រយៈពេលជាង ២៥ឆ្នាំហើយដែល ភាពយន្តខ្នាតធំរបស់លោក James Cameron “Titanic” បានចូលមកសាងភាពអស្ចារ្យដក់ជាប់ក្នុងចិត្តទស្សនិកជនទូទាំងពិភពលោក រួមទាំងសាងប្រវត្តិសាស្ត្រថ្មីក្នុងឋានៈភាពយន្តរកចំណូលបានច្រើនបំផុតប្រចាំសតវត្សរ៍ទី២០ និងជាភាពយន្តមួយដែលអាចឈ្នះពានរង្វាន់អូស្កាបានច្រើនបំផុត។ តាមរយៈភាពជោគជ័យនៅគ្រប់ផ្នែក ធ្វើឱ្យមកដល់បច្ចុប្បន្ននេះ Titanic ត្រូវបានលើកតម្កើងជាភាពយន្តលំដាប់ប្រវត្តិសាស្ត្រ រហូតយើងនឹកស្មានមិនដល់ថាមុននឹងបានចេញបញ្ចាំងនៅឆ្នាំ១៩៩៧ ភាពយន្តដែលចំណាយដើមទុនផលិតជាង ២០០លានដុល្លាររបស់ James Cameron មួយនេះធ្លាប់ត្រូវគេមើលស្រាលថានឹងជាភាពយន្តខ្នាតយក្សដែលបរាជ័យយ៉ាប់យ៉ឺនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារតែមានបែកធ្លាយព័ត៌មានអាស្រូវសព្វសារពើពីទីតាំងថត ការឈ្លោះទាស់ទែងរវាង James Cameron ជាមួយថ្នាក់ដឹកនាំរបស់ Fox ពាក់ព័ន្ធបញ្ហាដើមទុនផលិតដែលចេះតែកើនច្រើនទៅៗឥតឈប់ រួមទាំងការថតដែលយឺតយ៉ាវជាងការកំណត់ រហូតធ្វើឱ្យរឿងត្រូវពន្យារពេលបញ្ចាំងម្ដងហើយម្ដងទៀត។
ប៉ុន្តដូចដែលយើងដឹង ហើយថា Titanic មិនត្រឹមតែមិនមែនជាមហន្តរាយខ្នាតធំក្នុងវិស័យកុនហូលីវូដដូចដែលមនុស្សជាច្រើនមើលងាយនោះទេ ប៉ុន្តែវាបានក្លាយជាភាពយន្តដែលទទួលបានជោគជ័យខ្លាំងបំផុតមួយលើពិភពលោក ហើយខាងក្រោមនេះ A M S នឹងរំឭកលម្អិតពីដំណើរកសាងយ៉ាងលំបាក និងសមិទ្ធផលអស្ចារ្យជាច្រើនពីវណ្ណកម្មប្រចាំប្រវត្តិសាស្ត្រមួយនេះ។

ត្រលប់ទៅឆ្នាំ១៩៨៧ James Cameron អ្នកដឹកនាំរឿងដែលជាអ្នកស្រលាញ់ពិភពក្រោមសមុទ្រយ៉ាងងុបងល់បានបើកឃើញភាពយន្តឯកសារមួយរបស់ National Geographic ដោយចៃដន្យដែលនិយាយពីប្រតិបត្តិការស្វែងរកបំណែកកប៉ាល់ទីតានិក។ ភាពយន្តឯកសារមួយនេះបានបញ្ឆេះចិត្ត James Cameron ឱ្យចាប់ផ្ដើមចាប់អារម្មណ៍រឿងរ៉ាវរបស់កប៉ាល់ទីតានិក ដែលធ្លាប់ត្រូវគេឱ្យឈ្មោះថាជាកប៉ាល់មានទំហំធំបំផុតលើលោក ប៉ុន្តែក៏ត្រូវលិចបាត់ក្នុងកំឡុងចេញដំណើរទេសចរណ៍នៅខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីបានបុកជាមួយផ្ទាំងទឹកកកកណ្ដាលមហាសមុទ្រអាត្លង់ទិក ធ្វើឱ្យមានជនរងគ្រោះបាត់បង់ជីវិតជាង ១៥០០នាក់។
James Cameron បានចាប់ផ្ដើមស្រមើស្រមៃពីពេលវេលាលិចលង់របស់កប៉ាល់ទីតានិក រួមទាំងជីវិតរបស់អ្នកដំណើររាប់ពាន់នាក់ដែលបានឡើងជិះកប៉ាល់ និងវិនាទីស្លាប់រស់របស់ពួកគេមុនកប៉ាល់ទីតានិកលិចបាត់ទៅដល់បាតសមុទ្រអាត្លង់ទិកអស់រយៈពេលជាងមួយរយឆ្នាំកន្លងមក។
ប្រការទាំងអស់នេះបាននាំឱ្យមានការសរសេរអត្ថបទភាពយន្តរឿង Titanic ដែល James Cameron បានតាំងចិត្តបង្កើតជាភាពយន្តបែបរ៉ូមែនទិក ចាប់ផ្ដើមដំណើររឿងដោយមានក្រុមអ្នកស្រាវជ្រាវរុករកខ្សែកពេជ្រដ៏មានតម្លៃឈ្មោះថា “Heart of the Ocean” ដែលគេជឿថាបានលិចព្រមជាមួយកប៉ាល់ទីតានិកនៅឆ្នាំ១៩១២។ ប៉ុន្តែអ្វីដែលពួកគេបានរកឃើញនោះគឺមានត្រឹមតែរូបគំនូររបស់ខ្សែកនោះដែលស្ថិតលើរាងកាយរបស់នារីម្នាក់។ បន្ទាប់មកទើបសាច់រឿងសំខាន់ត្រូវបានបង្ហាញក្នុងលក្ខណៈ Flashback ថយក្រោយ និយាយពីរឿងរ៉ាវស្នេហារវាង Rose ជានារីដែលស្ថិតក្នុងរូបគំនូរនោះជាមួយ Jack ជាវិចិត្រករកំលោះដែលជាអ្នកគូររូបឱ្យនាង។
James Cameron បានបញ្ជ្រាបបញ្ចូលរឿងរ៉ាវពាក់ព័ន្ធ Jack និង Rose នៅលើកប៉ាល់ទីតានិកម្ដងបន្តិចៗ រហូតមកដល់ឆ្នាំ១៩៩៥ លោកក៏បានសរសេរអត្ថបទភាពយន្តនេះចប់ជាស្ថាពរ។ ក្រោយមកលោកក៏បាននាំយកគំនិតបង្កើតភាពយន្ត Titanic ទៅស្នើជាមួយ 20 Century Fox ដោយបានប៉ាន់ប្រមាណទុនផលិតប្រមាណ ១០០លានដុល្លារ។

