ក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង Seventeen បានប្រកាសចេញអាល់ប៊ុមខ្នាតពេញថ្មីមានចំណងជើងថា “Happy Burstday” ដើម្បីអបអរសាទរខួបគម្រប់ ១០ ឆ្នាំនៃការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ។

ទីភ្នាក់ងាររបស់ពួកគេគឺផលិតកម្ម Pledis Entertainment បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមេសានេះថា ក្រុមចម្រៀងជួរមុខមួយនេះនឹងបញ្ចេញអាល់ប៊ុមថ្មីដែលជាអាល់ប៊ុមខ្នាតពេញទីប្រាំរបស់ខ្លួនមានចំណងជើងថា “Happy Burstday” ហើយអាល់ប៊ុមនេះដែរនឹងក្លាយជាអាល់ប៊ុមខ្នាតពេញដំបូងរបស់ពួកគេក្រោយរយៈពេលប្រហែល ៣ ឆ្នាំ បន្ទាប់ពីអាល់ប៊ុម “Face the Sun” ដែលបានចេញតាំងពីឆ្នាំ ២០២២។
សម្រាប់ចំណងជើងអាល់ប៊ុម “Happy Burstday” ត្រូវបានផលិតកម្មបកស្រាយថាគឺជាការរួមបញ្ចូលគ្នានូវពាក្យ “ថ្ងៃកំណើត” និងពាក្យ “ផ្ទុះ” ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់សមាជិកក្រុមដើម្បីបង្កើតក្រុម Seventeen ជាមួយរូបភាពថ្មី។ អាល់ប៊ុមនេះត្រូវបានកំណត់ចេញផ្សាយនៅថ្ងៃទី ២៦ ខែឧសភា ជាកាលបរិច្ឆេទដូចគ្នាដែលក្រុមនេះបានចេញមុខជាលើកដំបូងកាលពីមួយទសវត្សរ៍មុន។
ទីភ្នាក់ងារដដែលបានរៀបរាប់ថា Seventeen នឹងផ្សារភ្ជាប់ទំនាក់ទំនងជាមួយ Carats ដែលជាអ្នកគាំទ្ររបស់ពួកគេទូទាំងពិភពលោកតាមរយៈមាតិកាផ្សេងៗគ្នា រួមទាំងអាល់ប៊ុមខ្នាតពេញទីប្រាំ និងការសម្តែងពិសេសៗជាច្រើនដើម្បីអបអរសាទរខួប ១០ ឆ្នាំពួកគេ ។
មុនចេញអាល់ប៊ុមថ្មី ក្រុមចម្រៀងប្រុសដែលមានសមាជិក ១៣ នាក់មួយនេះក៏នឹងមានការរៀបចំព្រឹត្តិការណ៍ជួបសំណេះសំណាលសម្រាប់អ្នកគាំទ្រជប៉ុន នៅទីក្រុង Osaka ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសា និងនៅទីក្រុង Saitama ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ៕




























Account
Security
Favourite Content