ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ២៧ ខែមករា តារាសម្ដែង Park Ji-hoon បានបើកកកាយអំពីការតស៊ូសម្រកទម្ងន់ជាង ១៥គីឡូដើម្បីរៀបចំខ្លួនដើរតួជាស្ដេច Danjong ក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រថ្មីរឿង The King’s Warden បើទោះបីជាប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

រឿង The King’s Warden ដឹកនាំដោយលោក Jang Hang-jun និយាយពីហេតុការណ៍ក្នុងឆ្នាំ ១៤៥៧ ដោយ Park Ji-hoon ត្រូវដើរតួជាស្ដេច Danjong មហាក្សត្រទី ៦ នាសម័យកាល Joseon។ ក្រោយមក ស្ដេច Danjong ត្រូវបានពូបង្កើតរបស់ព្រះអង្គដណ្ដើមរាជបល្ល័ង្ក និងនិរទេសព្រះអង្គចេញពីរាជវាំង។
ខ្សែភាពយន្តនេះផ្ដោតទៅលើជីវិតចុងក្រោយរបស់ស្ដេច Danjong ជាមួយនឹងតួអង្គដែលមានពិតក្នុងប្រវត្តិសាស្រ្ត គឺ Eom Heung-do សម្ដែងដោយ Yoo Hae-jin ក្លាយជាខ្សែភាពយន្តកូរ៉េដំបូងគេដែលនិទានរឿងរ៉ាវដ៏លាក់កំបាំងរបស់ស្តេចអង្គនេះ។

ដើម្បីបង្ហាញពីភាពទន់ខ្សោយ និងការឈឺចាប់របស់តួអង្គ Park Ji-hoon បានសម្រេចចិត្តផ្លាស់ប្តូររូបរាងកាយរបស់ខ្លួនទាំងស្រុង។ តារាប្រុសវ័យ ២៦ឆ្នាំបានរៀបរាប់ថា៖ “វិធីសម្រកទម្ងន់របស់ខ្ញុំគឺសាមញ្ញ តែវាពិបាកខ្លាំងណាស់ គឺខ្ញុំមិនញ៉ាំអ្វីទាល់តែសោះ។ ខ្ញុំរស់បានដោយសារញ៉ាំផ្លែប៉ោមត្រឹមមួយចំណិតតូចប៉ុណ្ណោះ ហើយខ្ញុំថែមទាំងគេងមិនលក់ទៀតផង។ ខ្ញុំមិនចង់ត្រឹមតែមើលទៅស្គមធម្មតាទេ គឺខ្ញុំចង់ឱ្យរូបរាងមើលទៅស្គមស្គាំងបែបគ្មានជីវជាតិតែម្ដង”។
លោកបានប្រាប់ពីមូលហេតុបន្ថែមថា លោកមិនជ្រើសរើសការហាត់ប្រាណឡើយ ព្រោះចង់ឱ្យមើលទៅឃើញស្គមបែបអ្នកជំងឺ។ ក្នុងរយៈពេលត្រឹមតែ ២ ខែកន្លះ លោកបានស្រកអស់ជាង ១៥គីឡូ ពីទម្ងន់ដើមជាង ៧០ គីឡូក្រាម។

យ៉ាងណាមិញ ការធ្វើបែបនេះបាននាំផលប៉ះពាល់ដល់សុខភាពខ្លាំង ខណៈ Park Ji-hoon ឈានដល់ការបាត់បង់ចំណង់អាហារ។ លោកនិយាយថា៖ “សូម្បីតែក្នុងឈុតដែលត្រូវញ៉ាំអាហារ ខ្ញុំមានអារម្មណ៍ចង់ក្អួតគ្រាន់តែដាក់ចំណីចូលមាត់។ ខ្ញុំលែងមានអារម្មណ៍ថាឃ្លានទៀតហើយ ហើយខ្ញុំបានរក្សាសភាពបែបនោះរហូតដល់រឿងថតចប់សព្វគ្រប់”។
គួរឱ្យដឹងផងដែរថា រឿង The King’s Warden នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តជាផ្លូវការ នៅថ្ងៃទី ៤ ខែកុម្ភៈ ខាងមុខនេះ ខណៈសាធារណជនកំពុងទន្ទឹងរង់ចាំទស្សនាការលះបង់របស់ Park Ji-hoon ដើម្បីសម្ដែងក្នុងសាច់រឿងប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននរណាដឹងពីមុនមក៕


























Account
Security
Favourite Content