ក្នុងឋានៈជាអ្នកដឹកនាំរឿងដែលធ្លាប់សាងចំណូលយ៉ាងមហាសាលឱ្យ Fox ដូចជាតាមរយៈភាពយន្ត Aliens និងទើបតែទទួលបានជោគជ័យក្ដៅៗជាមួយភាពយន្ត Terminator 2: Judgment Day និង True Lies ធ្វើឱ្យ Fox ចំណាយពេលពិចារណាមិនយូរនោះឡើយក្នុងការអនុម័ត Project ភាពយន្ត Titanic និងព្រមបោះទុនដំបូងចំនួន ៣លានដុល្លារឱ្យ James Cameron ភ្លាមៗដើម្បីប្រើប្រាស់សម្រាប់ការមុជទឹកទៅថតរូបភាព Footage របស់កប៉ាល់ទីតានិកពិតដែលបានលិចបាត់ក្នុងបាតសមុទ្រជម្រៅជិត ៤គីឡូម៉ែត្រ។ រយៈពេល ១៨ថ្ងៃដែល James Cameron វក់វីនឹងការប្រមូល Footage នោះ រូបភាពរបស់ភាពយន្តដែលលោកធ្លាប់តែស្រមៃក៏លេចឡើងកាន់តែច្បាស់ទៅៗ។
ប៉ុន្តែនៅខណៈដែល James Cameron ចាប់ផ្ដើមយកទុនផលិតរឿងទៅប្រើប្រាស់សម្រាប់ការពង្រីក Production ច្រើនទៅៗ Fox ក៏ចាប់ផ្ដើមព្រួយបារម្ភថា James Cameron នឹងប្រើដើមទុនលើសកំណត់ដូចរឿងកន្លងៗមករបស់គាត់។ ដូច្នេះហើយ Fox ក៏បានបបួលក្រុមហ៊ុន Paramount មកសហការផលិតជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យ។


នៅពេលដែលការចុះកិច្ចសន្យារបស់ក្រុមហ៊ុនទាំងពីរត្រូវបានបញ្ចប់រួចរាល់ ប្រាក់ដើមទុនធំដំបូងក៏ត្រូវបានយកមកប្រើប្រាស់ដើម្បីកសាងទីតាំងថតនៅប្រទេសម៉ិកស៊ីកូភ្លាមៗ។ គ្រាប់បែកចំនួន ៥០គ្រាប់ត្រូវបានកប់ក្នុងដីនិងបំផ្ទុះឡើងដើម្បីកសាងរណ្ដៅដ៏ជ្រៅធ្វើអាងទឹកចំនួន ៦៤០០០ម៉ែត្រគូបសម្រាប់ថតឈុតកប៉ាល់លិច ដែលត្រូវបានចាត់ទុកថាជាអាងទឹកធំបំផុតលើពិភពលោកនៅពេលនោះ បន្ទាប់មកទើបកសាងកប៉ាល់ទីតានិកទំហំ ២៣៤ម៉ែត្រ ឬស្មើនឹង ៩០ភាគរយនៃកប៉ាល់ពិត និងមានឧបករណ៍បញ្ជាពន្លិចដើម្បីថតឈុតនៅពេលកប៉ាល់លិចផងដែរ។

សម្រាប់ផ្នែកខាងក្នុងកប៉ាល់ Production Designer លោក Peter Lamont ក៏បានរចនាឱ្យបានដូចខាងក្នុងកប៉ាល់ពិតប្រាកដច្រើនបំផុត ដោយមិនលើកលែងសូម្បីតែចាន តុ កៅអី និងគ្រឿងសង្ហារិមគ្រប់យ៉ាងគឺសុទ្ធតែត្រូវបានផលិតតាមគំរូដែលប្រើប្រាស់លើកប៉ាល់ទីតានិកពិត។ សូម្បីកម្រាលព្រំ ក្រុមការងារដល់ថ្នាក់ទាក់ទងក្រុមហ៊ុនដែលធ្លាប់ផលិតព្រំឱ្យកប៉ាល់ទីតានិកពិតៗឱ្យផលិតតែម្ដង ដើម្បីឱ្យព្រំដែលប្រើសម្រាប់ថតមើលទៅដូចព្រំដើមគ្រប់កន្លែង។

