នៅសល់ត្រឹមមួយខែទៀតប៉ុណ្ណោះឆ្នាំ ២០២៣ នឹងកន្លងផុត ហើយសម្រាប់វិស័យខេប៉ុបនៅឆ្នាំនេះអាចនិយាយបានថាមានរឿងកើតឡើងជាច្រើន ជាពិសេសនៅក្នុង big 4 ឬផលិតកម្មបងធំទាំងបួននៅក្នុងវិស័យនេះ។ ថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកក្រឡេកបកក្រោយទាំងអស់គ្នាថាតើនៅក្នុងឆ្នាំ ២០២៣ របស់ផលិតកម្មធំទាំង ៤នេះមានហេតុការណ៍សំខាន់អ្វីខ្លះបានកើតឡើង!
១. SM Entertainment
ចាប់ផ្ដើមមុនគេគឺផលិតកម្ម SM Entertainment ដែលបើសិនជាឲ្យរកពាក្យមួយឃ្លាមកពណ៌នាឱ្យសក្ដិសមនោះគឺប្រហែលជាពាក្យ The End of Era។ រឿងធំបំផុតសម្រាប់ SM ក្នុងឆ្នាំនេះបានចាប់ផ្ដើមនៅពេលដែលថ្នាក់ដឹកនាំរបស់ផលិតកម្មបានបាក់បែកចែកចេញជា ២ ក្រុម ដោយក្រុមនីមួយៗសុទ្ធតែបានលក់ភាគហ៊ុនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនធំៗដែលចង់ចូលមកគ្រប់គ្រង SM ពោលគឺក្រុមហ៊ុន Kakao Entertainment និង HYBE Corporation។

បន្ទាប់ពីមានព័ត៌មានលេចឮជាច្រើន ហើយភាគីនីមួយៗក៏បានចេញវីដេអូវាយប្រហារគ្នាទៅវិញទៅមក ទីបំផុតភាគី HYBE ក៏ព្រមដកថយហើយលក់ភាគហ៊ុនដែលខ្លួនទិញពីលោក Lee Sooman ទាំងអស់ទៅឱ្យខាង Kakao ដែលនាំឱ្យមានការផ្លាស់ប្ដូរ CEO ឈុតថ្មីរួមទាំងការអស់អំណាចរបស់ Lee Sooman និងក្រុមការងារចាស់ៗជាច្រើននាក់។ បន្ទាប់ពីនោះយុទ្ធសាស្ត្រ SM 3.0 ក៏ចាប់ផ្ដើមដំណើរការ១០០% ដោយមានការផ្លាស់ប្ដូររបៀបគ្រប់គ្រងជាច្រើន តួយ៉ាងដូចជា៖
- សិល្បករទទួលបានការរឹតបន្តឹងតិចជាងមុន និងមានសេរីភាពជាងពេលមុនៗ
- សិល្បករដែលបានបាត់មុខមួយរយៈក៏បានធ្វើការ Comeback មកវិញជាច្រើន មិនថាក្រុម SHINee រួមទាំងសកម្មភាពទោលរបស់ Taemin
- ក្រុម EXO ដែលមានសមាជិក ៣នាក់ប្ដឹងបញ្ចប់កុងត្រា ចុងក្រោយក៏អាចដោះស្រាយរឿងទាំងអស់ ហើយវិលមករួមការងារក្រុមជាមួយគ្នាជាថ្មី។
- ចំណែកក្រុម Red Velvet ដែលទោះបីមិនទាន់ច្បាស់អំពីការបន្តកុងត្រាប៉ុន្តែក៏បានធ្វើការ Comeback
- ហើយក្រុម aespa ក៏មានការផ្លាស់ប្ដូរឈុតធំដោយលែងមាន Concept ចក្រវាល SMCU និងសមាជិកតុក្កតាហើយបទចម្រៀងដែលមានបញ្ហារាំងស្ទះមិនអាចចេញបានកន្លងមកក៏ត្រូវបានកែច្នៃយកមក Comeback បានយ៉ាងជោគជ័យ។
- ចំណែកក្រុម NCT ឆ្នាំនេះក៏ឃើញថាមានសកម្មភាពគ្រប់ Subunit រួមទាំងការបង្កើត Subunit ថ្មីនៅជប៉ុន ដែលបានក្លាយជា Subunit ចុងក្រោយរបស់ក្រុម ដោយសារសមាជិក២រូបគឺ Shotaro និង Sungchan ត្រូវបានផ្ទេរទៅក្រុមថ្មីឈ្មោះ Riize ដែលបានធ្វើការ Debut ជាមួយបទ “Get a Guitar” និងទទួលបានជោគជ័យជាខ្លាំង។




