយទទួលបានការរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការជំរុញឱកាសសិក្សាអប់រំសម្រាប់យុវជនជំនាន់ក្រោយនៅខេត្តកំពត ៕





































































Account
Security
Favourite Content