រីឯ Costume Designer អ្នកស្រី Deborah Lynn Scott ក៏បានធ្វើការរចនាម៉ូដសម្លៀកបំពាក់គ្រប់ឈុតយ៉ាងលម្អិត ហើយឈុតខ្លះគឺបានយកសម្លៀកបំពាក់ពិតៗពីសម័យនោះមកប្រើប្រាស់ព្រោះវត្ថុធាតុដើមខ្លះមិនអាចរកទិញយកមកផលិតថ្មីបានឡើយនៅពេលបច្ចុប្បន្ន។ ឈុតដែលសំខាន់បំផុតក្នុងរឿងគឺរ៉ូបសលាយផ្កាឈូកដែលត្រូវលេចចេញជាច្រើនឈុតក្នុងរឿង ធ្វើឱ្យ Deborah តាំងចិត្តរចនាឈុតនេះជាពិសេស ព្រោះលោក James Cameron ត្រូវការឱ្យតួអង្គ Rose មើលទៅស្រស់ស្អាតបំផុតក្នុងឈុតនេះទាំងពេលធម្មតា និងនៅពេលទទឹក។
ក្នុងខណៈពេលតែមួយនោះ James Cameron ក៏កំពុងតាមរកអ្នកសម្ដែងដែលនឹងមកកាន់តំណែងតួឯកប្រុសនិងតួឯកស្រីនៃរឿង។ តួឯកស្រីគឺ Rose DeWitt Bukater ជាអ្នកដំណើរលំដាប់ First Class មានអាយុ ១៧ឆ្នាំ ដូច្នេះហើយ James Cameron ត្រូវការតួសម្ដែងដែលមានសម្រស់ស្រស់ស្អាតដូចតារាជើងចាស់ Audrey Hepburn ដោយលោកបានពិចារណាតារាសម្ដែង Gwyneth Paltrow, Claire Danes, Gabrielle Anwar និង Kate Winslet មកសម្ដែងតួអង្គនេះ។ ក្រោយតារាផ្សេងៗបដិសេធ Kate Winslet ក៏បានមកសម្ដែងសាកល្បងជាតួអង្គ Rose និងបានទាក់ទាញការចាប់អារម្មណ៍របស់ James Cameron ភ្លាមៗ ប៉ុន្តែលោកក៏មិនទាន់សម្រេចចិត្តថានឹងជ្រើសរើសនាងមកសម្ដែងតួនេះដែរ រហូត Winslet បានផ្ញើផ្កាកុលាប ព្រមជាមួយកាតពីអង់គ្លេសមកកាន់ James Cameron ដោយសរសេរថា “ពីខ្ញុំ Rose របស់លោក” និងបានទូរស័ព្ទមកអង្វរ James Cameron ថា៖ “ខ្ញុំនេះហើយគឺជា Rose ខ្ញុំមិនយល់សោះថាហេតុអ្វីបានលោកនៅតែស្វែងរកអ្នកផ្សេងទៀត”។ ហើយនៅទីបំផុត ពាក្យសម្ដីស្ដែងពីភាពមោះមុតរបស់នាងក៏អាចយកឈ្នះចិត្ត James Cameron បាន។


រីឯតួឯកប្រុសឈ្មោះ Jack Dawson ជាអ្នកដំណើរថ្នាក់ធម្មតាអាយុ ២០ឆ្នាំ ដែលបានសំបុត្រជិះកប៉ាល់ទីតានិកមកតាមរយៈការឈ្នះល្បែង។ James Cameron ត្រូវការអ្នកសម្ដែងមានមន្តស្នេហ៍ មានពន្លឺក្នុងកែវភ្នែកដែលអាចផ្ដល់ក្ដីសង្ឃឹមថ្មីក្នុងជីវិតតួអង្គ Rose ដោយលោកបានពិចារណាតារាសម្ដែងប្រុសមួយចំនួនដូចជា Chris O’Donnell និង Matthew McConaughey សម្រាប់តំណែងនេះ ប៉ុន្តែទាស់ត្រង់អ្នកទាំងពីរមានអាយុច្រើនជាងតួអង្គខ្លាំងពេក ខណៈដែល Jared Leto ដែលមានមុខមាត់ និងអាយុស្រដៀងនឹង Jack Dawson បែរជាបដិសេធមិនមកសម្ដែងសាកល្បង។ ដូច្នេះហើយជម្រើសដែលសក្ដិសមបំផុតគឺនៅសល់តែ Leonardo Dicaprio ជាតារាសម្ដែងវ័យជំទង់ដែលទើបតែជាប់ជាបេក្ខភាពដណ្ដើមពានរង្វាន់អូស្កាតាមរយៈភាពយន្ត What’s Eating Gilbert Grape ប៉ុន្តែ Leonardo បែរជាមិនសូវចាប់អារម្មណ៍តួអង្គនេះឡើយព្រោះយល់ថា Jack គឺជាតួអង្គដែលមានចរិតមិនល្អក្នុងខ្លួន ហើយគេចង់សម្ដែងតួអង្គពិបាកៗជាងនេះច្រើនជាង។

ដូច្នេះហើយដំបូងៗគេបានបដិសេធមកសម្ដែងសាកល្បងជាមួយ Kate Winslet នោះទេ ប៉ុន្តែក្រោយមកក៏បានប្ដូរចិត្តនៅពេល James Cameron បានសុំអង្វរ។ ការសម្ដែងសាកល្បងរបស់ Leonardo និង Kate Winslet នៅពេលនោះ គឺជាវិនាទីដែល James Cameron បានអធិប្បាយថាដូចជាមានពន្លឺជះចេញមកពីអ្នកសម្ដែងទាំងពីរ ហើយលោកបានដឹងភ្លាមថានេះហើយគឺ Jack និង Rose ដែលលោកត្រូវការ។


