បវរកញ្ញារូបស្រស់កម្ពស់ 1.73 cm កុយ អេនណា ជាបេក្ខភាពជើងខ្លាំងម្នាក់ក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2023 ឆ្ពោះទៅការដណ្តើមមកុដតម្លៃ ២៧ ម៉ឺនដុល្លារ។ ខណៈការប្រកួតនឹងមកដល់នៅខែសីហាខាងមុខនេះ អេនណា ថា នាងបានត្រៀមខ្លួនជាស្រេចហើយ ទាំងឈុតតំណាងជាតិ និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។ បច្ចុប្បន្ន នាងក៏កំពុងហ្វឹកហាត់បន្ថែមលើ Q&A ផងដែរ។

បេក្ខភាព Miss Grand តំណាងខេត្តក្រចេះ បានឱ្យដឹងថា នាងរៀនចប់ថា្នក់ទី ១២ ហើយតាមគម្រោងនាងត្រូវចេញទៅរៀនបន្តនៅប្រទេសនូវែលហ្សេឡង់ ជាមួយក្រុមគ្រួសារខាងឪពុក ប៉ុន្តែដោយសារចិត្តស្រលាញ់វិស័យបវរកញ្ញាខ្លាំង និងដើរតាមក្តីស្រមៃរបស់ខ្លួនឯង នាងក៏សម្រេចចិត្តពន្យាពេលទៅរៀននៅនូវែលហ្សេឡង់សិន ដើម្បីចូលប្រកួត Miss Grand Cambodia 2023 នេះ រួចទើបត្រឡប់ទៅរៀនវិញតាមការសន្យារជាមួយឪពុក។ «សម្រាប់គម្រោងពីមុនដែលធ្លាប់បាននិយាយជាមួយប៉ាហើយថា ប្រកួតចប់ ជាប់ឬមិនជាប់គឺខ្ញុំត្រឡប់ទៅរៀនវិញ»។


ស្រីស្អាត កុយ អេនណា បន្ថែមថា នាងឡើងចុះៗប្រទេសនូវែលហ្សេឡង់រយៈពេលប្រមាណ ៣ ឆ្នាំហើយ ដោយសារក្រុមគ្រួសារឪពុករស់នៅទីនោះ។ បេក្ខភាពកំពុងលេចធ្លោនេះមិនបានបញ្ជាក់ថា នឹងរៀនជំនាញអ្វីឱ្យប្រាកដទេ គ្រាន់តែប្រាប់ថា នឹងទៅរៀនចំណេះជំនាញនៅទីនោះតាមអ្វីដែលចិត្តនាងចង់រៀន។ ដោយឡែក ការសម្រេចចិត្តចូលប្រកួតបវរកញ្ញា គឺដោយសារនាងចង់ដើរតាមក្តីស្រមៃរបស់ខ្លួនឯង និងចិត្តដែលស្រលាញ់វិស័យនេះតាំងយូរមក ហើយនាងគិតថាមិនអាចរង់ចាំពេលវេលាល្អទើបចូលប្រឡងនោះទេ ដូច្នេះក៏សម្រេចចិត្តចូលប្រកួតឆ្នាំនេះតែម្តង ទើបត្រឡប់ទៅរៀនបន្តតាមក្រោយ។


បន្ទាប់ពីបានសិក្សារៀនសូត្រជាមួយគ្រូជំនាញៗរៀបចំដោយស្ថាប័ន Miss Grand Cambodia 2023 អេនណា យល់ថា ការប្រកួតឆ្នាំនេះពិតជាល្អមែនទែន ថែមទាំងមានសន្ទុះគាំទ្រខ្លាំងក្លាទៀតផង ពិសេសការរៀបចំចាត់ចែងរបស់ ND ថ្មី អ្នកស្រី អ៊ឹម សុគន្ធា គ្រប់យ៉ាងល្អ ជាហេតុនាងគិតថាខ្លួនឯងមានសមត្ថភាពអាចធ្វើតាមអ្វីដែលជាត្រូវការរបស់ការប្រកួតបាន។ ស្រីស្អាត កុយ អេនណា រំពឹងលើការប្រកួតនេះត្រឹម ៥០% តែនាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះ៕

























Account
Security
Favourite Content