សរុបជារួម SM ឆ្នាំនេះបានវិវត្តទៅរកភាពល្អប្រសើរជាងមុន បន្ទាប់ពីរងបញ្ហាធ្ងន់ធ្ងរខ្លាំងនៅដើមឆ្នាំ។
២. YG Entertainment
មកនិយាយពីផលិតកម្ម YG វិញម្ដងដែលកាលពីឆ្នាំមុនក៏ចាប់ផ្ដើមមានការរង្គោះរង្គើខ្លះទៅហើយ ប៉ុន្តែបើឆ្នាំនេះវិញគឺអាចនិយាយបានថាមានរឿង Drama ធ្ងន់ឥតឈប់ច្រើនជាងឆ្នាំមុនទៅទៀត។ ចាប់ផ្ដើមជាមួយរឿងល្អៗមុន ការចេញអាល់ប៊ុមរបស់ AKMU និងអាល់ប៊ុមរបស់ Jeon Somi ដែលជាសិល្បករក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Black Label គឺសុទ្ធតែទទួលបានជោគជ័យជាខ្លាំង។


មួយទៀតដែលគួរឲ្យចាប់អារម្មណ៍គឺ YG បានចេញមកទទួលស្គាល់ថាកន្លងមកពួកគេបានចាត់ការគ្រប់គ្រងការងាររបស់ Treasure មិនបានល្អគ្រប់គ្រាន់ឡើយ ហើយក្រោយមកក៏បានបង្កើត Reboot Project ឱ្យក្រុមបានធ្វើការ Comeback ជាថ្មីជាមួយ Concept ថ្មីកាន់តែប្លែកពិសេសជាងមុន ប៉ុន្តែបើសួរថាតើការ Comeback លើកនេះល្អគ្រប់គ្រាន់ដែរឬទេគឺមានតែ Teume (ក្រុមអ្នកគាំទ្រ) ប៉ុណ្ណោះដែលអាចកាត់សេចក្ដីបាន។
ក្រៅពីរឿងដែលបានរៀបរាប់ខាងលើនេះ ឆ្នាំនេះអាចាត់ទុកថាជាឆ្នាំនៃការខាតបង់របស់ YGយ៉ាងពិតប្រាកដ មិនថាសម្រាប់សមាជិក BIGBANG ដែលចុងក្រោយក៏គ្មានអ្នកណាម្នាក់បន្តសន្យាជាមួយផលិតកម្មចាស់ ដូចគ្នាជាមួយក្រុម iKON ដែលសមាជិកទាំងអស់មិនបានបន្តកិច្ចសន្យា ហើយក៏ផ្លាស់ទៅផលិតកម្មថ្មី ខណៈក្រុម WINNER សមាជិកខ្លះក៏បានចូលបំពេញកាតព្វកិច្ចយោធាដែលមិនអាចមានសកម្មភាពជាក្រុមបាន។

អាចនិយាយបានថាចំណូលធំរបស់ផលិតកម្មគឺអាស្រ័យលើក្រុមចម្រៀងតែមួយប៉ុណ្ណោះគឺ BLACKPINK ដោយក្នុងនោះការប្រគំតន្ត្រីទេសចរណ៍ Born Pink បានបង្កើតប្រាក់ចំណូលយ៉ាងមហាសាល ហើយ BLACKPINK ក៏បានឈ្នះរង្វាន់ធំពី កម្មវិធី MTV Music Award ទៀតផង។ ក៏ប៉ុន្តែរឿងដែលក្លាយជាប្រធានបទក្ដៅបំផុតនោះគឺ ព័ត៌មានអំពីការបន្តកុងត្រារបស់សមាជិកក្រុម ដែលមានបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើនចាប់តាំងពីដើមឆ្នាំមកហើយក៏គ្មានសញ្ញាវិជ្ជមានអ្វីទាល់តែសោះរហូតដល់ខែសីហា ដែលជាពេលផុតកំណត់កុងត្រា។ កន្លងផុតជាច្រើនខែរហូតមកដល់ពេលនេះ Blink គ្រប់គ្នាក៏មិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីផលិតកម្មដែលធ្វើឱ្យអនាគតក្រុមនេះនៅស្ថិតនៅក្នុងស្ថានភាពស្រពេចស្រពិល។ ដោយសារប្រាក់ចំណូលទាំងអស់ក្នុងឆ្នាំនេះស្ទើរតែមកពីក្រុម BLACKPINK តែមួយ ដូច្នេះការដែល YG លែងមាន BLACKPINK តទៀតនោះ អនាគតពិតជាគួរឱ្យបារម្ភខ្លាំង។