នៅពេលរើសបានតួមកសម្ដែងបានគ្រប់គ្នាហើយ នៅខែសីហា ឆ្នាំ១៩៩៦ ដំណើរការថតក៏ចាប់ផ្ដើម ប៉ុន្តែនៅខណៈដែលគ្រប់យ៉ាងកំពុងដំណើរការយ៉ាងរលូន លោក Bill Mechanic អ្នកគ្រប់គ្រងរបស់ 20 Century Fox បានរកឃើញថា James Cameron បានចាយប្រាក់អស់ ៥០លានដុល្លារបាត់ទៅហើយ ទាំងដែលកុនថតមិនទាន់បានពាក់កណ្ដាលផង។ ដូច្នេះហើយ Bill Mechanic ក៏បានបង្គាប់ឱ្យ James Cameron កាត់ឈុតមួយចំនួនចេញដើម្បីកាត់បន្ថយការចំណាយ ដែលធ្វើឱ្យ James Cameron ខឹងខ្លាំងមែនទែន និងបានឆ្លើយតបវិញយ៉ាងឆេះឆួលថា៖ “បើអ្នកចង់កាត់កុនរបស់ខ្ញុំចេញ អ្នកត្រូវដេញខ្ញុំចេញសិន ប៉ុន្តែបើអ្នកដេញខ្ញុំចេញ អ្នកក៏ត្រូវសម្លាប់ខ្ញុំសិនដូចគ្នា”។ យ៉ាងណាមិញ នៅពេលដែលភាពយន្តចេះតែបន្តថត ដើមទុនក៏ចេះតែរីកទៅៗរហូតដល់ក្រុមហ៊ុនមានវិបត្តិហិរញ្ញវត្ថុ។ ពីដើមទុនដែលប៉ាន់ស្មានទុក ១០០លានដុល្លារ ក៏ឡើងដល់ជិត ២០០លានដុល្លារ ធ្វើឱ្យថ្នាក់ដឹកនាំ Fox ស្ទើរតែខូចសតិ ព្រោះក្រុមហ៊ុនចាប់ផ្ដើមអស់ជំនឿថានឹងអាចរកចំណូលឱ្យបានស្រង់ដើមសម្រាប់ភាពយន្តមួយនេះហើយ។
ហេតុការណ៍តានតឹងរវាង James Cameron និងអ្នកគ្រប់គ្រងរបស់ Fox បានក្លាយជារឿងរ៉ាវដែលបណ្ដាសារព័ត៌មានយកទៅសរសេរចុះផ្សាយយ៉ាងព្រោងព្រាត ព្រោះក្នុងខណៈពេលនោះ Titanic បានក្លាយជាភាពយន្តដែលចាយទុនច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាត់ទៅហើយ ហើយប្រព័ន្ធផ្សព្វផ្សាយក៏កំពុងឃ្លាំមើលថាប្រសិនបើភាពយន្តនេះមិនអាចរកចំណូលបានតាមការគ្រោងទុក Titanic នឹងក្លាយជាភាពយន្តដែលបរាជ័យធំបំផុតក្នុងប្រវត្តិសាស្ត្រ។
មែនទែនទៅ James Cameron ក៏ដឹងច្បាស់ដែរថាលោកគឺជាដើមហេតុដែលធ្វើឱ្យដើមទុនផលិតកាន់តែកើនឡើងស្ទើរគុណនឹងពីរ ដូច្នេះហើយលោកក៏បានទទួលខុសត្រូវដោយការប្រគល់តម្លៃខ្លួនពីការដឹកនាំរបស់លោកឱ្យទៅ 20 Century Fox ដើម្បីជួយសម្រាលបន្ទុកក្រុមហ៊ុនក្នុងការចំណាយផលិតរឿង។
មិនត្រឹមតែបញ្ហាដើមទុនផលិតប៉ុណ្ណោះទេដែលកំពុងធ្វើឱ្យគ្រប់ភាគីឈឺក្បាល ប៉ុន្តែបរិយាកាសនៅទីតាំងថតក៏មានបញ្ហាច្រើនមិនខុសគ្នាដែរ។ តួយ៉ាងដូចជាបញ្ហាពុលអាហារ ដែលគេជឿថាកើតឡើងដោយសារមានក្រុមការងារម្នាក់លួចដាក់សារធាតុពុលដោយសារមិនអាចទទួលយកវិធីធ្វើការបែបផ្ដាច់ការរបស់ James Cameron បាន រួមទាំងបញ្ហារងរបួសរបស់ក្រុម Stunt ភាពហត់នឿយរបស់អ្នកសម្ដែងដែលត្រូវធ្វើការមួយថ្ងៃ១៧ម៉ោងពេញមួយសប្ដាហ៍ រួមទាំងការដែលត្រូវថតឈុតដដែលៗម្ដងហើយម្ដងទៀតរហូតទាល់តែ James Cameron ពេញចិត្ត។

