រឿង «អ៊ុំចនម៉ែដោះ» ជាស្នាដៃភាពយន្តថ្មីសន្លាងមួយទៀតរបស់អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ឆាយ បូរ៉ា ដែលរឿងនេះត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។

តាមរយៈ Poster ដែលបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក រឿង «អ៊ុំចនម៉ែដោះ» មានការចូលរួមសម្តែងពីតារាសម្តែង និងតារាកំប្លែងល្បីៗជាច្រើនរូបរួមមាន ទេព រិន្ទដារ៉ូ , ឌី សូនិត្តា, តារាកំប្លែង ជួង ជី ហៅ នាយកុយ , តារាកំប្លែង គ្រត , តារាចម្រៀង អ៊ួន បឋម ហៅ សាយ , យូ កាម៉ុនរ៉ាត់ និងវត្តមានតារាសម្តែងវ័យក្មេងជាច្រើននាក់ទៀតផងដែរ ដែលនឹងមកចូលរួមញ៉ាំងឱ្យសាច់រឿង «អ៊ុំចនម៉ែដោះ» ប្រទាក់ក្រឡា និងកាន់តែជក់ចិត្ដដិតអារម្មណ៍តាមរយៈសមត្ថភាព និងទេពកោសល្យសិល្បៈដ៏ប៉ិនប្រសព្វរបស់ពួកគេ។



លោក ឆាយ បូរ៉ា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «អ៊ុំចនម៉ែដោះ» បានឱ្យដឹងថា លោកបានពិចារណាលើប្រធានបទមួយដែលតម្រូវទៅតាមទីផ្សារនាពេលបច្ចុប្បន្ន នោះគឺប្រភេទរឿងកំប្លែង។ ដូច្នេះ លោកបានជ្រើសរើសយកខ្សែជីវិតជាងកាត់សក់បែបបុរាណមួយមកធ្វើជាឆ្អឹងរឿង ដោយច្របាច់បញ្ចូលតថភាពពិតពីសង្គម ដែលបានរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មកបង្កើតជាចំណោទបញ្ហានៃសាច់រឿងទាំងមូល។
មិនខុសពីរឿងមុនៗប៉ុន្មានឡើយ ផលិតករឆ្នើមរូបនេះបានបញ្ជ្រាបគំនិតអប់រំវិជ្ជមានជាច្រើនក្នុងរឿង «អ៊ុំចនម៉ែដោះ» នេះ តែទន្ទឹមគ្នានោះទស្សនិកជនក៏នឹងផ្ទុះសំណើចក្អាកក្អាយ សើចរហូតរឹងថ្គាម តាមសាច់រឿងនេះផងដែរ។ ពិសេស ការគ្រងតំណែងតួឯកលើកដំបូងរបស់ នាយកុយ នឹងធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ ហើយផ្ទុះសំណើចខ្លាំងតែម្តង។

រឹតតែទាក់ទាញជាងនេះទៀតនោះ គឺវត្តមានរបស់ម្ចាស់បទ «ងប់ងុល» សាយ ជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ នឹងមកជួយបំពេញរសជាតិរឿងកំប្លែងនេះឱ្យពោរពេញដោយភាពកំប្លុកកំប្លែង និងអារម្មណ៍មនោសញ្ចេតនាទៅកាន់ទស្សនិកជន។
សូមជម្រាបថា រឿង «អ៊ុំចនម៉ែដោះ» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។ កុំភ្លេចទៅចូលរួមទស្សនាឱ្យបានច្រើនកុះករទាំងអស់គ្នា៕



























Account
Security
Favourite Content