ក្រោយបោះទុនផលិតអស់ជាង ២០០លានដុល្លារអាមេរិក កាលពីថ្ងៃទី៣ ខែធ្នូនេះ Disney ទើបតែទម្លាក់ឆាកខ្លីផ្លូវការរបស់ខ្សែភាពយន្តព្រះនាងព្រិលស ទម្រង់មនុស្សសម្ដែង ដើម្បីត្រៀមចូលរោងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ។
ក្នុងទម្រង់ថ្មីនេះ Disney បានដាក់ចំណងជើងខ្សែភាពយន្តរបស់ព្រះនាងដំបូងបង្អស់នៅក្នុងចក្រវាលរបស់ខ្លួនជាផ្លូវការថា “Disney’s Snow White” ដោយមានការចូលរួមសម្ដែងពីតារាល្បីឈ្មោះប្រចាំហូលីវូដដូចជា Rachel Zegler ជាតួឯកស្រីព្រះនាងព្រិលស និង Gal Gadot ជាតួម្ចាស់ក្សត្រី គូប្រជែងសម្រស់របស់ព្រះនាង។
ត្បិតជា រឿងទាក់ទងនឹងព្រះនាងអង្គដដែលនឹងគំនូរជីវចល “ព្រះនាងព្រិលស និងមនុស្សតឿទាំង ៧” ដែលផលិតតាំងតែពីឆ្នាំ១៩៣៧ក្ដី តែភាពយន្តប្រចាំឆ្នាំ២០២៥ នេះហាក់បានបញ្ចូលជ្រុងថ្មីប្លែករបស់ព្រះនាងព្រិលសដែលអ្នកទស្សនិកមិនធ្លាប់បានឃើញពីមុនទាល់តែសោះក្នុងទម្រង់ដើមរបស់ Disney។

ជាក់ស្ដែង នៅក្នុងវីដេអូខ្លីនេះ តួអង្គព្រះនាងព្រិលសហាក់មានគម្រោងប្រឆាំងទៅនឹងម្ដាយចុងរបស់ខ្លួនផងដែរ ដោយតួឯកស្រីរូបនេះបាននិយាយថា៖ “ម្ចាស់ក្សត្រីបានដណ្ដើមគ្រប់យ៉ាងពីពួកយើង ហើយខ្ញុំក៏នឹងសុំជំនួយពីអ្នកទាំងអស់គ្នាដែរ។ វាដល់ពេលហើយ ដែលយើងនឹងស្ដារអាណាចក្ររបស់យើងត្រឡប់មកវិញ”។
នេះជារសជាតិថ្មីប្លែក និងគួរឱ្យចាប់អារម្មណ៍មួយ ក៏ប៉ុន្តែសាច់រឿងជាក់ស្ដែងអាចខុសគ្នានឹងដំណើររឿងក្នុងទម្រង់គំនូរជីវចលកម្រិតណានោះ ផលិតកម្មនៅមិនទាន់បង្ហើបយ៉ាងលម្អិតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា Disney’s Snow White ជាគម្រោងដ៏ធំមួយរបស់ផលិតកម្ម Walt Disney ដោយបានបុគ្គលល្បីឈ្មោះក្នុងវិស័យភាពយន្តជាច្រើនរូបមករួមការងារ។ តួយ៉ាង លោក Marc Platt និង Jared LeBoff ផលិតកររបស់ភាពយន្តតន្ត្រីដែលកំពុងតែចាក់បញ្ចាំងក្នុងរោង Wicked, លោក Marc Webb អ្នកដឹកនាំរឿង The Amazing Spider-Man” និងម្ចាស់ពាន EGOT ពីររូប លោក Benj Pasek និង Justin Paul មកតែងចម្រៀងថ្មីចំណងជើង “Waiting on a Wish” ឱ្យតួអង្គព្រះនាងព្រិលស។
សូមរំឭកផងដែរ បច្ចុប្បន្នភាពយន្តក្នុងចក្រវាលព្រះនាងរបស់ Disney ជាទម្រង់ Live-Action មានសរុបរហូតដល់ទៅ ៨ចំណងជើង រួមមាន Maleficent (2014), Cinderella (2015), Beauty and the Beast (2017), Aladdin (2019), Mulan (2020), The Little Mermaid (2023), Disney’s Snow White ដែលគ្រោងនឹងបញ្ចាំងនៅក្នុងឆ្នាំ ២០២៥ និងភាពយន្តពីព្រះនាង Moana ដែលកំពុងតែផលិត សម្រាប់ការចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៦៕
































Account
Security
Favourite Content