អានហើយកាន់តែស្ងើចសរសើរ! រំឭកប្រវត្តិកសាងយ៉ាងលំបាកទម្រាំក្លាយជាភាពយន្ត Titanic ដែលល្បីកក្រើកពិភពលោក

រយៈពេលជាង ២៥ឆ្នាំហើយដែល ភាពយន្តខ្នាតធំរបស់លោក James Cameron “Titanic” បាន​ចូលមក​សាងភាពអស្ចារ្យដក់ជាប់ក្នុងចិត្តទស្សនិកជនទូទាំងពិភពលោក រួមទាំងសាងប្រវត្តិសាស្ត្រថ្មីក្នុងឋានៈភាពយន្តរកចំណូលបានច្រើនបំផុតប្រចាំសតវត្សរ៍ទី២០ និងជាភាពយន្តមួយដែល​អាច​ឈ្នះពានរង្វាន់អូស្កាបានច្រើនបំផុត។ តាមរយៈភាពជោគជ័យនៅគ្រប់ផ្នែក ធ្វើឱ្យមកដល់បច្ចុប្បន្ននេះ Titanic ត្រូវបានលើកតម្កើងជាភាពយន្តលំដាប់ប្រវត្តិសាស្ត្រ រហូតយើងនឹកស្មានមិនដល់ថាមុននឹងបានចេញបញ្ចាំងនៅឆ្នាំ១៩៩៧ ភាពយន្តដែលចំណាយដើមទុនផលិតជាង ២០០លាន​ដុល្លាររបស់ James Cameron មួយនេះធ្លាប់ត្រូវគេមើលស្រាលថានឹងជាភាពយន្តខ្នាតយក្សដែលបរាជ័យយ៉ាប់យ៉ឺនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារតែមានបែកធ្លាយព័ត៌មានអាស្រូវសព្វសារពើពីទីតាំងថត ការឈ្លោះទាស់ទែងរវាង James Cameron ជាមួយថ្នាក់ដឹកនាំរបស់ Fox ពាក់ព័ន្ធបញ្ហាដើមទុនផលិតដែលចេះតែកើនច្រើនទៅៗឥតឈប់ រួមទាំងការ​ថត​ដែលយឺតយ៉ាវជាងការកំណត់ រហូត​ធ្វើ​ឱ្យរឿងត្រូវពន្យារពេលបញ្ចាំងម្ដងហើយម្ដងទៀត។

ប៉ុន្តដូចដែលយើងដឹង ហើយថា Titanic មិនត្រឹមតែមិនមែនជា​មហន្តរាយខ្នាតធំក្នុងវិស័យកុនហូលីវូដដូចដែលមនុស្សជាច្រើនមើលងាយនោះទេ ប៉ុន្តែវាបានក្លាយជាភាពយន្តដែល​ទទួលបានជោគជ័យខ្លាំងបំផុតមួយលើពិភពលោក ហើយខាងក្រោមនេះ A M S នឹង​រំឭកលម្អិតពីដំណើរកសាងយ៉ាងលំបាក និងសមិទ្ធផលអស្ចារ្យជាច្រើនពីវណ្ណកម្ម​ប្រចាំប្រវត្តិសាស្ត្រ​មួយ​នេះ។

ត្រលប់ទៅឆ្នាំ១៩៨៧ James Cameron អ្នកដឹកនាំរឿងដែលជាអ្នកស្រលាញ់ពិភពក្រោមសមុទ្រយ៉ាងងុបងល់បានបើកឃើញភាពយន្តឯកសារមួយ​របស់ National Geographic ដោយ​ចៃដន្យដែលនិយាយពីប្រតិបត្តិការស្វែងរក​បំណែកកប៉ាល់ទីតានិក។ ភាពយន្តឯកសារ​មួយ​នេះ​បាន​បញ្ឆេះចិត្ត James Cameron ឱ្យចាប់ផ្ដើម​ចាប់អារម្មណ៍រឿងរ៉ាវរបស់​កប៉ាល់ទីតានិក ​ដែល​ធ្លាប់​ត្រូវគេឱ្យឈ្មោះថាជាកប៉ាល់មានទំហំធំបំផុតលើលោក ប៉ុន្តែក៏ត្រូវ​លិចបាត់​ក្នុងកំឡុងចេញដំណើរទេសចរណ៍នៅខែមេសា ឆ្នាំ១៩១២ បន្ទាប់ពី​បាន​បុក​ជាមួយ​ផ្ទាំងទឹកកកកណ្ដាលមហាសមុទ្រអាត្លង់ទិក ធ្វើ​ឱ្យ​មាន​ជនរងគ្រោះបាត់បង់ជីវិតជាង ១៥០០នាក់។

