ទីបំផុតរឿង «អ៊ុំចនម៉ែដោះ» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ម្ចាស់ស្នាដៃរឿង «ឃ្លាតទៅសែនឆ្ងាយ» លោក ឆាយ បូរ៉ា ដល់ពេលទម្លាក់លើទីផ្សារហើយ ដោយរឿងនេះនឹងបង្ហាញវត្តមានគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។
មុនថ្ងៃចាក់បញ្ចាំងមកដល់ ផលិតករជើងចាស់រូបនេះបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការយ៉ាងអធិកអធម ដោយមានការចូលរួមពីបុគ្គលល្បីក្នុងវិស័យភាពយន្ត រួមទាំងសិល្បករ-សិល្បការិនី និងតួអង្គសំខាន់ៗក្នុងរឿងនេះដូចជា កំពូលតារាកំប្លែង ជួង ជី ហៅ នាយ កុយ ,ទេព រិន្ទដារ៉ូ , ឌី សូនិត្តា , សាយ , យូ កាម៉ុនរ៉ាត់ និងប្អូនៗកុមារជាច្រើននាក់ទៀត ធ្វើឱ្យបរិយាកាសថ្ងៃសម្ភោធរឿងនេះមើលទៅឱឡារិកខ្លាំងតែម្តង។





វត្តមានកំពូលតារាកំប្លែង ជួង ជី ហៅ នាយ កុយ ក្នុងរឿង «អ៊ុំចនម៉ែដោះ» ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ពិសេសការតុបតែងរូបរាងកាយជាមនុស្សស្រី ដើម្បីបន្លំធ្វើម៉ែដោះ ចូលទៅក្នុងផ្ទះអ្នកមេម៉ាយកូន ៥ សម្តែងដោយ ឌី សូនិត្តា។

ជួបផ្ទាល់ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងថ្ងៃសម្ពោធ តារាកំប្លែងជើងចាស់រូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបចំពោះស្នាដៃភាពយន្តខ្នាតធំរបស់ ឆាយ បូរ៉ា ដែលលោកត្រូវបានជ្រើសរើសឱ្យសម្តែងជាតួឯកក្នុងរឿងខ្នាតធំនេះ។ នាយ កុយ ឱ្យដឹងទៀតថា មែនទែនទៅនេះជាភាពយន្តទី ២ ដែលលោកបានចូលរួមសម្តែងក្នុងអាជីពជាសិល្បករកំប្លែងម្នាក់ ដោយរឿងទី ១ មានចំណងជើងថា «កូនភ្លោះចម្លែក»។ ប៉ុន្តែ «អ៊ុំចនម៉ែដោះ» ជាភាពយន្តខ្នាតធំ និងជារឿងដំបូងដែលលោកក្តោបតំណែងជាតួឯក។
ថ្វីដ្បិតតែលោកជាតារាកំប្លែងអាជីពដែលមានបទពិសោធន៍ជោកជាំក៏ពិតមែន តែសម្រាប់ការលេងកំប្លែងមានប៉ារូបែបនេះ គឺមានជួបផលលំបាកបន្តិចបន្តួចផងដែរ។ តែដោយសារបានទទួលការណែនាំពីផលិតករ ឆាយ បូរ៉ា ធ្វើឱ្យលោកកាន់តែមានទឹកចិត្ត ក្នុងការសម្តែងបានកាន់តែល្អឡើង ហើយឆាប់យល់ពីសាច់រឿង និងអ្វីដែលផលិតករចង់បាន ដូច្នេះការថតរឿងនេះដំណើរការទៅបានរលូនល្អ ថតតែម្តងៗប៉ុណ្ណោះ មិនមានការស្មុគស្មាញ សាំញ៉ាំនោះឡើយ។

ឆ្លៀតឱកាសនេះ នាយ កុយ ក៏សូមអរគុណ និងលើកសរសើរដល់ក្រុមការងារផលិតផងដែរ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើរូបលោកជាសិល្បករវ័យចំណាស់ហើយត្រូវសម្តែងក្នុងរឿងនេះ ពិសេសគឺការបារម្ភខ្លាចលោកដួល ឬប៉ះទង្គិចសុខភាពតែម្តង ដោយសារលោកមានវ័យច្រើន កាយវិការក៏មិនសូវរហ័សរហួនដូចសិល្បករវ័យក្មេងដែរ។
តារាកំប្លែងជើសចាស់ពោរពេញដោយបទពិសោធន៍រូបនេះ ទម្លាយឱ្យដឹងថា ការដែលលោកទទួលថតរឿង «អ៊ុំចនម៉ែដោះ» គឺដោយសារសាច់រឿងត្រូវជាមួយលោក បានន័យថា អ្នកនិពន្ធ និងផលិតករសរសេរសាច់រឿងឡើងដើម្បីលោកតែម្តង ដែលនេះជាកិត្តិយសដ៏ធំធេងសម្រាប់សិល្បករ ដែលត្រូវបានគេផ្តល់តម្លៃឱ្យយ៉ាងពេញទំហឹង។ ដូចនេះ បន្ទាប់ពីអានសាច់រឿងហើយ លោកពេញចិត្ត គឺទម្លាក់ថ្ងៃថតតែម្តង ថែមទាំងទៅអង្គុយចាំថតដោយក្តីពេញចិត្ត។

ក្នុងនោះផងដែរ លោក ឆាយ បូរ៉ា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «អ៊ុំចនម៉ែដោះ» ក៏បានឱ្យដឹងថា សាច់រឿងនេះគឺលោកតែងសម្រាប់ កំពូលតារាកំប្លែង នាយ កុយ តែម្តង ប្រសិនបើលោកមិនព្រមថត រឿងនេះនឹងត្រូវផ្អឹបទុកចោល។ ប៉ុន្តែសំណាងនៅខាងលោក តារាកំប្លែងជើងចាស់ នាយ កុយ ព្រមទទួលថតដោយក្តីសោមនស្សរីករាយ រហូតបង្កើតបានស្នាដៃភាពយន្តខ្នាតធំនេះឡើយ។
ផលិតករល្បីឈ្មោះរូបនេះថា «អ៊ុំចនម៉ែដោះ» ជារសជាតិថ្មី ដែលលោកផលិតឡើងតម្រូវតាមទីផ្សារនាពេលបច្ចុប្បន្ន ហើយវាស័ក្តិសមបំផុតសម្រាប់ការចាក់បញ្ចាំងនាដើមឆ្នាំថ្មីនេះ។ ក្រៅពីភាពកំប្លុកកំប្លែង រឿងខ្នាតធំនេះក៏ដាក់បញ្ចូលការអប់រំយ៉ាងជ្រាលជ្រៅដល់អ្នកទស្សនាផងដែរ តាមរយៈតួអង្គសំខាន់ គឺម៉ែដោះ សម្តែងដោយ នាយ កុយ ដែលលោកនឹងមកផ្លាស់ប្តូរការរស់របស់មេម៉ាយកូន ៥ ឱ្យក្លាយទៅជាអ្វីថ្មីខុសពីមុន៕


























Account
Security
Favourite Content