ដូចជាឈុតឆាកស្នេហានៅក្បាលកប៉ាល់ទីតានិកដែលជាឈុតល្បីបំផុតក្នុងរឿងនេះ Kate Winslet ត្រូវថតនិងនិយាយប្រយោគដដែលៗមិនក្រោម ២០ដងនោះទេ ព្រោះការសម្ដែងរបស់នាងនៅមិនត្រូវចិត្តអ្នកដឹកនាំ ឬពេលខ្លះ ខ្យល់់ប៉ើងសំពត់ខ្លាំងពេក ឬពុំដូច្នោះទេ James Cameron មិនទាន់ត្រូវចិត្តការរៀបចំពន្លឺព្រះអាទិត្យក្លែងក្លាយ ដែលអាចនិយាយបានថាអ្នកដឹកនាំរូបនេះយកចិត្តទុកដាក់យ៉ាងលម្អិតបំផុតគ្រប់ជ្រុងជ្រោយ ធ្វើឱ្យការថតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលយប់ត្រូវអូសបន្លាយរហូតដល់ព្រឹកថ្ងៃថ្មី។ ប៉ុន្តែទីបំផុត James Cameron ក៏ពេញចិត្តការសម្ដែងរបស់ Kate Winslet ក្នុងឈុតនេះជាខ្លាំង ព្រោះទឹកមុខហត់នឿយរបស់នាងដែលកើតឡើងដោយសារការថតអស់ជាច្រើនម៉ោងនោះគឺស៊ីនឹងអារម្មណ៍តួអង្គដែល James Cameron ត្រូវការតែម្ដង។
នៅទីបំផុត Titanic ក៏បានបញ្ចប់ការថតនៅខែមីនា ឆ្នាំ១៩៩៧ ដោយ James Cameron នៅសល់ពេលវេលាសម្រាប់ Post Production ត្រឹមតែ ៣ខែប៉ុណ្ណោះដើម្បីអាចចេញបញ្ចាំងឱ្យទាន់ពេលកំណត់ដែលបានគ្រោងទុកនៅថ្ងៃទី២ ខែកក្កដា តាមអ្វីដែល Fox និង Paramount ប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានា។ Poster ដំបូងបំផុតរបស់រឿង Titanic នៅពេលនោះមានត្រឹមតែអក្សរសរសេរបញ្ជាក់ថានឹងចេញបញ្ចាំងនៅរដូវក្ដៅឆ្នាំ១៩៩៧ ដោយមិនមានមុខតួអង្គ ឬឈុតឆាកសំខាន់អ្វីនោះទេ។ មូលហេតុគឺដោយសារ James Cameron មិនអាចបញ្ចប់ភាពយន្តបានទាន់ពេលកំណត់។ ការងារដែលលំបាកបំផុតនៅក្នុងដំណាក់កាល Post Production គឺការងារ Visual Effects ខណៈ James Cameron ត្រូវការឱ្យគ្រប់រូបភាពមើលទៅឥតខ្ចោះបំផុត ដោយមិនខ្វល់ថារឿងនេះត្រូវពន្យារពេលបញ្ចាំងប៉ុន្មានដងទៀតនោះទេ។

ឈុតមួយដែល James Cameron ធ្វើការយ៉ាងល្អិតល្អន់បំផុតគឺឈុតដែលកប៉ាល់ទីតានិកចេញដំណើរទេសចរណ៍ ដោយក្នុងនោះគេត្រូវប្រើ Computer Graphic ដើម្បីបង្កើតអង្គប្រកបផ្សេងៗដើម្បីឱ្យកប៉ាល់ទីតានិកមើលទៅមានជីវិតរស់រវើក រួមទាំងរូបភាពបណ្ដាអ្នកដំណើរនៅលើកប៉ាល់ ដោយនេះគឺជាលើកដំបូងហើយដែល James Cameron បាននាំយកបច្ចេកវិទ្យា Motion Picture មកប្រើប្រាស់ក្នុងភាពយន្តរបស់គាត់។
ចំណែកឈុតកប៉ាល់លិចវិញ James Cameron ក៏ត្រូវថតឈុតនេះច្រើនលើកច្រើនសាដែរ មានទាំងការថតជាមួយកប៉ាល់ចម្លងខ្នាតយក្ស ការថតជាមួយឆាក Green Screen និងការថតជាមួយកូនកប៉ាល់តូច ទើបយកមកកាត់តបញ្ចូលគ្នាដោយប្រើជំនួយពី Computer Graphic ធ្វើយ៉ាងណាឱ្យពេលវេលាអវសាននៃកប៉ាល់ទីតានិកមើលទៅព្រឹព្រួចនិងដូចពិតៗខ្លាំងបំផុត។
James Cameron បានយកចិត្តទុកដាក់សូម្បីតែ Details តូចៗដូចជាខ្យល់ដង្ហើមរបស់តួអង្គ រួមទាំងកែវភ្នែករបស់តួអង្គ Rose ពេលវ័យចំណាស់ និងតួអង្គ Rose ពេលវ័យក្មេងក៏ត្រូវបានComputer Graphic កែសម្រួលឱ្យមើលទៅដូចគ្នាដែរ។

