Sabrina Carpenter នឹងសម្ដែងជាតួឯកស្រី នៅក្នុងភាពយន្តល្ខោនតន្រ្តីថ្មីបំផុសគំនិតចេញពីប្រលោមលោករឿង Alice in Wonderland ខណៈដែលនាងជាអ្នកដាក់សំណើទៅកាន់ផលិតកម្ម Universal Pictures តាំងតែពីឆ្នាំ ២០២៤។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ប្រភពជិតស្និទ្ធម្នាក់បានប្រាប់ទស្សនាវដ្ដី Variety ថា Sabrina Carpenter បានស្នើគំនិតរឿងដែលបំផុសគំនិតចេញពីប្រលោមលោកឆ្នាំ ១៨៦៥ របស់អ្នកនិពន្ធ Lewis Carroll ទៅកាន់ផលិតកម្ម Universal Pictures កាលពីឆ្នាំមុន។ ក្រោយមក ក៏បានលោកស្រី Lorene Scafaria មកសរសេរ និងដឹកនាំរឿងនេះ។
ក្រៅពីតួនាទីជាតួសម្ដែង តារាស្រីវ័យ ២៦ឆ្នាំ ក៏នឹងសហការជាមួយនឹង Marc Platt ក្នុងនាមជាផលិករផងដែរ ខណៈព័ត៌មានលម្អិតផ្សេងទៀត នៅមិនទាន់មានផ្សព្វផ្សាយនៅឡើយ។


ជាក់ស្ដែង តារាអាមេរិករូបនេះមិនមែនថ្មីថ្មោងនៅក្នុងវិស័យភាពយន្តនោះទេ ដោយកន្លងមក នាងក៏ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរួចមកហើយនៅក្នុងវិស័យនេះ រួមមានស្នាដៃសម្ដែងក្នុងរឿងភាគ Adventures in Babysitting ក៏ដូចជាភាពយន្តកុនរឿង The Short History of the Long Road និង Tall Girl ជាដើម។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ Sabrina Carpenter បានបែរមកផ្ដោតលើការធ្វើចម្រៀងវិញ ខណៈពេលថ្មីៗនេះ នាងទើបតែបានឈរឈ្មោះប្រកួតប្រជែងពានរង្វាន់រហូតដល់ទៅ ៦ ពីកម្មវិធី Grammy Awards សម្រាប់អាល់ប៊ុមទី ៧ “Man’s Best Friend” រួមមាន ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ បទចម្រៀងប្រចាំឆ្នាំ និងវីដេអូចម្រៀងឆ្នើមជាដើម៕




























Account
Security
Favourite Content