កម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ២០២៥ អាចនឹងត្រូវប្ដូរផែនការភ្លាមៗ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះអាគារលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកានេះ ខណៈផែនការដើមគ្រោងនឹងរៀបចំកម្មវិធីនៅថ្ងៃទី ២៨ និង២៩ ខាងមុខ។

យោងតាមសារព័ត៌មាន ZAPZEE នៅថ្ងៃកើតហេតុតែម្ដង ក្រុមការងាររៀបចំកម្មវិធី MAMA បានចាប់ផ្ដើមកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងផែនការនៃកម្មវិធី។ ក្រោយមក តំណាងពី MAMA បានរៀបរាប់ថា បច្ចុប្បន្ន នៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេថា កម្មវិធីនៅតែបន្ត ឬក៏ត្រូវពន្យារពេលសិន ដោយលោកនិយាយថា ក្រុមការងារកំពុងតែធ្វើការតាមដានស្ថានភាព និងត្រួតពិនិត្យដោយប្រុងប្រយ័ត្ន។
ជាក់ស្ដែង កម្មវិធីនេះបានគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង២៩ ខែវិច្ឆិកា ឯពហុកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីតាំងកើតហេតុ។

គួរឱ្យដឹងផងដែរផងដែរថា អគ្គិភ័យនេះបានឆាបឆេះអគារលំនៅដ្ឋានចំនួន ៧ នៅក្នុងស្រុក Tai Po ភាគខាងជើងនៃទីក្រុងហុងកុង នៅវេលាម៉ោង ២ និង ១៥នាទីរសៀល ខណៈសារព័ត៌មាន South China Morning Post បានចុះផ្សាយថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៤៤ នាក់បានស្លាប់ ៤៥នាក់រងរបួសធ្ងន់ និង ២៧៩នាក់ទៀតដែលបានបាត់ខ្លួន សន្និដ្ឋានថាជាប់នៅក្នុងអាគារទាំងនោះ។
នៅម៉ោង ៦ព្រឹក ថ្ងៃទី២៧ នេះ អគារចំនួន ៤ ត្រូវបានពន្លត់ ខណៈដែលអគារចំនួន ៣ នៅតែបន្តឆាបឆេះនៅឡើយ។ ស្របពេលដែលមនុស្ស ៣នាក់ រួមមាន នាយកចំនួន ២នាក់ និងទីប្រឹក្សារបស់អ្នកម៉ៅការសំណង់ម្នាក់ដែលទទួលខុសត្រូវលើការជួសជុលអគារនេះ ត្រូវបានចាប់ខ្លួនពីបទឃាតកម្មដោយអចេតនា ជាមួយនឹងការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់សម្ភារៈមិនស្របតាមស្តង់ដារ និងប្រើប្រាស់ស្នោបិទបង្អួច នាំឱ្យមានអគ្គិភ័យ និងបណ្តាលឱ្យរីករាលដាលយ៉ាងឆាប់រហ័ស៕


























Account
Security
Favourite Content