«មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» បានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី២០ ខែវិច្ឆិកា នៅសាលសន្និសីទចតុម្មុខ ក្រោមបរិយាកាសគួរឱ្យរំភើបសម្រាប់សិល្បៈបុរាណខ្មែរ។


លោកជំទាវ ឡង់ឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីពិធីបើកមហោស្រពល្ខោនយីកេនេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ។ ជាពិសេសក៏ជាការលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេឱ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពវប្បធម៌ព្រមទាំងបានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ ព្រមទាំងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។
កម្មវិធីបើកមហោស្រពកាលពីថ្ងៃព្រហស្បតិ៍ក៏មានការសម្ដែងយីកេរឿង “អ្នកតាឃ្លាំងមឿង” ដោយសិល្បករ សិល្បការិនីពីនាយកដ្ឋានសិល្បៈទស្សនីយភាពផងដែរ។
ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។
ទន្ទឹមនោះដែរ ផលិតផលខ្មែរ វី-កូឡា រសជាតិនៃមោទនភាពជាតិក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍មហោស្រពនេះដើម្បីជួយជំរុញគាំទ្រ និងលើកស្ទួយសិល្បៈយីកេខ្មែរ ដែលជាមរតកវប្បធម៌ខ្មែរ។

បន្ទាប់ពីការបើកជាផ្លូវការ កម្មវិធីនឹងបន្តរយៈពេល ៣ថ្ងៃទៀតដោយនឹងមានការប្រលងសម្ដែងល្ខោនយីកេជាក្រុម ព្រមជាមួយទស្សនីយភាពសិល្បៈយីកេជាច្រើនទៀតដូចតទៅ៖
– ថ្ងៃទី ២១ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងទុំទាវឈុត “ទាវចូលម្លប់” វេលាម៉ោង 3:00- 6:30ល្ងាច
– ថ្ងៃទី ២២ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងម៉ាកថឺងឈុត “សែងស្គរ” វេលាម៉ោង 3:00- 7:45ល្ងាច
– ថ្ងៃទី ២៣ វិច្ឆិកា ២០២៥ – កម្មវិធីបិទមហោស្រព ការសម្ដែងល្ខោនយីកេរឿង “កំហុសអ្នកណា” និងប្រកាសលទ្ធផល វេលាម៉ោង 5:30- 7:30ល្ងាច
សូមអញ្ជើញចូលរួមទស្សនាការផ្សាយផ្ទាល់ ដើម្បីស្វែងយល់ពីស្នាដៃសិល្បៈបុរាណដែលបន្តរស់នៅក្នុងបេះដូងសិល្បករខ្មែរ និងថែរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង ដោយអាចចុះឈ្មោះជាមុនតាមរយៈតំណនេះ https://forms.gle/8eDU6XQSCsrmteg48
សម្រាប់លោកអ្នកដែលបានចុះឈ្មោះចូលទស្សនាតាមរយៈអនឡាញ (Link) សូមអញ្ជើញមកមុន ដើម្បីពិនិត្យឈ្មោះ និងកៅអី។ ការចូលរួមនឹងអនុវត្តតាមគោលការណ៍ “មកមុន បានមុន” ៕





















































Account
Security
Favourite Content