តម្រងនោមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយសម្រាប់រាងកាយ ដោយការខកខានមិនបានយកចិត្តទុកដាក់លើសរីរាង្គនេះ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃជំងឺខ្សោយតម្រងនោមបាន។

ជំងឺខ្សោយតម្រងនោម កើតឡើងនៅពេលដែលតម្រងនោមលែងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចេញកាកសំណល់ចេញពីឈាម ដែលអាចជាដើមហេតុនៃបញ្ហាសុខភាពជាច្រើនទៀត។ ជំងឺតម្រងនោមរ៉ាំរ៉ៃតែងតែវិវត្តដោយស្ងៀមស្ងាត់ជាច្រើនឆ្នាំ មុននឹងឈានដល់ការកើតជំងឺខ្សោយតម្រងនោម។
ដើម្បីសុខភាពតម្រងនោម និងដើម្បីសុខភាពជារួម អ្នកគួរឈប់អនុវត្តទម្លាប់ប្រចាំថ្ងៃទាំង ៣ នេះ៖
១. ការទប់នោមជាប្រចាំ

ការព្យាយាមទប់នោមនឹងធ្វើឱ្យប្លោកនោមរីកធំក្នុងរយៈពេលយូរ ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគក្នុងផ្លូវទឹកនោម។ ក្នុងករណីខ្លះ ការឆ្លងមេរោគនេះ ក៏អាចរាលដាលដល់តម្រងនោមផងដែរ ហើយការឆ្លងមេរោគនៅតម្រងនោមជាញឹកញាប់ក្នុងរយៈពេលវែង អាចជះឥទ្ធិពលដល់ការចុះខ្សោយនៃមុខងាររបស់តម្រងនោម។
ហេតុដូច្នេះហើយ អ្នកគួរជៀសវាងទម្លាប់ទប់នោមក្នុងរយៈពេលយូរ ដើម្បីការពារសុខភាពតម្រងនោម។
២. ការញ៉ាំទឹកមិនគ្រប់គ្រាន់

ទឹកគឺជាកត្តាមួយដ៏សំខាន់សម្រាប់សុខភាពតម្រងនោម ដោយការមិនទទួលបានទឹកគ្រប់គ្រាន់អាចធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃការខូចតម្រងនោម ជាពិសេសនៅពេលដែលអ្នកធ្វើការងារធ្ងន់ ឬស្ថិតនៅក្នុងអាកាសធាតុក្តៅជាដើម។ ទឹកជួយឱ្យតម្រងនោមអាចបញ្ចេញកាកសំណល់ចេញពីរាងកាយបាន ខណៈការទទួលទឹកតិចពេកអាចប្រឈមមុខនឹងការកើតក្រួសក្នុងតម្រងនោម។
ជាទូទៅ មនុស្សពេញវ័យម្នាក់គួរទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ និងគួរទទួលទានបន្ថែមទៀតនៅពេលអាកាសធាតុក្ដៅខ្លាំង ឬរាងកាយបែកញើសខ្លាំងជាដើម។ នេះបើផ្អែកតាមគេហទំព័រ WebMD។
៣. ការញ៉ាំប្រៃ ឬផ្អែមខ្លាំង

របបអាហារដែលមានជាតិខ្លាញ់ សាច់កែច្នៃ នំកញ្ចប់ អាហារ Fast Food និងអាហារដែលមានរសជាតិដិត ច្រើនតែមានផ្ទុកសូដ្យូម ខ្លាញ់ និងកាឡូរីខ្ពស់។ ការទទួលទានអាហារប្រភេទនេះញឹកញយ នឹងធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យពីសម្ពាធឈាមខ្ពស់ ការឡើងទម្ងន់ និងជំងឺមេតាបូលីក ដែលសុទ្ធតែប៉ះពាល់ដល់ការថយចុះនៃមុខងារតម្រងនោម។
ចំណែកឯការទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំង អាចជំរុញដល់ការឡើងទម្ងន់ ជំងឺធាត់ និងបញ្ហាអាំងស៊ុយលីន ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ជាមូលហេតុចម្បងនៃជំងឺតម្រងនោមរ៉ាំរ៉ៃ និងខ្សោយតម្រងនោម។ យោងតាម American Heart Association មនុស្សស្រីម្នាក់មិនគួរបរិភោគជាតិស្ករលើសពី ២៥ ក្រាមក្នុងមួយថ្ងៃ ខណៈបុរសមិនគួរទទួលទានជាតិស្ករឱ្យលើសពី ៣៦ ក្រាមក្នុងមួយថ្ងៃ៕



















































Account
Security
Favourite Content