ទោះយ៉ាងណាក៏មិនមែនមានន័យថា YG លែងមានសង្ឃឹមផ្សេងទៀតនោះដែរ ព្រោះពួកគេនៅមាន Project ថ្មីគឺ Baby Monster ដែលបានចាប់ផ្ដើមប្រម៉ូតយ៉ាងគគ្រឹកគគ្រេងតាំងពីដើមឆ្នាំ មានទាំងវីដេអូឃ្លីប និងកម្មវិធី Survival ឱ្យអ្នកគាំទ្រតាមដានថាតើសមាជិកណាខ្លះនឹងអាច Debut រហូតនៅសល់សមាជិកត្រឹម ៧នាក់ចុងក្រោយ។ បន្ទាប់ពីពន្យារពេល Debut ម្ដងមក YG ក៏ចាប់ផ្ដើមបញ្ចេញ Teaser ណែនាំសមាជិកម្ដងមួយៗហើយទីបំផុត Baby Monster ក៏ត្រូវបានប្រកាសថានឹងបង្ហាញខ្លួនផ្លូវការក្នុងខែវិច្ឆិកា ដែលគ្រប់គ្នារំពឹងថាពួកគេនឹងមកអង្រួនវិស័យខេប៉ុបឱ្យកក្រើករញ្ជួយជាក់ជាមិនខាន។

ប៉ុន្តែជិតបាន Debut ទៅហើយ YG បែរជាប្រកាសដំណឹងឱ្យអ្នកគាំទ្រសេដជាថ្មី ដោយសមាជិក Ahyeon នឹងមិនអាចចូលរួមក្នុងការបង្ហាញខ្លួនលើកដំបូងនេះបានឡើយដោយសារបញ្ហាសុខភាព ខណៈមានពាក្យចចាមអារ៉ាមថានាងត្រូវបានដកចេញពីក្រុមហើយ។ ខណៈគេមិនទាន់ដឹងច្បាស់ពីអនាគតរបស់ Ahyeon អ្វីដែលអ្នកគាំទ្រ YG អាចធ្វើបាននៅពេលនេះប្រហែលជាគ្មានអ្វីក្រៅពីផ្ដល់ការគាំទ្រ និងបន់ស្រន់ឱ្យការ Debut របស់ Baby Monster ទទួលបានជោគជ័យសិននោះទេ ព្រោះបើមិនដូច្នោះទេអនាគតរបស់ YG ពិតជាគួរឱ្យបារម្ភខ្លាំង។
៣. JYP Entertainment

សម្រាប់ JYP គឺនៅតែដូចឆ្នាំមុនៗដដែល ដោយបានបញ្ចេញអាល់ប៊ុមថ្មីៗឱ្យសិល្បកររបស់ខ្លួនឥតឈប់ឈរ។ រាប់ចាប់ពីក្រុមបងស្រីធំ TWICE ដែលមានទាំងការ Comeback ជាក្រុម អាល់ប៊ុមទោលរបស់ Jihyo និង Subunit ដែលផ្ដោតលើសកម្មភាពនៅប្រទេសជប៉ុនគឺសុទ្ធតែទទួលបានការគាំទ្រច្រើនទាំងអស់ បូករួមទាំង World Tour ក៏បានកើបចំណូលឱ្យក្រុមហ៊ុនបានយ៉ាងមហាសាល រហូត JYP ដាក់គម្រោងសាងសង់អគារថ្មីនៅឆ្នាំក្រោយនេះតែម្ដង។

