ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។

ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la Francophonie) ដែលនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដែលមានអរិយធម៌ចំណាស់មួយនេះ។ ក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅលើពិភពលោកផងដែរ។
ជាមួយគ្នា កម្ពុជាក៏បានត្រៀមជាស្រេចនូវវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃទាំងសម្រាប់ជាតិ ក៏ដូចជាគណៈប្រតិភូដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនេះ នោះគឺស្បៃខ្មែរ។ ការរៀបចំស្បៃខ្មែរ ដើម្បីធ្វើជាកាដូអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូកិត្តិយសនាឱកាសដ៏ពិសេសនេះជាការលើកបង្ហាញស្នាដៃរបស់ខ្មែរ ពិសេសបានបង្ហាញប្រាប់អំពីកិច្ចការពារនិងបន្តថែរក្សាតជំនាន់របស់កូនចៅខ្មែរមកដល់សព្វថ្ងៃ។
គួរឱ្យដឹងដែរថា ស្បៃខ្មែរជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ៕





រូបភាព ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី


















































Account
Security
Favourite Content