Zootopia 2 ទទួលបានឈ្មោះជាគំនូរជីវចលរបស់ហូលីវូដដែលរកចំណូលបានច្រើនបំផុតមិនធ្លាប់មាន ជាមួយនឹងចំណូលសរុបចំនួន ១.៧ ពាន់លានដុល្លារអាមេរិក យកឈ្នះម្ចាស់ជើងឯកចាស់រឿង Inside Out 2 ដែលរកចំណូលសរុបបាន ១.៦៩ ពាន់លានដុល្លារអាមេរិក។


ផ្អែកតាមការចុះផ្សាយរបស់ Variety នៅថ្ងៃទី១៩ ខែមករា Zootopia 2 បានបំបែកកំណត់ត្រាថ្មីនៅក្នុងប្រវត្តិសាស្រ្តគំនូរជីវចលហូលីវូដ ខណៈភាពជោគជ័យនេះ ក៏បានធ្វើឱ្យស្នាដៃរបស់ Disney ចំណងជើងខាងលើ បានក្លាយជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុតលំដាប់លេខ ៩ ផងដែរ។
ក្នុងឱកាសនេះ Disney បានចេញសេចក្តីថ្លែងអំណរគុណដល់អ្នកគាំទ្រជុំំវិញពិភពលោកថា៖ “ជារឿងដែលសំខាន់ និងត្រូវលើកយកមកនិយាយមុនគេ សមិទ្ធផលដ៏សំខាន់នេះគឺជារបស់អ្នកគាំទ្រ ដែលភាពរំភើបរីករាយរបស់អ្នកបានធ្វើឱ្យវាក្លាយជាភាពជោគជ័យដូច្នេះ”។
បន្ថែមពីនេះ ស្ទូឌីយោខាងលើក៏បានអរគុណដល់អ្នកនៅពីក្រោយគំនូរជីវចលមួយនេះផងដែរថា៖ “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នកផលិតភាពយន្តរបស់យើងគឺ Jared Bush, Byron Howard និង Yvett Merino ក៏ដូចជាក្រុមគំនូរជីវចលទាំងមូលនៅ Walt Disney Animation Studios សម្រាប់ការបង្កើតខ្សែភាពយន្តដែលអាចភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនគ្រប់ទិសទីបានយ៉ាងស៊ីជម្រៅ។ Zootopia 2 គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ”។

សូមបញ្ជាក់ថា ដ្បិតបច្ចុប្បន្ននេះ Zootopia 2 បានក្លាយជាគំនូរជីវចលហូលីវូដដែលរកចំណូលបានច្រើនបំផុត តែគំនូរជីវចលរបស់ចិនរឿង Ne Zha 2 ដែលមិនមានជាប់ពាក់ព័ន្ធជាមួយនឹងសមាគមភាពយន្តរបស់សហរដ្ឋអាមេរិក ឬ Motion Picture Association នៅតែជាគំនូរជីវថលដែលរកចំណូលបានច្រើនបំផុតលំដាប់លេខ ១ ក្នុងទំហំ ២.២៥ពាន់លាន ដណ្ដើមបានតំណែងលេខ ៥ ជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុត។
គួរឱ្យដឹងដូចគ្នាថា Zootopia 2 គឺជាការជួបគ្នាជាថ្មីរវាងទន្សាយញី Judy Hopps និងចចកឈ្មោល Nick Wilde ដោយពួកគេបានត្រឡប់មកបំបែករឿងក្ដីជុំគ្នាម្ដងទៀត៕


























Account
Security
Favourite Content