ចំណែកក្រុម Stray Kids ក៏បានក្លាយជាក្រុមល្បីលំដាប់ពិភពលោកជាផ្លូវការ ដោយបានឈ្នះពានរង្វាន់ Best K-pop ពីកម្មវិធី MTV Video Music Awards, ការ Comeback នៅកូរ៉េក៏បានបំបែកកំណត់ត្រាជាច្រើន និងអាចដណ្ដើមបានចំណាត់ថ្នាក់លេខ១លើ Billboard 200។ រីឯសកម្មភាពនៅជប៉ុនក៏ទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាដែររហូតត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីធំរបស់ជប៉ុន។


សម្រាប់ក្រុមផ្សេងៗក្នុងផលិតកម្ម ITZY ក៏បានមានសកម្មភាពនៅ៣ប្រទេសរួមទាំង World Tour ដែលទទួលបានភាពជោគជ័យដូចគ្នា។ ចំណែកក្រុម NMIXX ក៏ចាប់ផ្ដើមទទួលបានការគាំទ្ររហូតបានឈ្នះពានក្នុងកម្មវិធីតន្ត្រីជាលើកដំបូង។ រីឯក្រុមនារីជប៉ុន NiziU ក៏បានចេញបទចម្រៀងនៅកូរ៉េជាលើកដំបូងនៅឆ្នាំនេះហើយក៏អាចឈ្នះពានរង្វាន់ពីកម្មវិធីតន្ត្រីដោយចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យឆ្នាំនេះក្រុមនារីគ្រប់ក្រុមរបស់ JYP សុទ្ធតែអាចដណ្ដើមបានពានរង្វាន់ពីកម្មវិធីតន្ត្រីទាំងអស់គ្នា។
នៅឆ្នាំនេះ JYP ក៏បានរៀបចំកម្មវិធីប្រកួត Audition ដល់ទី២កម្មវិធី ដោយទី១គឺកម្មវិធី A2K ដែលធ្វើការស្វែងរកសមាជិកក្រុមចម្រៀងនៅអាមេរិក ហើយទីបំផុតក៏បង្កើតបានជាក្រុម Vcha។ កម្មវិធីមួយទៀតគឺ Nizi Project រដូវកាលទី២ ដែលលើកនេះគឺបានធ្វើការជ្រើសរើសសមាជិកក្រុមបុរសនៅជប៉ុន ហើយនឹងជ្រើសរើសបាន Lineup ចុងក្រោយក្នុងពេលឆាប់ៗ ខណៈដែលក្រុមចម្រៀងថ្មីទាំង២នេះមានគម្រោង Debut ផ្លូវការនៅឆ្នាំ២០២៤។

ទោះយ៉ាងណាក៏មិនមែនមានតែរឿងល្អៗដូចគ្នា ព្រោះ JYP នៅតែមានកំហុសឆ្គងដដែលៗដូចជា Theme សម្រាប់បទចម្រៀងមិនសូវមានការ Update ហើយក៏មិនមានការ Debut ក្រុមបុរសថ្មីៗតាំងពីឆ្នាំ២០២១ ខណៈ Project ក្រុម LOUD ដែលជ្រើសរើសបានសមាជិក ៥នាក់ក៏មិនមានព័ត៌មានអាប់ឌែតអ្វីរយៈពេល ២ឆ្នាំពេញរហូតសមាជិកម្នាក់បានដកខ្លួនចេញ។
៤. HYBE Corporation

ចុងក្រោយគេគឺគ្មានអ្នកណាឡើយក្រៅពី HYBE Corporation ដែលជាផលិតកម្មធំជាងគេប្រចាំជំនាន់ និងនៅតែរក្សាបានភាពជោគជ័យធំៗរបស់ខ្លួនជាបន្ត ព្រោះបើទោះបីជាឆ្នាំនេះ BTS មិនមានសកម្មភាពជាក្រុមរួមគ្នាប៉ុន្តែសមាជិកដែលមិនទាន់ចូលបំពេញកាតព្វកិច្ចយោធាក៏បានចេញអាល់ប៊ុមទោលម្ដងម្នាក់ៗមិនឱ្យ ARMY អផ្សុកនោះឡើយ ហើយអាល់ប៊ុមមួយៗសុទ្ធតែទទួលបានភាពជោគជ័យនៅកម្រិតខ្ពស់ទាំងអស់។



