ស្របពេលដែល Holy Night: Demon Hunters កុនខ្នាតធំរបស់ Seohyun កំពុងតែត្រៀមចាក់បញ្ចាំង តារាកូរ៉េរូបនេះបានចេញមកបញ្ជាក់ច្បាស់ៗថា ខ្លួននឹងមិនទទួលការងារសម្ដែងណាដែលមានឈុតឆាកអាក្រាតកាយនោះទេ។

ផ្ដើមនិយាយពីការប្រែប្រួលមិនធ្លាប់មានរបស់ Seohyun នៅក្នុងភាពយន្តដែលគ្រោងនឹងចូលរោងកុននៅថ្ងៃទី៣០ ខែមេសានេះ តារាពហុជំនាញដែលធ្លាប់តែជានារីទន់ភ្លន់ និងផ្អែមល្អែមនៅក្នុងក្រសែភ្នែកមហាជន បានផ្លាស់ប្ដូរខ្លួនមកសម្ដែងជាតួអង្គ Sharon ដែលមានតួនាទីជាគ្រូចាប់បិសាចនៅក្នុងរឿងថ្មីនេះ។
តារាស្រីវ័យ ៣៣ឆ្នាំបានរំឭកថា ដើមឡើយនាងនាងបានគិតថា ខ្លួនមិនសាកស័ក្តិសមនឹងតួអង្គនេះឡើយ តែដោយសារតែមានមនុស្សជុំវិញខ្លួនជ្រោមជ្រែង ទើបធ្វើឱ្យនាងមានទំនុកចិត្តទទួលការងារនេះ។

យ៉ាងណាមិញ Seohyun បាននិយាយពីវិធីសាស្ត្រក្នុងការជ្រើសរើសការងារថា ខ្លួនចូលចិត្តសាកល្បងអ្វីថ្មីៗ និងធ្វើអ្វីដែលខ្លួនមិនធ្លាប់បានធ្វើ។ ជាក់ស្ដែង តួឯកស្រីបាននិយាយថា៖ “ខ្ញុំជ្រើសរើសរឿងណា ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា រឿងនេះមើលទៅសប្បាយ ខ្ញុំចង់សាកល្បងធ្វើវា។ បើសិនជាខ្ញុំដឹងថា តួអង្គនោះនឹងអាចឱ្យខ្ញុំបង្ហាញជ្រុងម្ខាងទៀតនៃជីវិតរបស់ខ្ញុំ នោះខ្ញុំនឹងទទួលសម្ដែងជាមិនខាន”។
តារាខេប៉ុបដែលប្រែខ្លួនមកជាតារាសម្ដែងរូបនេះ បានឱ្យដឹងបន្តថា ក្នុងនាមជាកូនពៅរបស់ក្រុម Girls’ Generation ទស្សនិកជនតែងតែចងចាំនាងក្នុងរូបភាពតែមួយដូចគ្នា គឺរូបភាពជានារីស្លូតត្រង់ម្នាក់។ យ៉ាងណាមិញ ម្ចាស់ពានរង្វាន់អ្នកសម្ដែងស្រីថ្មីឆ្នើមរបស់ KBS រូបនេះ បានបើកចំហថា ខ្លួនហ៊ានសម្ដែងគ្រប់ទម្រង់នៃតួអង្គ មិនថាជាតួឃាតក ឬក៏ជាមនុស្សវិកលចរិតនោះទេ។

យ៉ាងណាមិញ Seohyun ប្រាប់ច្បាស់ៗថា ខ្លួនសុំប្រកែកត្រឹមការងារណា ដែលទាមទារឱ្យនាងត្រូវថតទាំងលែងខ្លួនទទេ។ តួស្រីរូបនេះបានរៀបរាប់ថា៖ “ខ្ញុំតែងតែចង់បង្ហាញខ្លួនខ្ញុំក្នុងកំណែទម្រង់ថ្មីៗនៅក្នុងគម្រោងរឿងនីមួយៗ។ ហើយខ្ញុំក៏ពិតជាអរគុណមែនទែន សម្រាប់អ្នកដែលគាត់មើលស្គ្រីបហើយ គាត់នឹកឃើញដល់ខ្ញុំ។ ក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដែលពាក់ព័ន្ធនឹងការអាក្រាតកាយទេ។ ហ្នឹងជាអ្វីដែលខ្ញុំមិនទទួលដាច់ខាត តែក្រៅពីហ្នឹងខ្ញុំទទួលទាំងអស់”។
សូមរំឭកផងដែរថា Seohyun បានចាប់ផ្ដើមដើរលើវិស័យភាពយន្តតាំងតែពីឆ្នាំ ២០១៣មកម្ល៉េះ តាមរយៈការសម្ដែងនៅក្នុងរឿងភាគ Passionate Love របស់ស្ថានីយ៍ទូរទស្សន៍ SBS។ យ៉ាងណាមិញ ភាពយន្ត Holy Night: Demon Hunters គឺជាភាពយន្តកុនទី២ របស់នាង ជាមួយនឹងតារាកូរ៉េខាងត្បូងជាច្រើនរូបទៀត រួមមាន Ma Dong-seok, Lee David, Kyung Soo-jin និង Jung Ji-so៕

























































Account
Security
Favourite Content