ខណៈដែលភាពយន្តហាក់គ្មានតម្រុយថានឹងអាចបញ្ចប់តាមពេលកំណត់បញ្ចាំង ខាងផលិតកម្មក៏បានប្រកាសលើកថ្ងៃបញ្ចាំងជាបន្ត ពីថ្ងៃទី២ ខែកក្កដា មកទី២៥ ខែកក្កដា។ ប៉ុន្តែថ្ងៃដែលលើកនោះក៏ត្រូវបុកគ្នាជាមួយថ្ងៃចេញបញ្ចាំងរបស់ភាពយន្តធំមួយទៀតគឺរឿង “Air Force One” ធ្វើឱ្យក្រុមហ៊ុន Columbia Picture ត្រូវភិតភ័យដែរដោយខ្លាចថាការបញ្ចាំងក្នុងពេលតែមួយនៃភាពយន្តមហន្តរាយខ្នាតធំពីរ គឺមហន្តរាយដោយយន្តហោះ និងមហន្តរាយនៃកប៉ាល់យក្សនឹងធ្វើឱ្យភាពយន្តទាំងពីរខាតបង់ទាំងអស់គ្នា ច្រើនជាងមានផលល្អ។ ដូច្នេះហើយតួឯកប្រុសភាពយន្ត “Air Force One” គឺ Harrison Ford ក៏បានលូកដៃក្នុងរឿងនេះដោយប្រើប្រាស់ឥទ្ធិពលរបស់លោកក្នុងវិស័យនេះ និងទំនាក់ទំនងដ៏ល្អរបស់លោកជាមួយប្រធានក្រុមហ៊ុន Paramount ដើម្បីសុំអង្វរឱ្យ Paramount ពន្យារពេលចេញបញ្ចាំងភាពយន្ត “Titanic” ទៅខែផ្សេងវិញ។
យ៉ាងណាមិញ ការពន្យារពេលបញ្ចាំងនៅតែជាបញ្ហាធំដែលគ្មានទីបញ្ចប់ ខណៈដែលអ្នកគ្រប់គ្រងរបស់ Fox និង Paramount ណាត់គ្នាប្រជុំបន្ទាន់នៅពេលទៅចូលរួមកម្មវិធីមហោស្រពភាពយន្តទីក្រុងកានឆ្នាំ១៩៩៧ និងមានការទាស់សម្ដីគ្នាយ៉ាងតឹងសរសៃក រហូតធ្វើឱ្យអ្នកកាសែតយករឿងនេះទៅសរសេរព័ត៌មានយ៉ាងផុសផុលម្ដងទៀត ដោយ Fox ត្រូវការឱ្យរឿងចេញបញ្ចាំងនៅខែសីហា ព្រោះបើកាន់តែពន្យារពេល ដើមទុនផលិតនឹងកើនឡើងកាន់តែច្រើនតាមរយៈការកើនឡើងនៃអត្រាការប្រាក់នៃបំណុលដែលពួកគេខ្ចីពីធនាគារ។ ក៏ប៉ុន្តែ Paramount គិតថាខែសីហាមិនសក្តិសមនឹងការចេញបញ្ចាំងភាពយន្តដែលចាយទុនធំនោះទេ ព្រោះវាហួសរដូវក្ដៅទៅហើយ ហើយក៏បានស្នើឱ្យចេញបញ្ចាំងនៅថ្ងៃបុណ្យ Thanksgiving ក្នុងខែវិច្ឆិកាជំនួសវិញ។ ក៏ប៉ុន្តែ Fox ក៏មិនយល់ស្រប ព្រោះបើបញ្ចាំងខែវិច្ឆិកាគឺនឹងត្រូវបុកគ្នាជាមួយភាពយន្តចាយទុនធំពីរទៀតរបស់ខ្លួនគឺរឿង “Anastasia” និង “Alien” វគ្គ៤។
បន្ទាប់ពីឈឺក្បាលដោយសារការរកពេលបញ្ចាំងមួយរយៈធំ ទីបំផុតក្រុមហ៊ុនទាំងពីរក៏ឯកភាពគ្នាថានឹងចេញបញ្ចាំងរឿង “Titanic” នៅថ្ងៃទី១៩ ខែធ្នូ ដើម្បីស្វាគមន៍រដូវកាលបុណ្យគ្រិស្តម៉ាស ហើយអ្នកដែលសប្បាយចិត្តជាងគេចំពោះការសម្រេចនេះគឺគ្មានអ្នកណាក្រៅពី James Cameron នោះទេ ព្រោះការដែលកុនត្រូវពន្យារពេលបញ្ចាំងរហូតដល់ ៥ខែធ្វើឱ្យគាត់មានពេលសម្រាប់ធ្វើការងារ Post Production កាន់តែច្រើន។

បញ្ហាធំមួយទៀតដែល James Cameron ត្រូវប្រឈមនោះគឺរយៈពេលនៃកុន ដោយក្រុមហ៊ុន 20 Century Fox មិនចង់ឱ្យរឿងនេះមានរយៈពេលលើស ៣ម៉ោងនោះទេ ព្រោះនឹងធ្វើឱ្យចំនួនដងនៃការបញ្ចាំងក្នុងមួយថ្ងៃត្រូវកាត់បន្ថយ និងប៉ះពាល់ដល់ការរកចំណូល ដូច្នេះហើយពួកគេក៏ដាក់សំណើដាច់ខាតឱ្យ James Cameron កាត់រឿងនេះឱ្យនៅសល់ខ្លីបំផុតតាមដែលអាចធ្វើបាន។
ជំនួសឱ្យការតវ៉ា James Cameron បានសម្រេចចិត្តកាត់តរឿងជា ២ version ហើយក៏ចាក់បញ្ចាំងឱ្យអ្នកគ្រប់គ្រង Fox ទស្សនាសាកល្បង ដោយ Version ទីមួយមានរយៈពេល ១ម៉ោងកន្លះ ចំណែក Version មួយទៀតមានរយៈពេល ៣ម៉ោង១៤នាទី។ បន្ទាប់ពីបានទស្សនាកុនទាំង២ version ចប់ អ្នកគ្រប់គ្រងទាំងអស់ក៏សម្រេចចិត្តជ្រើសរើស Version ដែលមានរយៈពេល ៣ម៉ោងដោយមិនបាច់គិត ព្រោះវាមើលទៅល្អជាង Version មួយម៉ោងកន្លះដាច់។ នេះក៏ជាលើកដំបូងដែរដែលថ្នាក់ដឹកនាំរបស់ Fox បានជ្រួតជ្រាបពីភាពអស្ចារ្យនៃភាពយន្ត Titanic ដែល James Cameron ខិតខំកសាងឡើងមក ហើយពួកគេក៏ហាក់ដូចជាដឹងភ្លាមៗដែរថាក្នុងខណៈពេលនេះក្រុមហ៊ុនកំពុងមានគ្រាប់ពេជ្រដ៏ស្រស់ស្អាតនិងមានតម្លៃខ្លាំងក្នុងដៃហើយ។

