វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបញ្ចេញចំណាត់ថ្នាក់ក្រុមចម្រៀងខេប៉ុបមានប្រជាប្រិយភាពបំផុតក្នុងខែនេះ ដោយផ្អែកតាមការបូកសរុបទិន្នន័យនានាដូចជាការស្ដាប់និងទស្សនាចម្រៀង ការបង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសហគមន៍ ចាប់ពីពាក់កណ្ដាលខែសីហាដល់ពាក់កណ្ដលកញ្ញា។

សម្រាប់ផ្នែកក្រុមនារី ចំណាត់ថ្នាក់លេខ១ គឺនៅតែជា aespa ពីផលិតកម្ម SM Entertainment ដោយទទួលបានសន្ទស្សន៍ប្រជាប្រិយភាពសរុប ៥ លានពិន្ទុ ខណៈពួកគេកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ហើយបទចម្រៀង “Supernova” នៅតែជាបទដែលទទួលការគាំទ្រច្រើន។


ចំណែកក្រុម IVE របស់ផលិតកម្ម Starship ក៏នៅតែរក្សាបានចំណាត់ថ្នាក់កំពូលទី២ ដដែលក្នុងខែនេះជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៣,៦ លានពិន្ទុ ដោយកើនឡើងជិត ១៥ ភាគរយធៀបនឹងខែមុន ស្របពេលក្រុម LE SSERAFIM ដែលទើបតែធ្វើការ Comeback ជាមួយបទចម្រៀងថ្មី “Crazy” បានឡើងពីចំណាត់ថ្នាក់លេខ ៥ កាលពីខែមុន មកចំណាត់ថ្នាក់លេខ៣ ខណៈសន្ទស្សន៍ប្រជាប្រិយភាពរបស់ពួកគេកើនឡើង ៣៣ ភាគរយ ពោលគឺបានដល់ ៣,៥ លានពិន្ទុ។
ចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម (G)I-DLE ជាមួយសន្ទស្សន៍ប្រជាប្រិយភាព ២,៧៧ លាន ស្របពេលចំណាត់ថ្នាក់កំពូលទី៥ បានទៅលើក្រុម Red Velvet ដែលទទួលបានសន្ទស្សន៍ប្រជាប្រិយភាពសរុប ២,៧៥ លានក្នុងខែនេះ។

ក្រឡេកមកមើលក្រុមចម្រៀងបុរសវិញ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម SEVENTEEN ពីផលិតកម្ម Pledis Entertainment ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៣,៣ លានពិន្ទុ ខណៈប្រធានបទពេញនិយមពាក់ព័ន្ធនឹងពួកគេមានដូចជាការចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza នៅប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗ និងការប្រកាសចូលបំពេញកាតព្វកិច្ចយោធារបស់សមាជិក Jeonghan ។


រីឯចំណាត់ថ្នាក់លេខ២ គឺបានទៅលើក្រុមចម្រៀង Stray Kids ពីផលិតកម្ម JYP Entertainment ដែលទទួលបានសន្ទស្សន៍ប្រជាប្រិយភាពសរុប ១,៩ លានពិន្ទុ តាមពីក្រោយដោយក្រុមចម្រៀងជើងចាស់ SHINee ដែលជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ១,៦ លាន។
ចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុមចម្រៀងសមាជិក ១១នាក់ THE BOYZ ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ១,៤ លានពិន្ទុ ខណៈក្រុម BTS ដែលកំពុងបំពេញកាតព្វកិច្ចយោធាបានជាប់ចំណាត់ថ្នាក់លេខ ៥ ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ១,៣ លាន ៕






















































Account
Security
Favourite Content