ចាប់តាំងពីឆ្នាំ២០១៨មក «ក្រុមភាពយន្តឈូករ័ត្ន» (Sunflower Film Alliance – SFA) បានចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ តាមរយៈ ការបណ្តុះបណ្តាលដល់យុវជនខ្មែរ គាំទ្រការផលិត ភាពយន្តខ្លី និងមហោស្រពភាពយន្តខ្លីចតុមុខ។ ឆ្នាំនេះ ដើម្បី បង្កើនទាំងបរិមាណ និងគុណភាពធនធានមនុស្ស ក្នុងបរិប្រព័ន្ធភាពយន្ត «ឈូករ័ត្ន» បានបន្តបេសកកម្មនេះ ដោយបានជ្រើសរើស យុវជន១២រូបមកពីសាវតា ផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៧ជំនាន់មុនៗ។


សម្រាប់កញ្ញា ឃុំ ធីតា ដែលបម្រើការនៅក្រុមហ៊ុនដឹកជញ្ជូន១កន្លែង និងជាអនុប្រធាន«ក្រុមភាពយន្តឈូករ័ត្ន» ឆ្នាំ២០២៥៖ «នាងខ្ញុំចង់សិក្សាពីរៀបធ្វើការងាររបស់សមាជិកSFA និងចង់ជួយរៀបចំកម្មវិធីមហោស្រព ភាពយន្ត។ ទី២ ខ្ញុំចង់សិក្សាពីភាពយន្តឱ្យបានស៊ីជម្រៅ ជាពិសេសគឺស្វែងរកខ្លួនឯងថា នាងខ្ញុំគួរតែចាប់យក ជំនាញមួយណាក្នុងវិស័យនេះ។ ទី៣ នាងខ្ញុំចង់មានទំនាក់ទំនង និងស្គាល់គ្នាជាមួយមិត្ត និងសហការីបន្ថែម នៅក្នុងសហគមន៍ភាពយន្តឱ្យកាន់តែច្រើន សម្រាប់អាជីពរបស់នាងខ្ញុំទៅថ្ងៃមុខ។»

រីឯលោក សុខនា សុវណ្ណៈ កំពុងសិក្សាឆ្នាំទី១ ផែ្នករចនាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យន័រតុន និងជា ប្រធានផ្នែកផលិតរបស់«ក្រុមភាពយន្តឈូករ័ត្ន»ជំនាន់ទី៨នេះ បានសម្តែងចំណាប់អារម្មណ៍ថា៖ «ដោយសារ ពេលចូលក្រុមភ្លាម ពួកយើងបានទស្សនាភាពយន្តផ្សេងៗជាច្រើន។ «រាត្រីភាពយន្ត»បែបនេះ ជួយឱ្យទាំងអស់ គ្នា រៀនផង សប្បាយរីករាយផង។ កម្មវិធីនេះបានជួយកែលម្អជំនាញរបស់ខ្ញុំបាទផ្ទាល់ ក្នុងការវិភាគភាពយន្ត ដែលងាយស្រួលឱ្យខ្ញុំបាទយកមេរៀនទាំងនោះទៅអនុវត្តជាក់ស្តែង។ រាល់ភាពយន្ត សុទ្ធតែជំរុញឱ្យមាន កិច្ចពិភាក្សា និងជួយឱ្យយើងទាំងអស់គ្នាឃើញថាតើភាពយន្តមានអានុភាពខ្លំាងយ៉ាងណា សម្រាប់ការរៀន និង អនុវត្តក្នុងជីវិត និងការងារ។»

បើតាមលោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន៖ «ឆ្នាំនេះ ក្រៅពីបេក្ខភាពច្រើនជាងមុនហើយ ពួកគាត់បញ្ជាក់ការប្តេជ្ញាចិត្ត ចំពោះកម្មវិធីសិក្សាយើង តាមរយៈការបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ បើទោះបីជា ច្រើនជាងមុន៥ដងក៏ដោយ។ ក្រៅពីឱកាសសិក្សាភាពយន្ត តាមរយៈការទស្សនារឿងជុំគ្នា និង វគ្គចែករំលែក ជំនាញពីសមិទ្ធករមានបទពិសោធន៍ និងការផលិតរឿង២ប្រចាំឆ្នាំ ជំនាន់ទី៨នឹងទទួលរៀបចំ «មហោស្រព វីដេអូដើម្បីកុមារអាស៊ីអាគ្នេយ៍» បន្ថែមពីលើ «មហោស្រពភាពយន្តខ្លីចតុមុខ» ដែលជា បេសកកម្មប្រចាំឆ្នាំ របស់«ឈូករ័ត្ន»គ្រប់ជំនាន់។»

គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលការបណ្តុះបណ្តាល៨សប្តាហ៍ ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ លើជំនាញចំនួន៦ គឺ៖ ផ្នែកគ្រប់គ្រងការផលិត សរសេរអត្ថបទរឿង ដឹកនាំរឿង ថតនិងចាប់ប្លង់ ថតសម្លេង និងកាត់តវីដេអូ។ ហើយទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ»ឆ្នាំ២០២៥ ក្នុងខែតុលានេះ។

ដូចជាឆ្នាំមុនដែរ ក្រៅពី«អង្គការភាពយន្តឈូករ័ត្ន» «ក្រុមភាពយន្តឈូករ័ត្ន»បានទទួលការគាំទ្រថវិកាពីមូលនិធិ Sombath Somphone Memorial Fund ដែលបញ្ជាក់ពីការបន្តទុកចិត្តដល់ក្រុមនេះ ក៏ដូចជាដៃគូ ផ្សេងៗរួមមាន Sabay News, TV5, Neal, 11:11 and Chill Out Cafe។ ក្រៅពីនេះ ដៃគូថ្មីរួមមាន៖ ផលិតកម្ម Box Media ដែលផ្តល់ទីស្នាក់ការដល់សម្មភាពបរិប្រព័ន្ធ«ឈូករ័ត្ន» និង «សាលាសិល្បៈសម្តែង» ដោយសារ«ឈូករ័ត្ន»មានបំណងភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុងសហគមន៍ ភាពយន្ត និងសិល្បៈកម្ពុជាទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន»នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មីនេះ ប្រកបដោយ ភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
- ទំព័រហ្វេសប៊ុក៖ www.facebook.com/sunflowerfilmalliance
- Telegram៖ https://t.me/sunflowerfilmorg
- YouTube៖ https://www.youtube.com/@sunflowerfilmalliance977
























Account
Security
Favourite Content