James Cameron បាន​ចាប់ផ្ដើម​ស្រមើស្រមៃពីពេលវេលាលិចលង់​របស់កប៉ាល់ទីតានិក រួម​ទាំង​ជីវិតរបស់​អ្នក​ដំណើរ​រាប់​ពាន់​នាក់​ដែល​បាន​ឡើងជិះកប៉ាល់​ និងវិនាទី​ស្លាប់រស់​របស់​ពួក​គេមុន​កប៉ាល់​ទីតានិក​លិចបាត់ទៅដល់​បាតសមុទ្រ​អាត្លង់ទិកអស់រយៈពេល​ជាង​មួយ​រយ​ឆ្នាំកន្លងមក។

ប្រការ​ទាំងអស់​នេះ​បាន​នាំ​ឱ្យ​មាន​ការ​សរសេរអត្ថបទភាពយន្តរឿង Titanic ដែល James Cameron បាន​តាំងចិត្ត​បង្កើតជា​ភាពយន្ត​បែប​រ៉ូមែនទិក ចាប់ផ្ដើម​ដំណើររឿងដោយមាន​ក្រុមអ្នក​ស្រាវជ្រាវរុករកខ្សែកពេជ្រដ៏មានតម្លៃឈ្មោះថា “Heart of the Ocean” ដែលគេជឿថាបាន​លិចព្រម​ជាមួយ​កប៉ាល់ទីតានិកនៅឆ្នាំ១៩១២។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេបាន​រក​ឃើញ​នោះ​គឺ​មានត្រឹម​តែ​រូបគំនូរ​របស់ខ្សែកនោះដែលស្ថិត​លើរាងកាយរបស់នារីម្នាក់។ បន្ទាប់​មក​ទើបសាច់រឿងសំខាន់​ត្រូវ​បាន​បង្ហាញ​ក្នុងលក្ខណៈ Flashback ថយក្រោយ និយាយ​ពីរឿងរ៉ាវ​ស្នេហា​រវាង Rose ជានារី​ដែលស្ថិត​ក្នុងរូបគំនូរនោះជាមួយ Jack ជាវិចិត្រករ​កំលោះដែលជាអ្នក​គូរ​រូបឱ្យ​នាង។

James Cameron បានបញ្ជ្រាប​បញ្ចូលរឿងរ៉ាវ​ពាក់ព័ន្ធ Jack និង Rose នៅលើកប៉ាល់ទីតានិកម្ដងបន្តិចៗ​ រហូត​មក​ដល់ឆ្នាំ១៩៩៥ លោក​ក៏​បាន​សរសេរអត្ថបទភាពយន្ត​នេះចប់ជាស្ថាពរ។ ក្រោយ​មក​លោក​ក៏​បាន​នាំយក​គំនិតបង្កើត​ភាពយន្ត​ Titanic ទៅស្នើជាមួយ 20 Century Fox ដោយ​បាន​ប៉ាន់ប្រមាណ​ទុនផលិតប្រមាណ ១០០លាន​ដុល្លារ។

ក្នុងឋានៈជាអ្នក​ដឹកនាំ​រឿង​ដែល​ធ្លាប់​សាងចំណូល​យ៉ាងមហាសាល​ឱ្យ Fox ដូចជាតាមរយៈភាពយន្ត Aliens និងទើបតែទទួលបានជោគជ័យក្ដៅៗជាមួយភាពយន្ត Terminator 2: Judgment Day និង True Lies ធ្វើឱ្យ Fox ចំណាយពេល​ពិចារណាមិនយូរ​នោះឡើយ​ក្នុងការ​អនុម័ត​ Project ភាពយន្ត Titanic និងព្រមបោះទុនដំបូងចំនួន ៣លាន​ដុល្លារ​ឱ្យ James Cameron ភ្លាមៗដើម្បីប្រើប្រាស់សម្រាប់​ការ​មុជទឹកទៅថតរូបភាព Footage របស់កប៉ាល់ទីតានិក​ពិតដែលបានលិចបាត់ក្នុងបាតសមុទ្រជម្រៅជិត ៤គីឡូម៉ែត្រ។ រយៈពេល ១៨ថ្ងៃដែល James Cameron វក់វីនឹងការ​ប្រមូល Footage នោះ រូបភាពរបស់​ភាពយន្ត​ដែលលោកធ្លាប់តែស្រមៃក៏លេចឡើងកាន់តែច្បាស់ទៅៗ។

