គំនូរជីវចលបុរាណចិន “Ne Zha 2” បន្តបំបែកកំណត់ត្រាឥតឈប់ឈរ ដោយចុងក្រោយនេះបានក្លាយជាភាពយន្តរកចំណូលបាន ២ពាន់លានដុល្លារដំបូងគេនៅអាស៊ី គិតត្រឹមដើមសប្ដាហ៍នេះ។

យោងតាមគេហទំព័រតាមដានចំណូលភាពយន្តចិន Maoyan Data ប្រាក់ចំណូល ២ពាន់លានដុល្លារនេះ “Ne Zha 2” អាចរកបានដោយចំណាយពេលត្រឹមតែ ៣៣ ថ្ងៃប៉ុណ្ណោះ ដែលលឿនជាងភាពយន្តហូលីវូដធំៗដូចជា “Avatar 2” និង “Avengers: Infinity War” ទៅទៀត។
ជាមួយភាពជោគជ័យនឹកស្មានមិនដល់ បច្ចុប្បន្ន “Ne Zha 2” បានក្លាយជាភាពយន្តគំនូរជីវចលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទីប្រាំពីរលើពិភពលោក។ ខណៈចំណូលពីការលក់សំបុត្ររបស់ភាពយន្តបន្តកើនឡើង “Ne Zha 2” ត្រូវបានគេរំពឹងថានឹងអាចវ៉ាដាច់ភាពយន្ត “Avengers: Infinity War” ដែលរកបានប្រហែល ២,០៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗខាងមុខ ហើយនឹងបានឡើងដល់ចំណាត់ថ្នាក់ទី ៦ ។
ទន្ទឹមនឹងនេះ នៅហុងកុង និងម៉ាកាវ ចំណូល Box Office សរុបនៃភាពយន្តគំនូរជីវចលមួយនេះគិតចាប់ពីផ្ដើមចាក់បញ្ចាំងកាលពីថ្ងៃទី ២២ ខែកុម្ភៈ បានកើនឡើងលើស ៤,១ លានដុល្លារអាមេរិក ជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ភាពយន្តចិនដីគោកដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងតំបន់ទាំងពីរ។
ភាពល្បីល្បាញរបស់ខ្សែភាពយន្តដែលបានចេញវគ្គដំបូងកាលពីឆ្នាំ២០១៩ មួយនេះបានជំរុញឱ្យមាននិន្នាការ “Ne Zha fever” នៅហុងកុង និងទីក្រុងចិនជាច្រើនដែលជំរុញឱ្យអាជីវកម្មក្នុងស្រុកមួយចំនួនទទួលបានកំណើនដូចគ្នា។ តួយ៉ាង ភោជនីយដ្ឋានជាច្រើនបានទទួលអតិថិជនកាន់តែច្រើនក្រោយបញ្ចេញឈុតអាហារពាក់ព័ន្ធនឹងភាពយន្តនេះ ខណៈការលក់វត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធរឿងនេះលើគេហទំព័រ Alibaba មានតម្លៃសរុបរហូតដល់ ៣០០ លានយន់ ឬប្រមាណ ៤១ លានដុល្លារអាមេរិក ៕



























Account
Security
Favourite Content