មកដល់ខែវិច្ឆិកា ភាពយន្ត Titanic ក៏កាត់តចប់ជាស្ថាពរ។ ក្រុមហ៊ុន 20 Century Fox បាននាំយករឿងនេះទៅបង្អួតសាធារណជនជាលើកដំបូងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តក្រុងតូក្យូ និងរំពឹងឱ្យភាពល្បីល្បាញនៃភាពយន្ត Titanic ក្នុងព្រឹត្តិការណ៍នោះត្រូវបានផ្សព្វផ្សាយទៅដល់ទីក្រុងផ្សេងៗទូទាំងពិភពលោក ហើយចុងក្រោយក៏ទទួលបានលទ្ធផលដូចដែលពួកគេរំពឹងទុកពិតមែន។ ចំណែកខាង Paramount ក៏បានសម្ពោធបញ្ចាំងភាពយន្ត Titanic ទៅទីក្រុង Los Angeles ហើយបន្ទាប់ពីភាពយន្តបញ្ចាំងចប់ អ្នកវិភាគកុនជាច្រើនក៏បានចេញមកសរសើររឿងនេះ និងនិយាយពាក្យតែមួយថា៖ “Titanic មានគុណសម្បត្តិជាភាពយន្តអមតៈលំដាប់ Classic ដោយមានឈុតចុងក្រោយជាឈុតដកស្រង់ពីប្រវត្តិសាស្ត្រពិតៗ”។ អ្នកវិភាគ និងសារព័ត៌មានជាច្រើនស្ថាប័នបានលើកសរសើរ Titanic ថាជាកំពូលភាពយន្តដូច Gone With The Wind ឬ Doctor Zhivago ប្រចាំទសវត្សរ៍ឆ្នាំ១៩៩០។

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ Titanic ក៏បានចេញបញ្ចាំងជាផ្លូវការនៅសហរដ្ឋអាមេរិក និងបានទទួលចំណាត់ថ្នាក់លេខ១លើតារាង Box Office ជាមួយចំណូល ២៨,៦លានដុល្លារនៅចុងសប្ដាហ៍ដំបូង។ សម្រាប់ភាពយន្ត Blockbuster ទូទៅនៅសម័យនោះ ចំនួននេះចាត់ទុកថាជាតួលេខជាទីពេញចិត្ត ប៉ុន្តែសម្រាប់ភាពយន្តដែលចំណាយទុនខ្ពស់ដល់ ២០០លានដុល្លារបែបនេះគឺមិនទាន់គ្រប់គ្រាន់នោះឡើយ។
យ៉ាងណាក៏ដោយ ចំណុចមួយដែលមិនអាចបដិសេធបាននោះគឺ Titanic គឺជាភាពយន្តដែលទស្សនិកជនលង់ស្នេហ៍។ ទស្សនិកជនណាក៏ដោយដែលបានទស្សនារឿងនេះបាននិយាយតៗគ្នាអំពីភាពអស្ចារ្យនៃរឿងនេះ និងបានត្រលប់មកទស្សនាម្ដងហើយម្ដងទៀត រហូតធ្វើឱ្យចុងសប្ដាហ៍បន្ទាប់មក Titanic អាចរកចំណូលបានខ្ពស់រហូតដល់ ៣៥,៤លានដុល្លារ ឬខ្ពស់ជាងចុងសប្ដាហ៍បើកឆាកជាង ២៣ភាគរយ និងបានបង្កើតភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ជាមួយចំណូលដែលកើនឡើងស្ទើរតែគ្មានការថមថយរហូតអាចគ្រងតំណែងលេខ១លើតារាង Box Office យ៉ាងយូរដល់ ១៥សប្ដាហ៍ និងធ្វើឱ្យ Titanic ក្លាយជាភាពយន្តដែលអាចជាប់ចំណាត់ថ្នាក់លេខ១លើតារាង Box Office បានយូរបំផុតក្នុងប្រវត្តិសាស្ត្រ វ៉ាដាច់ភាពយន្ត “Beverly Hills Cop” ដែលធ្លាប់គ្រងតំណែងនេះយូរបាន ១៣សប្ដាហ៍។

