វីដេអូចម្រៀង «ទេវរាជ» របស់កំពូលតារាចម្រៀង ទេព បូព្រឹក្ស បានចេញជាផ្លូវការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ នេះ និងកំពុងទទួលបានគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី កក្រើកទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលមួយនេះ កើតចេញពីគំនិតផ្ដួចផ្ដើមពីកំពូលតារារ៉េប លោក ជី ដេវីត ជាមួយនឹងភរិយា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

បើនិយាយអំពីឈុតឆាកនៅក្នុងវីដេអូចម្រៀង ដែលចាយទុនអស់ជាង ៣០ម៉ឺនដុល្លារនេះ គឺពិតជាអស្ចារ្យខ្លាំង។ ប្លង់នីមួយៗពោរពេញដោយភាពច្នៃប្រឌិត ដោយយករចនាបទបុរាណខ្មែរ មកបញ្ចូលគ្នាជាមួយសម័យទំនើប បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ សម្រាប់បទចម្រៀងក្នុងស្រុក គឺអាចទុកថាជាវីដេអូដ៏កំពូលមួយ។ ជាពិសេសការប្រើបច្ចេកវិទ្យា CGI (Computer-generated imagery) ដើម្បីបង្កើតបានជារូបភាពនិម្មិតដ៏អស្ចារ្យ ក្នុង MV មួយនេះ។ ក្នុងនោះប្លង់នាគរាជបញ្ចេញឬទ្ធីបារមី នៅប្រាសាទអង្គរ និង ប្រាសាទកោះកេរ ក្នុងបទចម្រៀង គឺពិតស្អាតខ្លាំង ដូចរូបភាពពិតៗ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជន។


តើនរណាជាអ្នកនៅពីក្រោយការបង្កើតរូបភាពដ៏អស្ចារ្យ ដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រនេះ? លោក យក់ ស៊ីវ៉ាល់រី គឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ Project MV បទទេវរាជនេះ។

ប្រាប់មកកាន់បណ្ដាញសារព័ត៌មាន AMS-Infotainment នៅថ្ងៃ អង្គារ៍ ទី២៨ ឧសភា នេះ យក់ ស៊ីវ៉ាល់រី បានឱ្យដឹងថា លោក គឺជាប្រធានផ្នែក CGI សម្រាប់ការបង្កើតរូបភាព 3D, Animation ផ្សេងៗនៅក្នុងបទ ទេវរាជ ព្រមទាំងការបង្កើតរូបភាពស្ដេចនាគ ដែលជារចនាបទខ្មែរទាំងស្រុង ដោយមានការសិក្សាយ៉ាងច្បាស់លាស់។ កិច្ចការមួយនេះមិនអាចធ្វើដោយគ្មានឯកសារ គ្មានតឹកតាង មកបញ្ជាក់បានឡើយ ទម្រាំអាចបង្កើតរូបភាពមួយ ដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ ឱ្យក្លាយជារូបនាគរាជដ៏រស់រវើ់កមួយ គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។


លោក យក់ ស៊ីវ៉ាល់រី បានបន្តឱ្យដឹងទៀតថា ពេលដែលទទួលបាន Project មួយនេះ គឺលោកបានពិភាក្សាជាមួយ Director ថាចង់បានរូបភាពនាគរាជក្នុងទម្រង់បែបណា ដើម្បីកុំឱ្យខុសពីរចនាបទនាគខ្មែរ។ បែបនេះហើយ ទើបលោក និង Director បានសិក្សាស្រាវជ្រាវ និងឆ្លងមតិយោបល់ជាមួយសាស្ត្រាចារ្យ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ ដើម្បីចៀសវាងកុំឱ្យមានកំហុសឆ្គងណាមួយ ដែលខុសពីរចនាបទខ្មែរ។ ជាក់ស្ដែងទម្រង់ខ្លួននាគ គឺលោកបានសិក្សាតាមរយៈចម្លាក់នាគរាជ នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ ចំណែកឯព្រះកេសនាគ ព្រមទាំង ពន្លឺឆព័ន្ធរង្សី ទម្រង់ជាស្លឹកពោធិ៍ នៅពីក្រោយព្រះកេសនាគ គឺសិក្សា និងដកស្រង់ពីព្រះកេសនាគ នៅឯប្រាសាទអង្គរ។

ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺពិតជាលម្អិត ផ្ចិតផ្ចង់ ជាទីបំផុត មុននាគរាជមួយ អាចក្លាយជារូបភាពដ៏អស្ចារ្យ។ ជាក់ស្ដែងព្រះកេសនាគទាំង ៧នេះ គឺត្រូវការសិក្សាយ៉ាងលម្អិត។ ដំបូងឡើយ លោក យក់ ស៊ីវ៉ាល់រី ត្រូវបង្កើតរូបនាគ ជាមួយនឹងព្រះកេសមួយឱ្យត្រូវសិន ទើបជំហានបន្ទាប់ទៅបង្កើតព្រះកេស ៦ផ្សេងទៀត ឱ្យក្លាយជានាគរាជព្រះកេស ៧។ ក្រោយពេលបង្កើតបានទម្រង់រូបរាងនាគរាជ ទាំងព្រះកេស ទាំងខ្លួន ទាំងកន្ទុយ ត្រឹមត្រូវតាមរចនាបទខ្មែរអស់ហើយ ទើបលោកទម្លាក់បន្តទៅកាន់ក្រុមការងាររចនា ដើម្បីបន្ថែមពណ៌ បន្ថែមស្បែក និងស្រកាឱ្យមើលទៅ គឺដូចពិតៗ មានឬទ្ធីអំណាចបារមី។


ពោលស្នាដៃដ៏ប្រណីតនេះ គឺកើតចេញពីទេពកោសល្យ និងភាពប៉ិនប្រសប់ បូករួមនឹងគំនិតច្នៃប្រឌិត ទើបអាចឱ្យសមិទ្ធផលមួយនេះទទួលបានការគាំទ្រលើសពីការស្មាន។ យ៉ាងណាមិញកិច្ចការមួយនេះក៏មិនអាចទៅដោយរលូនបានដែរ ប្រសិនបើមានតែ លោក យក់ ស៊ីវ៉ាល់រី គឺនៅមានក្រុមការងារជំនាញផ្សេងៗជាច្រើនរូបទៀត ដូចជាលោក សម័យ ម៉ុងឌីណា ក្រុមការងារផ្នែក Modeling Artist។

លោក សម័យ ម៉ុងឌីណា ក្រុមការងារផ្នែក Modeling Artist
លោក យក់ ស៊ីវ៉ាល់រី បច្ចុប្បន្នជា Director មកពីសិល្បស្ទូឌីយោ (Sil Studio) ហើយលោកជាប្រធានផ្នែក CGI ក្នុងវីដេអូចម្រៀងទេវរាជ។ នេះក៏មិនមែនជាលើកទី១ឡើយ សម្រាប់ការបង្កើតរូបភាពបែប 3D, Animation ក្នុងបទចម្រៀង កន្លងទៅលោកក៏ជាអ្នកនៅពីក្រោយការបង្កើតរូបភាព 3D តួអង្គលោក G-Devith ក្នុងបទ Goblin ផងដែរ៕


ទស្សនាបទ ទេវរាជ៖
ទស្សនាបទ Goblin៖























Account
Security
Favourite Content