អ្នកស្ថិតក្នុងវិស័យសិល្បៈកូរ៉េពេលនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើ Park Eun-bin អាចវ៉ាដាច់ Han So-hee ក្លាយជាតារាសម្ដែងស្រីដែលស៊ីថ្លៃ ៣០០លានវ៉ុន ឬ ២២ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគបានដែរឬយ៉ាងណា។

បន្ទាប់ពីចប់រឿង “Castaway Diva” របស់ tvN តារាស្រី Park Eun-bin ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាឱ្យចូលសម្ដែងជាតួឯកក្នុងរឿងភាគថ្មី “Hyper Knife” ដោយក្នុងរឿងនេះនាងនឹងសម្ដែងជាតួចិត្តអាក្រក់ជាលើកដំបូង ហើយក៏មានការរំពឹងទុកខ្ពស់ជាខ្លាំង ខណៈតួឯកប្រុសត្រូវបានកំណត់ថាជា Sol Kyung-gu ។
តារាសម្តែងទាំងពីរបានឯកភាពចាប់ផ្តើមថតនៅចុងខែមីនា បន្ទាប់ពីអានសាច់រឿងរហូតដល់ភាគទី ៤ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាតម្លៃខ្លួន ។ ប្រភពព័ត៌មានអះអាងថា ចំនួនទឹកប្រាក់ស្នើឡើងដោយ Namoo Actors ដែលជាភ្នាក់ងាររបស់ Park Eun-bin គឺ ៣០០ លានវ៉ុនក្នុងមួយភាគ។ ខណៈក្រុមហ៊ុនផលិត Blaad Studios និង Disney+ កំពុងមមាញឹកក្នុងគិតគូរពិចារណា ប្រភពមួយចំនួនក៏បានទម្លាយថា ថ្លៃឈ្នួលទំនងជាត្រូវសម្រេចចន្លោះពី ២៥០ លានទៅ ៣០០ លានវ៉ុន ឬ ១៨ម៉ឺន ទៅ ២២ម៉ឺនដុល្លារអាមេរិក។


ទាក់ទងនឹងរឿងនេះ អ្នកតំណាងក្រុមហ៊ុនផលិតកុនមួយបាននិយាយថា៖ “វាជាចំនួនសមរម្យដែល Park Eun-bin អាចទទួលបាន។ ដោយសារតែប្រជាប្រិយភាព និងឥទ្ធិពលរបស់នាងបានកើនឡើងមិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសជប៉ុន និងអាមេរិកខាងជើងផងដែរ ដោយសារតែភាពជោគជ័យនៃភាពយន្តភាគ ” Extraordinary Attorney Woo” ដែលនេះអាចជាស្ថានភាពចំណេញទាំងសងខាងសម្រាប់ភាគីទាំងពីរ។ ម្យ៉ាងបច្ចុប្បន្ន Park Eun-bin គឺជាតារាស្រីតែម្នាក់គត់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលអាចលក់សំបុត្រកម្មវិធីជួបជុំអ្នកគាំទ្រនៅក្រៅប្រទេសអស់គ្មានសល់ ហើយចំណុចនេះនឹងក្លាយជាការបណ្តាក់ទុនដ៏ចំណេញសម្រាប់ Disney+ ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនផលិតខ្នាតតូច និងមធ្យម ព្រមទាំងវេទិកា Streaming ក្នុងស្រុកមួយចំនួនក៏បានបង្ហាញពីការព្រួយបារម្ភអំពីការឡើងតម្លៃខ្លួនរបស់តារាសម្ដែងរូបនេះដែរ។ ខណៈដែល Park Eun-bin ទទួលបាន ១៦០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង “Castaway Diva” ពួកគេយល់ថាការឡើងថ្លៃគុណនឹងពីរភ្លាមៗបែបនេះគឺសាហាវពេកហើយ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតកុនមួយបានចង្អុលបង្ហាញថា៖ “ដោយសារការងារមុនទទួលបានជោគជ័យ វាជាទម្លាប់ក្នុងការដំឡើងថ្លៃការងារបន្ទាប់ ប៉ុន្តែការដំឡើងថ្លៃទ្វេដងតែម្ដងនោះគឺច្រើនជ្រុលហើយ”។ ទន្ទឹមនោះ ក៏មានការព្រួយបារម្ភដែរថា បន្ទាប់ពីតួធំៗបឺតអស់ ២០ ទៅ ៣០% នៃដើមទុនផលិតទាំងមូលហើយនោះ វានឹងធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសតួសម្តែងរង និងបុគ្គលិកដែលមានគុណភាពខ្ពស់ ដែលទីបំផុតនាំឱ្យខូចគុណភាពរឿង។
ផលិតកររឿងភាគមួយរូបពី Studio S បាននិយាយថា៖ “Han So-hee ត្រូវបានគេរាយការណ៍ថាបានទទួល ២០០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង ‘Gyeongseong Creature’ ដូច្នេះខ្ញុំពិតជាចង់ដឹងថាតើ Park Eun-bin នឹងវ៉ាដាច់ Han So-hee ហើយឡើងលើសនេះឬអត់” ៕

























Account
Security
Favourite Content