កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំរបស់វិស័យខេប៉ុប Mnet Asian Music Awards 2024 ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ កន្លងទៅ ដោយមានវត្តមានរបស់តារាខេប៉ុបជាច្រើនរូបរួមទាំង តារាជប៉ុន និងតារាចម្រៀងអាមេរិក Bruno Mars មកចូលរួមក្នុងកម្មវិធីប្រារព្ធឡើងឯប្រទេសជប៉ុន។

សម្រាប់ម្ចាស់ពានរង្វាន់ដែលលេចធ្លោបំផុត ប្រាកដជាមិនអាចរំលងក្រុមចម្រៀង Aespa បានទេ ព្រោះនៅក្នុងឆ្នាំ ២០២៤នេះ នារីទាំង ៤រូបបានទទួលពានរង្វាន់រហូតដល់ទៅ ៦មកគ្រប់គ្រង សមទៅតាមបំណងរបស់ Karina ដែលធ្លាប់បង្ហើបជាមួយទស្សនាវដ្ដី Dazed ថា នាងលោភលន់ចង់បានពានរង្វាន់សម្រាប់ឆ្នាំនេះ។
ជាក់ស្ដែង “Supernova” ស្នាដៃចម្រៀងដែលមានអ្នកចូលស្ដាប់រហូតដល់ទៅ ២២០ លានដងនៅលើ Spotify បាននាំយកពានរង្វាន់រហូតដល់ទៅ ៣ មកឱ្យ aespa រួមមាន Song of The Years, Best Dance Performance ផ្នែកក្រុមចម្រៀងនារី និង Best Choreography សម្រាប់ក្បាច់រាំដ៏ទាក់ទាញនៅក្នុងបទមួយនេះ។ សម្រាប់បទរួមអាល់ប៊ុម Armageddon ក៏ជោគជ័យមិនចាញ់គ្នាដែរ ដោយវីដេអូចម្រៀងរបស់បទនេះទទួលបានការទទួលស្គាល់ក្នុងនាមជា Best Music Video ប្រចាំឆ្នាំនេះ។
បន្ថែមពីពានរង្វាន់ទាំង ៤ខាងលើ Aespa អាចមានឱកាសអាចដណ្ដើមតំណែងជាក្រុមចម្រៀងនារីល្អបំផុត Best Female Group ទន្ទឹមគ្នានឹងការទទួលស្គាល់ពីសំណាក់អ្នកគាំទ្រជាមួយនឹងពានរង្វាន់ Fan’s Choice Top 10 ក្នុងចំណោមតារាខេប៉ុបនារីដែលអ្នកគាំទ្រជ្រើសរើសសរុប ១០រូប។

សម្រាប់ក្រុមចម្រៀងផ្នែកបុរសវិញ Seventeen ក៏ទទួលបានជោគជ័យប្រកិតគ្នានឹង aespa ដោយបានប្រមូលយកពានរង្វាន់ចំនួន ៥ ត្រឡប់ទៅផ្ទះវិញ។ ផ្ដើមដោយពានរង្វាន់ធំបំផុត Seventeen ទទួលងារជាសិល្បករប្រចាំឆ្នាំ Artist of The Year ទន្ទឹមគ្នានឹងពានរង្វាន់ Best Male Group ប្រចាំកម្មវិធីក្នុងឆ្នាំ ២០២៤។ នេះមិនមែនជារឿងចម្លែកទេ ព្រោះក្រុមចម្រៀងបុរសខេប៉ុបខាងលើទទួលបានការគាំទ្រខ្លាំងនៅលើអាល់ប៊ុម Seventeenth Heaven រហូត MAMA ទទួលស្គាល់ថាជា Album of the Year។
លើសពីនេះទៀត Seventeen ក៏ជាជម្រើសមួយក្នុងចំណោមតារាប្រុសទាំង ១០ក្នុងពានរង្វាន់ Fan’s Choice Top 10 ផ្នែកបុរស ហើយក៏ជាម្ចាស់ពានរង្វាន់ពិសេស Visa Super Stage ផងដែរ។

ដោយឡែក Jennie សមាជិក BLACKPINK ក៏ទទួលបានភាពជោគជ័យខ្លាំង ទោះបីជាកំពុងតែប្រឡូកក្នុងអាជីពជាសិល្បករទោលក៏ពិតមែន ដោយពានរង្វាន់ទាំង ៤ដែលនាងទទួលបាននៅឆ្នាំនេះរួមមាន ពានរង្វាន់ Best Dance Performance ផ្នែកសិល្បករស្រីទោល សម្រាប់បទ You & Me, Fan’s Choice Top 10 ផ្នែកនារី និងពានរង្វាន់រួមគ្នាជាមួយនឹង Zico លើសា្នដែបទ Spot! ក្នងនាមជា Best Rap & Hip Hop Performance និង Best Collaboration។ ទន្ទឹមគ្នានេះ មិត្តរួមក្រុម Rosé ក៏ទទួលបានពានរង្វាន់ពិសេស Global Sensation សម្រាប់បទឆ្លងឆ្លើយ APT. ជាមួយនឹង Bruno Mars។
ទន្ទឹមគ្នានេះ ត្បិតមិនបានទទួលពានរង្វាន់ជាក្រុម ដោយហេតុថាសមាជិកខ្លះនៅបំពេញតួនាទីក្នុងជួរយោធានៅឡើយ តែ Jungkook និង Jimin នៅតែទទួលបានការកោតសរសើរដដែល។ តួយ៉ាង Jungkook ទទួលបានពានរង្វាន់ចំនួន ៣ ដូចជា Best Male Artist, Fan’s Choice Top 10 ផ្នែកបុរស និងពាន Best Dance Performance ផ្នែកសិល្បករប្រុសទោល សម្រាប់ស្នាដៃបទ Standing Next to You។ ប្រកៀកគ្នានេះ Jimin ក៏ទទួលបានពាន Fan’s Choice Top 10 ផ្នែកបុរសផងដែរ រួមគ្នានឹងពានរង្វាន់ Fan’s Choice of the Year ។

ដោយឡែក ក្រុមចម្រៀងរៀមច្បងដូចជា BIGBANG ក៏បានបង្ហាញភាពរំជើបរំជួល តាមរយៈការឡើងសម្ដែងបទថ្មី Home Sweet Home របស់សមាជិកទាំង ៣។ មិនឱ្យខកឈ្មោះជា “ស្ដេចខេប៉ុប” G-Dragon ក៏ទទួលបានរង្វាន់ពិសេស Music Visionary of the Year ផងដែរ។
ខាងក្រោមនេះ ជាការសម្ដែងរបស់សិល្បករខេប៉ុបខ្លះៗនៅក្នុងកម្មវិធី MAMA 2024៖

























































Account
Security
Favourite Content