កាលពីចុងខែឧសភានេះ Tom Holland បានផ្ដល់បទសម្ភាសន៍តាមរយៈទស្សនាវដ្ដី Empire ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរតំណែងតួអង្គ និងសាច់រឿងរបស់ Peter Parker ទៅឱ្យតារាសម្ដែងផ្សេងទៀត ក្រោយពេលរូបលោកបានដើរតួជាវីរបុរសពីងពាងនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។

ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ តាមរយៈខ្សែភាពយន្តរឿង Captain America: Civil War តារាសម្ដែងហូលីវូដរូបនេះបានបន្តសម្ដែងក្នុងរឿង Spider-Man ចំនួន ៣ ភាគទៀត។ ដោយឡែក ភាពយន្តភាគថ្មីទី ៤ ដែលមានចំណងជើងថា Spider-Man: Brand New Day កំពុងត្រៀមចូលរោងចាក់បញ្ចាំងនៅខែកក្កដាខាងមុខនេះ។
នៅក្នុងបទសម្ភាសន៍ដដែលនោះ Tom Holland បានបញ្ជាក់ពីគោលជំហររបស់ខ្លួនចំពោះអនាគតនៃចក្រវាល Spider-Man ថា៖ “មិនថាវគ្គបន្តទៅមុខទៀតនឹងទៅជាយ៉ាងណានោះទេ ទាំងរឿងរបស់ Miles Morales Spider-Gwen Spider-Woman ឬអ្វីក៏ដោយ ខ្ញុំចង់ក្លាយជាផ្នែកមួយក្នុងការជួយបើកផ្លូវសម្រាប់សាច់រឿងជំពូកថ្មីនោះ ទោះបីជាវានឹងចេញមកក្នុងទម្រង់ណាក៏ដោយ ខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរ”។

“ប៉ុន្តែប្រសិនបើខ្ញុំអាចធ្វើដូចអ្វីដែល Downey បានធ្វើឱ្យខ្ញុំ ខ្ញុំច្បាស់ជាអាចបក់ដៃលាឈប់ពីតួអង្គនេះដោយភាពកក់ក្តៅ និងរីករាយបំផុត” តារាប្រុសវ័យ ២៩ឆ្នាំបន្តដូច្នេះ។
ការលើកឡើងនេះ Tom Holland ចង់សម្តៅទៅលើ Robert Downey Jr. ដែលដើរតួជា Tony Stark ឬ Iron Man។ ជាក់ស្ដែង នៅក្នុងរឿង Spider-Man: Homecoming តួអង្គ Iron Man គឺប្រៀបដូចជាឪពុកម្នាក់ដែលតែងតែជួយបង្វឹកបង្ហាត់ និងជួយសង្គ្រោះ Spider-Man ។

គួររំឭកផងដែរថា Tom Holland គឺជាតារាសម្តែងទី ៣ ដែលទទួលបានឱកាសសម្ដែងជាតួអង្គ Spider-Man បន្ទាប់ពីរៀមច្បងទាំងពីរគឺ Tobey Maguire និង Andrew Garfield។ អ្នកទាំង ៣ ថែមទាំងបានមកជួបគ្នានៅក្នុងខ្សែភាពយន្តរឿង Spider-Man: No Way Home ដែលបានបង្កើតនូវការចងចាំដ៏ល្អបំផុតមួយសម្រាប់អ្នកគាំទ្រ។
ដោយឡែក សម្រាប់ខ្សែភាពយន្តភាគថ្មី Spider-Man: Brand New Day ជាសាច់រឿងបន្តពីភាគមុន ដែលគ្មាននរណាម្នាក់អាចចងចាំបានឡើយថា Peter Parker គឺជា Spider-Man សូម្បីតែមនុស្សជិតស្និទ្ធបំផុតរបស់លោក ខណៈដែលតួអង្គ Peter Parker នៅតែបន្តបេសកកម្មជាវីរបុរសដដែល៕


























Account
Security
Favourite Content