ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗខ្លួន ហើយអ្នករាំក្បាលទូក គឺសំខាន់ជាងគេបង្អស់។

ភាគច្រើនយើងតែងតែឃើញថា ចំណុះទូកនីមួយៗមានបុរសទាំងអស់ ព្រមទាំងអ្នករាំក្បាលទូក។ អ្នករាំក្បាលទូក ហើយមានអ្នកស្រុកខ្លះហៅថាអ្នកបូល ឬអ្នកទំក្បាល ដើម្បីរាំ ឬអង្គុយបញ្ជាទូក និងលើកទឹកចិត្តចំណុះអ្នកអុំផងដែរ។ អ្នកទំក្បាលទូកច្រើនតែបុរសវ័យចំណាស់ និងជាអ្នកដែលទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋក្នុងសហគមន៍ ចេះមើលបច្ចេកទេស និងបញ្ជាទូកបានល្អ។
តែតាមតំបន់ខ្លះមានអ្នករាំក្បាលទូកជានារី ព្រោះនោះជាជំនឿរបស់ខ្មែរ ដែលជឿជាក់ថា ទូកនីមួយៗមានបារមីកាន់ជានារី ទើបមានអ្នករាំក្បាលទូកជានារី។ ការមាននារីរាំក្បាលទូកនៅក្នុងពិធីប្រណាំងទូកងរបស់ខ្មែរ គឺជាផ្នែកមួយនៃសិល្បៈ វប្បធម៌ និងជាជំនឿបុរាណដែលបង្ហាញពីភាពរស់រវើក ការអបអរសាទរ ឬមន្តស្នេហ៍របស់ទូក។

នៅក្នុងពិធីបុណ្យអុំទូក កន្លងមក ទូកអុំ មិនសូវមាននារីទេ ភាគច្រើនជាមនុស្សប្រុស នារីភាគច្រើនប្រកួតផ្នែកទូកមួងតែប៉ុណ្ណោះ។ ទូកណាដែលមាននារីជាអ្នករាំក្បាលទូក ធ្វើឲ្យការប្រកួតកាន់តែសប្បាយរីករាយ ទទួលបានការចាប់អារម្មណ៍ និងសាទរពីសំណាក់ទស្សនិកជន។ ដូចនេះហើយទំនៀមទម្លាប់ប្រពៃណីដែលមានស្ត្រីជាអ្នករាំក្បាលទូក គួរតែថែរក្សាបន្តឲ្យបានគង់វង្ស ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
ជារៀងរាល់ឆ្នាំសិល្បការិនីខ្មែរតែងតែទទួលបានរៀបចំតុបតែងខ្លួន ទៅរាំក្បាលទូក ពោរពេញដោយជំនាញ រាំពត់ពែន អែនអន យោលយោកខ្លួនតាមជើងច្រវា ដើម្បីជាសញ្ញាឲ្យកីឡាករ មានចង្វាក់អុំទូក សាមគ្គីគ្នា។
ដើម្បីថែរក្សា អភិរក្ស វប្បធម៌ខ្មែរ ដេត ស្រីនាឌ បវរកញ្ញា និងជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្លាយជាអ្នករាំក្បាលទូក “នាងសុវណ្ណមច្ឆាមហាសាមគ្គី” របស់វត្តសមាធិន្ទ្រិយារាម ហៅវត្តព្រះប្រសប់ថ្មី ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងកម្មវិធីប្រណាំងទូកង នាខេត្តកំពង់ចាម ដែលទើបបញ្ចប់ថ្មីៗនេះ។


គួរបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាព្រះរាជពិធីរំលឹកដល់សឹកសង្គ្រាមជើងទឹក និងជ័យជំនះនៃទ័ពជើងទឹកខ្មែរដែលបានវាយឈ្នះទ័ពសត្រូវឈ្លានពាន និងរំដោះប្រទេស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ សម្រាប់អ្នកបញ្ជាក្បាលទូក គឺប្រៀបបាននឹងមេទ័ពជើងទឹកដ៏វៃឆ្លាតក្នុងការបញ្ជាកងទ័ពរបស់ខ្លួនដើម្បីចូលច្បាំងបានជោគជ័យ៕

រូបភាព៖ សៀកម៉េង និងរដ្ឋបាលខេត្តកំពង់ចាម


















































Account
Security
Favourite Content