ប៉ុន្តែនៅខណៈ​ដែល James Cameron ចាប់ផ្ដើម​យក​ទុនផលិតរឿងទៅប្រើប្រាស់​សម្រាប់ការ​ពង្រីក Production ច្រើនទៅៗ Fox ក៏ចាប់​ផ្ដើម​ព្រួយបារម្ភ​ថា James Cameron នឹង​ប្រើដើម​ទុន​លើសកំណត់​ដូចរឿង​កន្លងៗមក​របស់​គាត់។ ដូច្នេះហើយ Fox ក៏បាន​បបួលក្រុមហ៊ុន Paramount ​មក​សហការផលិត​ជាមួយ​គ្នាដើម្បី​កាត់បន្ថយ​ហានិភ័យ។

នៅ​ពេល​ដែលការចុះ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ទាំងពីរ​ត្រូវ​បាន​បញ្ចប់រួចរាល់ ប្រាក់​ដើមទុន​ធំដំបូងក៏ត្រូវបាន​យក​មក​ប្រើប្រាស់​ដើម្បីកសាងទីតាំងថត​នៅ​ប្រទេស​ម៉ិកស៊ីកូភ្លាមៗ។ គ្រាប់បែក​ចំនួន ៥០គ្រាប់​ត្រូវ​បាន​កប់​ក្នុងដី​និងបំផ្ទុះ​ឡើងដើម្បី​កសាងរណ្ដៅដ៏ជ្រៅធ្វើអាងទឹក​ចំនួន ៦៤០០០ម៉ែត្រគូបសម្រាប់ថតឈុតកប៉ាល់លិច ដែលត្រូវបានចាត់ទុកថាជាអាងទឹកធំបំផុត​លើពិភពលោក​នៅ​ពេលនោះ បន្ទាប់មក​ទើប​កសាងកប៉ាល់ទីតានិកទំហំ ២៣៤ម៉ែត្រ ឬស្មើនឹង ៩០ភាគរយ​នៃ​កប៉ាល់ពិត និងមាន​ឧបករណ៍​បញ្ជាពន្លិចដើម្បី​ថត​ឈុត​នៅពេល​កប៉ាល់លិចផងដែរ។

សម្រាប់ផ្នែក​ខាង​ក្នុង​កប៉ាល់ Production Designer លោក Peter Lamont ក៏បាន​រចនា​ឱ្យ​បាន​ដូចខាងក្នុង​កប៉ាល់​ពិតប្រាកដ​ច្រើន​បំផុត ដោយ​មិន​លើកលែងសូម្បី​តែ​ចាន តុ កៅអី និងគ្រឿងសង្ហារិម​គ្រប់​យ៉ាងគឺសុទ្ធតែត្រូវ​បាន​ផលិត​តាម​គំរូ​ដែល​ប្រើប្រាស់​លើ​កប៉ាល់​ទីតានិកពិត។ សូម្បីកម្រាលព្រំ ក្រុមការងារដល់ថ្នាក់ទាក់ទង​ក្រុមហ៊ុន​ដែលធ្លាប់​ផលិត​ព្រំ​ឱ្យ​កប៉ាល់​ទីតានិក​ពិតៗឱ្យ​ផលិត​តែម្ដង ដើម្បី​ឱ្យ​ព្រំ​ដែល​ប្រើ​សម្រាប់​ថត​មើល​ទៅ​ដូច​ព្រំ​ដើម​គ្រប់កន្លែង។

រីឯ Costume Designer អ្នកស្រី Deborah Lynn Scott ក៏​បាន​ធ្វើការរចនាម៉ូដ​សម្លៀកបំពាក់​គ្រប់​ឈុត​យ៉ាង​លម្អិត ហើយឈុត​ខ្លះ​គឺ​បាន​យក​សម្លៀកបំពាក់​ពិតៗពីសម័យ​នោះ​មក​ប្រើប្រាស់ព្រោះវត្ថុធាតុដើមខ្លះ​មិន​អាច​រក​ទិញ​យក​មកផលិត​ថ្មីបាន​ឡើយនៅពេល​បច្ចុប្បន្ន។ ឈុត​ដែលសំខាន់​បំផុត​ក្នុង​រឿង​គឺរ៉ូប​ស​លាយ​ផ្កា​ឈូកដែលត្រូវ​លេចចេញជាច្រើន​ឈុត​ក្នុងរឿង ធ្វើ​ឱ្យ​ Deborah តាំងចិត្ត​រចនាឈុត​នេះជា​ពិសេស ព្រោះលោក James Cameron ត្រូវ​ការ​ឱ្យ​តួ​អង្គ Rose មើលទៅស្រស់ស្អាត​បំផុត​ក្នុង​ឈុត​នេះទាំងពេលធម្មតា និង​នៅពេល​ទទឹក។

