Love’s Ambition រឿងភាគថ្មីរបស់ Zhao Lusi និង William Chan ប្រឈមមុខពីការបាត់បង់អ្នកទស្សនា ដោយសារតែភាពយន្តនេះបានចូលរួមសម្ដែងដោយ Fan Shiqi តារាប្រុសដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Yu Menglong។

បើទោះបីជាភាពយន្តថ្មីមួយចំណងជើងនេះ កំពុងតែទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ទន្ទឹមគ្នានឹងការវិលត្រឡប់មកវិញរបស់តារាសម្ដែងស្រី Zhao Lusi ផង វត្តមានរបស់ Fan Shiqi ដែលជាតួអង្គតូចមួយ បានបង្ហាញវត្តមានរួមគ្នាជាមួយនឹងតួឯកស្រីប៉ុន្មានឈុតឆាក អាចនឹងជះផលអវិជ្ជមានទៅលើភាពជោគជ័យរបស់ភាពយន្ត។
ជាក់ស្ដែង ពីសំណាក់អ្នកគាំទ្ររបស់ Yu Menglong តែម្ដង ព្រោះ Fan Shiqi គឺជាមនុស្សម្នាក់ដែលបានស្ថិតនៅក្នុងកន្លែងកើតហេតុ នៅគ្រាដែល Yu Menglong បានបាត់បង់ជីវិត ដោយធ្លាក់ពីលើអាគារ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ។


បើទោះបីជា ប៉ូលិស ក៏ដូចជាអ្នកម្ដាយរបស់ Yu Menglong ធ្លាប់បានចេញមកបញ្ជាក់ហើយថា ការស្លាប់នេះ គឺជាឧបទ្ទវហេតុ ក៏ប៉ុន្តែអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិនជាច្រើនរូប បានដាក់ការសង្ស័យ មិនជឿជាក់លើការបកស្រាយទាំងនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 8days នៅថ្ងៃទី១ ខែតុលានេះ ប្រជាជនចិនបានពហិការមិនគាំទ្រស្នាដៃរបស់ Fan Shiqi ទេ ដោយកម្មវិធីប្រគំតន្ត្រីរបស់តារាប្រុសវ័យ ៣៣ឆ្នាំ ដែលគ្រោងធ្វើនៅឯទីក្រុងឆឹងទូ ទទួលបានការបញ្ជាទិញត្រឹមតែ ១៥សំបុត្រប៉ុណ្ណោះ។
រួមដោយហេតុផលនេះ ក្រុមហ៊ុនបានសម្រេចចិត្តដកឈ្មោះ និងរូបភាពរបស់ Fan Shiqi ពីរាល់សកម្មភាពផ្សព្វផ្សាយទាំងអស់របស់រឿង Love’s Ambition។ យ៉ាងណាមិញ នៅតែមានការលើកឡើងថា វត្តមានរបស់លោកអាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ភាពយន្ត។

គួរឱ្យដឹងផងដែរថា ភាពយន្តភាគរឿង Love’s Ambition និយាយអំពីខ្សែជីវិតរបស់ Xu Yan សម្ដែងដោយ Zhao Lusi ដែលខិតខំកសាងខ្លួនឯងពីក្មេងស្រីមកពីទីប្រជុំជនតូចមួយ ក្លាយជាពិធីការិនីទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់។ យ៉ាងណាមិញ ដើម្បីទទួលបានជីវិតដ៏ល្អឥតខ្ចោះ Xu Yan បានសម្រេចចិត្តរៀបការជាមួយបុរសអ្នកជំនួញ Shen Hao Ming សម្ដែងដោយ William Chan។
ស្ថិតនៅក្នុងរូបភាពជាគូស្នេហ៍ល្អឯកក្នុងក្រសែភ្នែករបស់មហាជន ភាពរកាំរកូសពីក្រោយឆាកបានធ្វើឱ្យ Xu Yan លែងលះគ្នាជាមួយ Hao Ming ជាពេលវេលាដែលលោកដឹងថា Xu Yan ពិតជាសំខាន់ និងព្យាយាមយកឈ្នះបេះដូងរបស់នាងម្ដងទៀត៕


























Account
Security
Favourite Content