ថ្មីៗនេះសារព័ត៌មានហុងកុង HK01 បានបង្ហាញពីប្រាក់ឈ្នួលដែលតារាសម្ដែងហុងកុងទទួលបានសម្រាប់ការថតខ្សែភាពយន្ត ដោយក្នុងនោះ Linda Chung, Sheren Tang, Roger Kwok, Kevin Cheng និង Charmaine Sheh គឺស្ថិតក្នុងចំណោមអ្នកដែលមានតម្លៃខ្លួនខ្ពស់បំផុត។

យោងតាមសេចក្ដីរាយការណ៍នេះ តារាសម្តែង Moses Chan ជារឿយៗត្រូវបានគេចាត់ទុកថាជាបងប្រុសច្បងរបស់ TVB ប៉ុន្តែប្រាក់កម្រៃរបស់លោកមិនស្ថិតនៅក្នុងក្រុមខ្ពស់បំផុតនោះទេ ហើយតារាភាពយន្តហុងកុងក៏មិនមានបានតម្លៃខ្លួនខ្ពស់កប់ពពកដល់រាប់សែនដុល្លារក្នុងភាគដូចតារាចិនដីគោកដែរ។
ជាធម្មតា តារាសម្ដែងក្នុងបញ្ជីលំដាប់ A នឹងទទួលបានប្រាក់ឈ្នួលប្រហែល ៥ ទៅ៦ពាន់ដុល្លារក្នុងមួយភាគ ប៉ុន្តែយ៉ាងណានៅតែមានសិល្បករដែលអាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនេះដូចគ្នា។


ជាក់ស្ដែង តារាសម្ដែងស្រី Linda Chung បានសម្ដែងក្នុងរឿង “ដុកទ័រកុមារ” កាលពីឆ្នាំ២០២១ រយៈពេល ៤ ខែ ដោយទទួលបានប្រាក់ឈ្នួលសរុបជាង ៣៨ម៉ឺនដុល្លារ។ ជាមធ្យម នាងទទួលបានច្រើនជាង ១៥០០០ ដុល្លារក្នុងមួយភាគ ដែលជាកម្រិតតម្លៃខ្ពស់ខ្លាំងមែនទែនសម្រាប់តារាសម្ដែងនៅ TVB។ តារាដែលស៊ីថ្លៃខ្ពស់បន្ទាប់គឺតារាស្រីជើងចាស់ Sheren Tang ដែលទទួលបានជាង ១ម៉ឺនដុល្លារក្នុងមួយភាគ។


ដោយឡែក តារាប្រុសដែលអាចរកចំណូលបានច្រើនជាងគេពីររូបគឺ Roger Kwok និង Kevin Cheng ដែលមានតម្លៃខ្លួនប្រហែល ៩០០០ដុល្លារក្នុងមួយភាគ។


ចំណែកតារាស្រី Charmaine Sheh គឺមិនត្រឹមតែល្បីនៅហុងកុងប៉ុណ្ណោះទេ ប៉ុន្តែក៏បានឈានដល់ទីផ្សារដីគោកដោយជោគជ័យផងដែរ ដូច្នេះប្រាក់ឈ្នួលរបស់នាងគឺប្រមាណ ៦៤០០ដុល្លារក្នុងមួយភាគ។ ចុះមកក្រោមទៀត គឺតារាសម្ដែងប្រុស Raymond Lam ដែលអាចទទួលបានប្រមាណ ៥៧០០ដុល្លារក្នុងមួយភាគ។
ប្រភពដដែលក៏បានបន្ថែមទៀតថា រឿងភាគ TVB នីមួយៗចំណាយដើមទុនខ្ទង់ ១ លានហុងកុង ឬ ១២ម៉ឺនដុល្លារអាមេរិក ដូច្នេះការចំណាយលើតួសម្ដែងក៏មិនខ្ពស់ដូចរឿងដែលផលិតនៅចិនដីគោកនោះឡើយ ហើយសម្រាប់តារាដែលកំពុងហាត់រៀនសម្ដែងនៅប៉ុស្តិ៍ TVB នៅពេលចូលរួមក្នុងការថតខ្សែភាពយន្តនឹងមិនទទួលបានប្រាក់កម្រៃអ្វីឡើយ ក្រៅតែពីថ្លៃចំណាយលើការធ្វើដំណើរ។
យោងតាម HK01 ប្រាក់ខែរបស់តារាសម្តែងទូរទស្សន៍ហុងកុងមិនខ្ពស់នោះទេ ដូច្នេះហើយបានជាតារាជើងចាស់ជាច្រើនដែលប្រកបអាជីពសម្តែងអស់មួយជីវិតនៅតែរស់នៅក្នុងភាពក្រីក្រ ពេលចាស់ធ្លាក់ខ្លួនឈឺទៅត្រូវសុំជំនួយពីមិត្តរួមអាជីព។ បច្ចុប្បន្ននេះ តារាសម្ដែងជាច្រើនបានចាកចេញពី TVB និងផ្លាស់ទៅរកការងារនៅចិនដីគោក ដើម្បីសម្ដែងភាពយន្ត ឬចូលរួមក្នុងពាណិជ្ជកម្មអនឡាញផ្សេងៗ ៕

























Account
Security
Favourite Content