នៅថ្ងៃទី២៨ ខែមេសានេះ Prossima Music បានបញ្ចេញនូវវីដេអូបទចម្រៀងប្រកបភាពយន្តរឿង Guitar Man ដែលជាស្នាដៃសម្ដែងចុងក្រោយរបស់តារាសម្ដែងកូរ៉េខាងត្បូង Kim Sae Ron មុននឹងនាងសម្រេចចិត្តលាចាកលោក។

ជាក់ស្ដែង ចម្រៀងដែលមានចំណងជើងថា “The world without pain” ឬមានន័យជាភាសាខ្មែរថា “ពិភពលោកដែលគ្មានការឈឺចាប់” បានបង្ហាញវត្តមានរបស់ Kim Sae Ron សម្ដែងជាតួឯកស្រីឈ្មោះថា Yoo-Jin នៅក្នុងរឿង Guitar Man ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្ត នៅឯចុងខែឧសភា ឆ្នាំនេះ។
លោក Lee Seon-jin ដែលជាផលិតករ និងអ្នកដឹកនាំរឿងខាងលើ បានរំឭកដល់គ្រាដែលលោកធ្លាប់បានធ្វើការជាមួយនឹង Kim Sae Ron ដោយស្នាដៃរឿងនេះ គឺជាការវិលត្រឡប់មកកាន់វិថីសម្ដែងវិញ បន្ទាប់ពីនាងបានផ្អាកពីការងារសិល្បៈ ព្រោះបញ្ហាគ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកបរក្រោមស្ថានភាពស្រវឹងរបស់នាង។
ជាក់ស្ដែង លោកបាននិយាយថា ៖ “Kim Sae Ron បានបង្ហាញថាមពលវិជ្ជមាន និងពោរពេញទៅដោយក្តីស្រលាញ់។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានការត្រឡប់មកវិញដ៏អស្ចារ្យ”។

“ខ្ញុំសូមជូនពរឱ្យនាងមានសុភមង្គលក្នុងពិភពលោកដែលគ្មានការឈឺចាប់ ដូចចំណងជើងបទចម្រៀងនេះ។ ដូចគ្នាដែរ ប្រាក់ចំណូលទាំងអស់ដែលបានមកពីបទចម្រៀងប្រកបរឿង Guitar Man នឹងបរិច្ចាគទៅកាន់មជ្ឈមណ្ឌល Korea Life Respect Hope Center” លោក Lee Seon-jin បាននិយាយដូច្នេះក្នុងនាមលោក ក៏ជាអ្នកសរសេរទំនុកច្រៀង និងផលិតបទនេះឡើង។
សូមរំឭកផងដែរថា នៅថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ Kim Sae Ron បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួន ត្រឹមវ័យ២៤ឆ្នាំ នៅឯទីលំនៅផ្ទាល់ខ្លួន ក្នុងទីក្រុងសេអ៊ូល ដោយដំណឹងមរណភាពនេះបានកើតឡើងត្រឹមពេលតែ ៣ខែប៉ុណ្ណោះ ក្រោយពីតារាស្រីបានថតបញ្ចប់ភាពយន្តរឿង Guitar Man នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕
























































Account
Security
Favourite Content