ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្តាហ៍កន្លងទៅ បានចេញមកដុះក្អែលអ្នកសម្ដែងក្រៅប្រព័ន្ធជាថ្មីម្តងទៀត ក្រោយសង្កេតឃើញថា មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្តដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ច បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្រ្តី និងកុមារ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហោះលើហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីបញ្ជៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសការចូលរួមគោរពនិងលើកស្ទួយសិទ្ធស្ត្រី និងកុមារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដល់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់បន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិកលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។
ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅបន្តប្រព្រឹត្តិសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិច្បាប់ដែលមានជាធរមាន។ សូមអានសេចក្តីណែនាំលម្អិតខាងក្រោមនេះ៕



























Account
Security
Favourite Content