មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមុននេះបន្តិច តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា បានបង្ហោះឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការនាងថា បទ «មានអ្នកត្រូវការខ្ញុំទេ» ជាស្នាដៃនិពន្ធថ្មីរបស់នាង ត្រៀមនឹងចេញលើទីផ្សារ តែបែរជាបែកធ្លាយជាមុន ដោយត្រូវជនអនាមិកលួចបង្ហោះចែកចាយជាសាធារណៈ។
ម្ចាស់បទ «ហេតុអ្វីយើងបែកគ្នា» រៀបរាប់ថា «[ បន្ទាន់ ] បទ មានអ្នកត្រូវការខ្ញុំទេ ត្រូវបានជនអនាមិក លួចបង្ហោះចែកចាយជាសាធារណៈ ខ្ញុំមិនលើកលែងអោយទេ ព្រោះវាជាញើសឈាមរបស់ខ្ញុំ អាពួកវាខូច កុំអោយវាដេកស្រួលអោយសោះ»។
ការបង្ហោះខាងលើហាក់បញ្ជាក់ឱ្យដឹងថា សូលីកា នឹងមិនលើកលែងឱ្យជនអនាមិកដែលលួចបង្ហោះបទថ្មីរបស់នាងនោះទេ ប៉ុន្តែនាងនៅមិនទាន់បញ្ជាក់ថានាងចាត់វិធានការបែបណានៅឡើយនោះទេ។ ទោះជាយ៉ាងនេះក្តី តារាចម្រៀងរូបស្រស់នេះ មិនបានបញ្ជាក់ហេតុផល ឬដំណើររឿងនៃការបែកធ្លាយបទនោះនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនគាំទ្រឱ្យនាងស្វែងរកជនអនាមិកនោះឱ្យឃើញ។
សូមជម្រាបថា បទ «មានអ្នកត្រូវការខ្ញុំទេ» របស់ ពេជ្រ សូលីកា ទើបបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ និង Channel YouTube ផ្លូវការរបស់នាង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។ ចំណែក បទចម្រៀងដែលបានបែកធ្លាយនោះ ត្រូវបង្ហោះដោយ Channel YouTube ឈ្មោះថា ពេជ្រ សូលីកា – Topic កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្ន ពេជ្រ សូលីកា កំពុងសូមឱ្យមហាជន ជួយ Report Channel ជនអនាមិក ថែមទាំងលើកឡើងថា «អ្នកផុសបទខ្ញុំបន្តពី Channel ជនអនាមិក ក៏មិនរួចខ្លួនដែរ»។
យ៉ាងណាមិញ ពេលនេះយើងនៅមិនទាន់ដឹងថា រឿងរ៉ាវពិតប្រាកដពីក្រោយការបែកធ្លាយបទចម្រៀងនោះទេ មានតែរង់ចាំមើលការធ្វើបច្ចុប្បន្នភាពរបស់ ពេជ្រ សូលីកា៕























Account
Security
Favourite Content