កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ សារមន្ទីរជាតិកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ចៀសការយល់ច្រឡំថាសារមន្ទីរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការផ្សព្វផ្សាយពីតម្លៃវប្បធម៌ខ្មែរក្រោយមានអាជីករជួល សម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំណួរនៅលើបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។
ក្នុងខ្លឹមសារនៃការបង្ហោះរបស់ខ្លួន សារមន្ទីរជាតិបានសរសេរថា៖ «សារមន្ទីរជាតិសូមស្វាគមន៍ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលយើងខ្ញុំបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។ កង្វល់របស់យើងខ្ញុំ មិនមែនជាការតឹងតែងឡើយ ប៉ុន្តែយើងខ្ញុំគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមសេនាធិការរបស់ក្រសួងជំនាញ អាស្រ័យហេតុនេះសូមសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ»។

ដោយឡែកសម្រាប់មូលហេតុនៃការរឹតត្បិតទៅលើអាជីវករមួយចំនួន សារមន្ទីរជាតិកម្ពុជាបានបញ្ចាក់នៅក្នុងសេចក្តីប្រកាសដូចខាងក្រោម។
១.អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិ ជាផ្នែកមួយនៃសេវាកម្មអតិថិជន នៅក្នុងការជួលសម្លៀកបំពាក់ថតរូប។
២.អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋ នៅក្នុងការផ្តល់សេវាកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។ ក្នុងករណីនេះ សារមន្ទីរជាតិចាំបាច់មានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាព ថតផ្ទាល់ខ្លួនតែម្តង រហូតដល់សារមន្ទីរជារតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន។ ដើម្បីជៀសវាងទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូត សម្លៀកបំពាក់ដែលត្រូវប្រើប្រាស់ជូនដល់អតិថិជន។
៣.កន្លងមក មានករណីនៃការប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះហើយ ទើបសារមន្ទីរជាតិស្នើឲ្យមានការឆ្លងយោបល់ ពីអ្នកជំនាញរបស់ក្រសួងជាមុនសិន ដើម្បីជៀសវាងកំហុសឆ្គង ក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់។
ក្នុងន័យនេះ សារមន្ទីរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាំងអស់ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវទាក់ទងទៅក្រសួងជំនាញជាមុនសិន ដើម្បីឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ ពិសេសត្រូវសុំការអនុញ្ញាតចូលថតរូប ក្នុងបរិវេណខាងមុខអាគារសារមន្ទីរជាតិ៕























Account
Security
Favourite Content