ក្រោយបញ្ចាំងចូលរាប់ខែ Titanic នៅតែបន្តកើបលុយបានយ៉ាងសប្បាយដៃ ដោយអាចរកចំណូលនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំ១៩៩៨តែមួយថ្ងៃនោះបានរហូតដល់ ១៣លានដុល្លារ ហើយនេះគឺជាចំណូលប្រចាំថ្ងៃខ្ពស់បំផុតរបស់ Titanic ដែលបានកើតឡើងបន្ទាប់ពីកុនបានចេញបញ្ចាំងបាន ៥៧ថ្ងៃរួចទៅហើយ។ នៅទីបំផុត ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ Titanic ក៏អាចរកចំណូលទូទាំងពិភពលោកបានលើស ៩១៣លានដុល្លារ វ៉ាដាច់ភាពយន្ត Jurassic Park ដែលគ្រងតំណែងភាពយន្តរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅពេលនោះ ហើយមិនបានប៉ុន្មានថ្ងៃបន្ទាប់ពីនោះក៏ត្រូវបានចារឹកជាភាពយន្តដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលបានលើស ១ពាន់លានដុល្លារបានសម្រេច។
ក្នុងខណៈពេលនោះ ហូលីវូដ ស្ទើរតែមិនអាចព្យាករតួលេខចំណូលចុងក្រោយរបស់ Titanic បានឡើយ។ ពីការប៉ាន់ប្រមាណថាចំណូលទូទាំងពិភពលោកនឹងបិទបញ្ចប់ត្រឹម ១២០០លានដុល្លារ ប៉ុន្តែក៏បានកើនឡើងជាបន្តបន្ទាប់ រហូតដល់ទីបំផុតសរុបរយៈពេល ១០ខែនៃការចាក់បញ្ចាំង Titanic អាចរកចំណូលបាន ១៨៤៣លានដុល្លារ ហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Titanic ក៏ត្រូវយកមកបញ្ចាំងម្ដងហើយម្ដងទៀតរហូតអាចរកចំណូលទូទាំងពិភពលោកបានច្រើនជាង ២ពាន់លានដុល្លារ។


មិនត្រឹមតែចំណូលពីការលក់សំបុត្រកុនប៉ុណ្ណោះទេ ប៉ុន្តែគ្រប់យ៉ាងពាក់ព័ន្ធនឹងរឿង Titanic ក៏អាចរកចំណូលបានច្រើនទាំងអស់។ ដូចជា សៀវភៅ James Cameron’s Titanic បានជាប់ចំណាត់ថ្នាក់លេខ១ជាសៀវភៅដែលលក់ដាច់បំផុតរបស់ New York Times។ ចំណែកអាល់ប៊ុមចម្រៀងក្នុងរឿងដែលជាស្នាដៃរបស់ James Horner ក៏បានបំបែកកំណត់ត្រាជាអាល់ប៊ុម Soundtrack ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយតួលេខលក់សរុបបានជាង ១១លានបន្ទះ ខណៈដែលបទ “My Heart Will Go On” ដែលច្រៀងដោយ Celine Dion ក៏បានល្បីល្បាញទូទាំងពិភពលោក ហើយអាល់ប៊ុម Single បទនេះតែមួយបទអាចលក់ដាច់បាន ១៨លានបន្ទះ។

ភាពល្បីល្បាញនៃភាពយន្ត Titanic ក៏បានសាយភាយឥទ្ធិពលដល់កម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំ១៩៩៨ដែរ ដោយធ្វើឱ្យកម្មវិធីទទួលបានចំនួនអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៥៧លាននាក់ទូទាំងពិភពលោក ហើយនៅពេលពានរង្វាន់ត្រូវបានប្រកាស Titanic ក៏បានបំបែកកំណត់ត្រាជាភាពយន្តដែលឈ្នះពានច្រើនបំផុតរហូតដល់ ១១ពានរង្វាន់ ដែលរួមទាំងពានរង្វាន់ធំ Best Picture។

បើទោះជាឈប់បញ្ចាំងក្នុងរោងកុនហើយក៏ក្ដី ប៉ុន្តែ Titanic នៅតែអាចបំបែកកំណត់ត្រាផ្សេងៗជាបន្តបន្ទាប់ទៀតដូចជា៖
- នៅឆ្នាំ១៩៩៩ Titanic បានវ៉ាមុខ The Lion King ក្លាយជាភាពយន្តដែលលក់ DVD បានច្រើនបំផុតលើពិភពលោក ពោលគឺជាង ៦០លានបន្ទះ។
- ប្រយោគ “I’m The King Of the World” របស់ Jack បានក្លាយជាប្រយោគអមតៈដែលជាប់ក្នុងចំណោមប្រយោគក្នុងភាពយន្តល្អបំផុតទាំង ១០០។
- ឈុតដែល Kate Winslet ស្លៀកក្នុងឈុតបង្ហាញមុខតួអង្គ Rose ក៏បានក្លាយជាឈុតដែលគួរឱ្យចងចាំបំផុតក្នុងពិភពភាពយន្ត។
- ស្ថាប័នភាពយន្តប្រចាំសហរដ្ឋអាមេរិកបានលើកតម្កើងឱ្យ Titanic ក្លាយជាភាពយន្តមួយក្នុងចំណោមភាពយន្តអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រទាំង ១០០ របស់អាមេរិក។
ការចាត់ចំណាត់ថ្នាក់ដែលបានលើកឡើងនេះ គឺគ្រាន់តែឧទាហរណ៍តិចតួចប៉ុណ្ណោះដែលសរបញ្ជាក់ឱ្យឃើញថា ២៥ឆ្នាំកន្លងផុតរបស់ភាពយន្ត Titanic គឺជាការធ្វើដំណើរដ៏វែងឆ្ងាយក្នុងចិត្តទស្សនិកជន ហើយនៅតែបន្តបង្កការចាប់អារម្មណ៍ពីមួយជំនាន់ទៅមួយជំនាន់ដោយគ្មានទីបញ្ចប់។ បើទោះបីថ្ងៃនេះ Titanic អាចមិនមែនជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទៀតក៏ពិតមែន ប៉ុន្តែស្លាកស្នាមភាពជោគជ័យរបស់រឿងនេះកន្លងមកនៅតែដិតដាមក្នុងកែវភ្នែកមនុស្សគ្រប់គ្នា ហាក់បីដូចជាហេតុការណ៍ទាំងអស់ទើបកើតឡើងកាលពីថ្មីៗនេះប៉ុណ្ណោះ ៕



























Account
Security
Favourite Content