“GUTS” ដែលជាអាល់ប៊ុមទី២របស់តារាចម្រៀងអាមេរិក Olivia Rodrigo បានបើកឆាកសប្ដាហ៍ដំបូងជាមួយចំណាត់ថ្នាក់លេខ១លើតារាង Billboard 200 យ៉ាងជោគជ័យដូចការរំពឹងទុក ដោយតួលេខលក់តែនៅសហរដ្ឋអាមេរិកបានដល់ ៣សែនឈុត គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ធ្វើឱ្យអាល់ប៊ុមនេះក្លាយជាអាល់ប៊ុមដែលលក់ដាច់នៅសប្ដាហ៍ដំបូងបានច្រើនបំផុតលំដាប់ទី៤ ក្នុងឆ្នាំ២០២៣។

ភាពជោគជ័យនេះគឺចាត់ទុកជាលើកទី២ហើយដែលតារាស្រីវ័យ ២០ឆ្នាំរូបនេះអាចសម្រេចបាន ដោយកាលពីឆ្នាំ២០២១ នាងធ្លាប់បានឡើងដល់ចំណាត់ថ្នាក់លេខ១លើ Billboard 200 តាំងពីសប្ដាហ៍ដំបូងដូចគ្នាជាមួយអាល់ប៊ុមទី ១ របស់ខ្លួនមានចំណងជើងថា “SOUR”។ ប្រការនេះធ្វើឱ្យ Olivia Rodrigo ក្លាយជាតារាចម្រៀងស្រីដំបូងបង្អស់ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយដែលអាល់ប៊ុម ២ដំបូងអាចជាប់ចំណាត់ថ្នាក់លេខ១ភ្លាមៗ ដោយមុននេះ Ariana Grande ធ្លាប់ទទួលបានជោគជ័យបែបនេះដែរជាមួយអាល់ប៊ុមទីមួយ “Yours Truly” នៅឆ្នាំ២០១៣ និងអាល់ប៊ុម “My Everything” កាលពីឆ្នាំ២០១៤។
គួរបញ្ជាក់ថា អាល់ប៊ុម “GUTS” បានលក់ដាច់ក្នុងសហរដ្ឋអាមេរិកចំនួន ៣០២ ០០០ឈុត មានការចូលស្ដាប់អនឡាញសរុបសម្រាប់ចម្រៀងទាំង ១២បទ ជិត ២០០លានដង ខណៈបទចម្រៀង “Vampire” ក្នុងអាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់កំពូលលើតារាង Billboard Hot 100។
ក្រៅពី Olivia Rodrigo តារាចម្រៀងមួយរូបទៀតគឺ V ក្រុម BTS បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនកាលពីសប្ដាហ៍មុនមានចំណងជើងថា “Layover” និងបានឡើងដល់ចំណាត់ថ្នាក់លេខ ២លើតារាង Billboard 200 នៅសប្ដាហ៍ដំបូងរបស់ខ្លួន ជាមួយចំនួនលក់នៅសហរដ្ឋអាមេរិកចំនួន ១សែនឈុត និងចំនួនចូលស្ដាប់លើអនឡាញសម្រាប់ចម្រៀងទាំង ៦បទជិត ១៣លានដង ៕
























Account
Security
Favourite Content