SEVENTEEN កំពុងឈរនៅកំពូលតារាងតន្ត្រីជុំវិញពិភពលោកជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេ!


កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ក្រុមចម្រៀងពីក្រុមហ៊ុន Pledis Entertainment គឺ SEVENTEEN បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេមានចំណងជើងថា “HAPPY BURSTDAY”។
នៅថ្ងៃបន្ទាប់តារាងទិន្នន័យតន្ត្រីកូរ៉េ Hanteo ក៏បានប្រកាសឱ្យដឹងថាអាល់ប៊ុមនេះអាចលក់បានសរុបចំនួន ២,២៦ លានច្បាប់នៅថ្ងៃដំបូង។ មិនត្រឹមតែក្លាយជាអាល់ប៊ុមលក់ដាច់ខ្ពស់បំផុតក្នុងថ្ងៃដំបូងក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែ “HAPPY BURSTDAY” ក៏ជាអាល់ប៊ុមដំបូងផងដែរក្នុងឆ្នាំនេះដែលអាចលក់បានលើសពី ២ លានច្បាប់ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ។
ទន្ទឹមនឹងនេះ បទចម្រៀងនាំមុខក្នុងអាល់ប៊ុមគឺបទ “THUNDER” បានបង្ហាញខ្លួនដំបូងនៅចំណាត់ថ្នាក់លេខ ៧ នៅលើតារាង Melon’s Top 100 ហើយក៏បានឡើងចំណាត់ថ្នាក់បន្តបន្ទាប់រហូតដល់ចំណាត់ថ្នាក់លេខ ១ នៅពាក់កណ្តាលអធ្រាត្រថ្ងៃដដែល។ មិនត្រឹមតែបទ “THUNDER” ប៉ុន្តែបទចម្រៀងថ្មីចំនួនប្រាំមួយបទពីអាល់ប៊ុម “HAPPY BURSTDAY” បានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top 10 ខណៈបទចម្រៀងទោលរបស់សមាជិកទាំងអស់ពីអាល់ប៊ុមបានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top 30។
លើសពីនេះ អាល់ប៊ុម “HAPPY BURSTDAY” ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums យ៉ាងហោចណាស់ ១៥ ប្រទេសនិងតំបន់ជុំវិញពិភពលោក ខណៈដែល បទ “THUNDER” បានឈានដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ១៣ ប្រទេសនិងតំបន់។
អាល់ប៊ុមដដែលនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាង Line Music នៅប្រទេសជប៉ុន និងតារាងអាល់ប៊ុមលក់ដាច់បំផុតប្រចាំថ្ងៃរបស់ QQ Music នៅក្នុងប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា “HAPPY BURSTDAY” គឺជាអាល់ប៊ុមខ្នាតពេញទី៥ របស់ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះ និងត្រូវបានចេញក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេតែម្ដង។ នេះជាអាល់ប៊ុមខ្នាតពេញដំបូងរបស់ពួកគេក្រោយរយៈពេលប្រហែល ៣ ឆ្នាំ បន្ទាប់ពីអាល់ប៊ុម “Face the Sun” បានចេញតាំងពីឆ្នាំ ២០២២ ៕



























Account
Security
Favourite Content