ក្រុមចម្រៀងខេប៉ុបចាស់វស្សា Super Junior បានប្រកាសនៅថ្ងៃសុក្រ ទី៧ ខែមិថុនានេះថាពួកគេនឹងធ្វើការត្រលប់មកវិញ ជាមួយបទចម្រៀងថ្មីមានចំណងជើងថា “Show Time” ជាការអបអរខួប ១៩ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេ ដោយបទនេះនឹងចេញជាផ្លូវការនៅថ្ងៃទី១១ ខែមិថុនា។


បន្ទាប់ពីចេញបទថ្មីនេះដែរ សមាជិកក្រុម Super Junior នឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេមានឈ្មោះថា “SUPER SHOW SPIN-OFF: Halftime” ដោយឆាកដំបូងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល នៅថ្ងៃទី ២២ និង ២៣ ខែមិថុនា រួចហើយនឹងបន្តទៅទីក្រុងផ្សេងៗទៀតដូចជាទីក្រុងបាងកក ហូជីមិញ សិង្ហបុរី គូឡាឡាំពួ តៃប៉ិ ហុងកុង និងហ្សាការតា។
គួរបញ្ជាក់ថា ការ Comeback លើកនេះនឹងជាការវិលត្រលប់ជុំគ្នាលើកដំបូងរបស់ក្រុម Super Junior ក្នុងរយៈពេលជាងមួយឆ្នាំកន្លះ បន្ទាប់ពីពួកគេបានចេញបទចម្រៀងរួមគ្នាលើកចុងក្រោយគឺបទ “Celebrate” សម្រាប់រដូវកាលបុណ្យគ្រិស្តម៉ាសកាលពីឆ្នាំ២០២២។

ក្រុមចម្រៀងបុរសដ៏ល្បីរបស់ផលិតកម្ម SM Entertainment មួយនេះបង្ហាញខ្លួនដំបូងតាំងឆ្នាំ២០០៥ ជាមួយសមាជិកសរុប ១៣នាក់ ខណៈបច្ចុប្បន្ននៅសល់សមាជិកសកម្មចំនួន ៩នាក់ និងត្រូវបានចាត់ទុកថាជាក្រុមចម្រៀងដែលមានអាយុកាលយូរបំផុតមួយសម្រាប់វិស័យខេប៉ុប។ កាលពីថ្ងៃទី២៦ ខែឧសភា សមាជិក SJ គ្រប់គ្នាបានបង្ហាញវត្តមានក្នុងពិធីមង្គលការរបស់មិត្តរួមក្រុម Ryeo Wook និងបានសម្ដែងបទល្បីរបស់ពួកគេគឺបទ “Sorry Sorry” ជាចំណងដៃថែមទៀត ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងកោតសរសើរចំពោះទំនាក់ទំនងរឹងមាំយូរអង្វែងរបស់ពួកគេ ៕

























Account
Security
Favourite Content