ចំណែកក្រុម SEVETEEN ក៏បានឡើងមកកាន់តំណែង Boy Group លំដាប់ Top យ៉ាងពិតប្រាកដទាំងនៅកូរ៉េ និងនៅជប៉ុន តាមពីក្រោយជាប់ៗគ្នាដោយ TOMORROW X TOGETHER និង ENHYPENs ដែលនៅតែអាចបំបែកកំណត់ត្រាការលក់អាល់ប៊ុមឥតឈប់ឈរ។ មិនតែប៉ុណ្ណោះផលិតកម្ម Belift Lab ដែលមើលថែ ENHYPEN ក៏បានក្លាយជារបស់ HYBE ១០០%ហើយដែរក្នុងឆ្នាំនេះ។


ងាកមកមើលក្រុមនារីវិញ LE SSERAFIM និង NewJeans ក៏បានចេញបទចម្រៀង Hit Hit ជាហូរហែរ ថែមទាំងមាន Project សហការជាមួយប្រេនលំដាប់ពិភពលោកជាច្រើនផងដែរ។
សម្រាប់ការ Debut ថ្មីក៏មានក្រុម Boys Next Door ដែលបានក្លាយជាក្រុមចម្រៀងគួរឱ្យចាប់អារម្មណ៍បំផុតមួយ ព្រមទាំងមានកម្មវិធីប្រកួតប្រជែងជ្រើសរើសក្រុមចម្រៀងនារីថ្មីបានចំនួន២ ដោយក្រុមទី១ គឺក្រុម I’LL (LIKE) IT និងក្រុមចម្រៀងនារីអន្តរជាតិ KATSEYE ដោយក្រុមទាំងពីរមានគម្រោង Debut នៅឆ្នាំក្រោយ។

រឿងដែលគួររីករាយមួយទៀតគឺការដែល HYBE បានត្រូវរ៉ូវគ្នាវិញជាមួយទូរទស្សន៍ MBC ដែលធ្លាប់មានរឿងយល់ច្រឡំជាមួយគ្នាកាលពីប៉ុន្មានឆ្នាំមុន ហើយទីបំផុតខាង MBC ក៏បានចេញមុខសុំទោសមុន។ ដូច្នេះមានន័យថាតទៅនេះយើងនឹងអាចឃើញសិល្បកររបស់ HYBE បង្ហាញខ្លួនក្នុងកម្មវិធី Music Core និងកម្មវិធីប្រគំតន្ត្រីចុងឆ្នាំរបស់ MBC។

ប៉ុន្តែទន្ទឹមនឹងនេះក៏មានរឿងគួរឱ្យបារម្ភខ្លះដែរ ដូចជាករណីក្រុម fromis9 ដែលត្រូវបានពន្យារពេល Comeback យ៉ាងអាថ៌កំបាំង ហើយសមាជិកខ្លះក៏បានបាត់មុខមួយរយៈធំ ប៉ុន្តែជាសំណាងល្អដែលចុងក្រោយពួកគេបាន Comeback ជាមួយអាល់ប៊ុមពេញដំបូងទាំងអស់គ្នាវិញ។ លើសពីនេះ ក្រុមបុរស Trainee A ដែលធ្លាប់មានគម្រោង Debut នៅឆ្នាំនេះក៏ត្រូវរំសាយចោលវិញ ហើយសមាជិកក្នុង Project នេះក៏ត្រូវចែកផ្លូវគ្នារៀងៗខ្លួន។ ការពង្រីកខ្លួនឥតឈប់ឈររបស់ HYBE ក៏ត្រូវបានគេមើលឃើញថាជារឿងគួរឱ្យបារម្ភផងដែរសម្រាប់វិស័យខេប៉ុប ព្រោះបច្ចុប្បន្ន HYBE បានក្លាយជាក្រុមហ៊ុនធំជាងគេស្រាប់ទៅហើយ ដូច្នេះការព្យាយាមលេបយកក្រុមហ៊ុនធំផ្សេងទៀត ដូចជាការទិញយកភាគហ៊ុន SM កាលពីដើមឆ្នាំបានធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភ ព្រោះវាអាចនឹងធ្វើឱ្យលែងមានការប្រកួតប្រជែងក្នុងវិស័យនេះ ៕























Account
Security
Favourite Content