នៅឆ្នាំ ២០២៥ ក្រុមចម្រៀងនារី TWICE បានបង្ហាញពីឥទ្ធិពលយូរអង្វែងរបស់ពួកគេ តាមរយៈការជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងអាមេរិក Billboard ការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក និងសាមគ្គីក្រុមដ៏រឹងមាំ។

ក្នុងពិភពខេប៉ុប អ្នកគាំទ្រជាច្រើនប្រហែលជាធ្លាប់ឮធ្លាប់ដឹងហើយពី “បណ្ដាសា ៧ឆ្នាំ” ដែលសំដៅថាក្រុមចម្រៀងភាគច្រើនមិនអាចបន្តដំណើរបានលើសរយៈពេល ៧ឆ្នាំបានឡើយ ពោលគឺបន្ទាប់ពីផុតកុងត្រាដំបូងជាមួយក្រុមហ៊ុន ប៉ុន្តែសម្រាប់ក្រុមចម្រៀងនារី TWICE បណ្ដាសានេះមិនអាចធ្វើអ្វីពួកគេបានឡើយ។
គិតត្រឹមឆ្នាំ ២០២៥ ជិតមួយទសវត្សរ៍បន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្រុមចម្រៀងស្រីដែលមានសមាជិក ៩នាក់មួយនេះ នៅតែបន្តរីកចម្រើន ហាក់ដូចបង្ហាញថាយុគមាសរបស់ពួកគេមិនទាន់បញ្ចប់ងាយៗនោះទេ។ ជាក់ស្ដែង មីនីអាល់ប៊ុមទី ១៤ របស់ពួកគេមានចំណងជើងថា “Strategy” ដែលបានចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៤ បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ ៤ នៅលើតារាង Billboard 200 និងក្លាយជាអាល់ប៊ុមទី ៦ ជាប់ៗគ្នារបស់ពួកគេដែលអាចជាប់ចំណាត់ថ្នាក់ Top Ten ក្នុងតារាងនេះ។
លើសពីនេះ ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Ready to Be” ដែលបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ និងមានការសម្ដែងសរុប ៥១ ឆាកនៅទូទាំងទ្វីបចំនួន ៥ អាចទាក់ទាញអ្នកចូលទស្សនាចំនួន ១.៥ លាននាក់ និងរកចំណូលបានជាង ៧៨ លានដុល្លារ។ ការប្រគំតន្ត្រីនេះដែរ ក៏បានធ្វើឱ្យពួកគេអាចបង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលលក់សំបុត្រដាច់អស់សម្រាប់ការសម្ដែងនៅពហុកីឡដ្ឋានធំៗដូចជា SoFi Stadium ក្នុងទីក្រុង Los Angeles ពហុកីឡដ្ឋាន MetLife ក្នុងទីក្រុង New York និងពហុកីឡដ្ឋាន Marvel ក្នុងទីក្រុង Melbourne។ ចុងក្រោយថ្មីៗនេះ ពួកគេក៏បានចូលរួមសម្ដែងជាមួយក្រុមចម្រៀង Coldplay ជាភ្ញៀវពិសេសក្នុងកំឡុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Music of the Spheres” របស់ក្រុមចម្រៀងអង់គ្លេសមួយនេះនៅទីក្រុងសេអ៊ូល ជាការពង្រឹងឥទ្ធិពលរបស់ពួកគេកាន់តែទូលំទូលាយទៀតលើឆាកអន្តរជាតិ។

បើនិយាយពីឥទ្ធិពលរបស់ពួកគេនៅក្នុងប្រទេសជប៉ុនគឺនៅតែមិនអាចប្រៀបផ្ទឹមបាន។ ការស្ទង់មតិប្រចាំឆ្នាំ ២០២៤ បានបង្ហាញថា TWICE ជាក្រុម K-pop ពេញនិយមបំផុតក្នុងចំណោមយុវវ័យជប៉ុនដោយមានសមាជិក Tzuyu, Sana និង Mina នាំមុខគេក្នុងបញ្ជីតារាពេញនិយម។
ភាពជោគជ័យជានិរន្តរភាពរបស់ TWICE គឺកាន់តែគួរឱ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបនឹងក្រុមតារាចម្រៀងភាគច្រើនដែលឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញមុខពីរបីឆ្នាំនិងក្រុមជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងលើសមាជិកល្បីខ្លាំងម្នាក់ ឬពីរនាក់ ដើម្បីរក្សាប្រជាប្រិយភាព។ ទោះយ៉ាងណា សម្រាប់ TWICE សមាជិកម្នាក់ៗក្នុងចំណោមសមាជិកទាំងប្រាំបួននាក់សុទ្ធតែមានភាពលេចធ្លោរៀងៗខ្លួន ប៉ុន្តែពួកគេបានកំណត់អាទិភាពសកម្មភាពក្រុម រហូតដល់បញ្ចប់កិច្ចសន្យាចាស់ និងបន្តកិច្ចសន្យាថ្មីម្ដងទៀតទើបពួកគេចាប់ផ្តើមគិតគូរសកម្មភាពទោល ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពក្រុមដ៏រឹងមាំកម្រមាន។
ចាប់តាំងពីការបង្ហាញខ្លួនក្នុងខែតុលា ឆ្នាំ ២០១៥ TWICE បានបញ្ចេញបទល្បីៗជាបន្តបន្ទាប់ដូចជា “Like Ooh-ahh,” “Cheer Up,” “TT,” “KNOCK KNOCK,” “Signal,” “Likey,” “Heart Shaker,” “What is Love?” “Dance The Night Away,” និងបទ “Fancy” ជាដើម។ សមិទ្ធិផល គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតរួមមាន ការលក់អាល់ប៊ុមបានជាង ១០ លានបន្ទះនៅទូទាំងប្រទេសកូរ៉េ និងជប៉ុន ការមាន MV ដែលទទួលបានការចូលទស្សនាលើស ១០០ លាន view ច្រើនជាង ២០បទ និងការសម្ដែងខ្នាតធំក្នុងពហុកីឡដ្ឋានជាច្រើននៅអាមេរិកខាងជើង ជាសមិទ្ធិផលមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមចម្រៀងនារីខេប៉ុប ៕



























































Account
Security
Favourite Content