ក្នុងខណៈពេល​តែមួយ​នោះ James Cameron ក៏កំពុងតាមរក​អ្នក​សម្ដែងដែល​នឹង​មក​កាន់​តំណែង​តួឯក​ប្រុស​និង​តួ​ឯកស្រី​នៃ​រឿង។ តួឯកស្រីគឺ Rose DeWitt Bukater ជាអ្នក​ដំណើរ​លំដាប់ First Class មាន​អាយុ ១៧ឆ្នាំ ដូច្នេះហើយ James Cameron ត្រូវ​ការ​តួ​សម្ដែង​ដែល​មាន​សម្រស់​ស្រស់ស្អាតដូចតារាជើងចាស់ Audrey Hepburn ដោយ​លោក​បាន​ពិចារណា​តារាសម្ដែង Gwyneth Paltrow, Claire Danes, Gabrielle Anwar និង Kate Winslet មក​សម្ដែងតួ​អង្គ​នេះ។ ក្រោយតារាផ្សេងៗបដិសេធ Kate Winslet ក៏បាន​មកសម្ដែងសាកល្បងជាតួអង្គ Rose និងបានទាក់ទាញការចាប់អារម្មណ៍របស់ James Cameron ភ្លាមៗ ប៉ុន្តែលោក​ក៏​មិន​ទាន់​សម្រេច​ចិត្តថានឹងជ្រើសរើស​នាង​មកសម្ដែង​តួនេះ​ដែរ រហូត Winslet បានផ្ញើ​ផ្កាកុលាប ព្រម​ជាមួយ​កាត​ពីអង់គ្លេស​មក​កាន់ James Cameron ដោយសរសេរថា “ពីខ្ញុំ Rose របស់លោក” និងបាន​ទូរស័ព្ទមកអង្វរ James Cameron ថា៖ “ខ្ញុំនេះហើយគឺជា Rose ខ្ញុំមិនយល់សោះ​ថា​ហេតុអ្វី​បាន​លោក​នៅ​តែ​ស្វែងរក​អ្នក​ផ្សេងទៀត”។ ហើយ​នៅទីបំផុត ពាក្យសម្ដី​ស្ដែង​ពី​ភាពមោះមុតរបស់នាងក៏អាចយកឈ្នះ​ចិត្ត James Cameron បាន។

រីឯតួឯកប្រុសឈ្មោះ Jack Dawson ជាអ្នក​ដំណើរថ្នាក់ធម្មតាអាយុ ២០ឆ្នាំ ដែល​បាន​​សំបុត្រ​ជិះកប៉ាល់ទីតានិកមកតាមរយៈ​ការឈ្នះល្បែង។ James Cameron ត្រូវ​ការ​អ្នក​សម្ដែង​មាន​មន្តស្នេហ៍ មាន​ពន្លឺក្នុងកែវភ្នែក​ដែល​អាច​ផ្ដល់ក្ដីសង្ឃឹមថ្មីក្នុងជីវិត​តួអង្គ Rose ដោយ​លោក​បាន​ពិចារណាតារាសម្ដែងប្រុសមួយចំនួន​ដូចជា Chris O’Donnell និង Matthew McConaughey សម្រាប់តំណែងនេះ ប៉ុន្តែ​ទាស់ត្រង់​អ្នក​ទាំងពីរ​មាន​អាយុ​ច្រើន​ជាង​តួ​អង្គ​ខ្លាំងពេក ខណៈ​ដែល Jared Leto ដែលមាន​មុខមាត់ និងអាយុ​ស្រដៀងនឹង Jack Dawson បែរជាបដិសេធមិន​មក​សម្ដែងសាកល្បង។ ដូច្នេះហើយ​ជម្រើសដែលសក្ដិសម​បំផុត​គឺនៅសល់​តែ Leonardo Dicaprio ជាតារាសម្ដែងវ័យជំទង់​ដែលទើបតែ​ជាប់ជាបេក្ខភាពដណ្ដើមពាន​រង្វាន់​អូស្កាតាមរយៈភាពយន្ត What’s Eating Gilbert Grape ប៉ុន្តែ Leonardo បែរជាមិន​សូវ​ចាប់អារម្មណ៍​តួអង្គនេះឡើយព្រោះយល់ថា Jack គឺជាតួអង្គ​ដែល​មានចរិតមិនល្អក្នុងខ្លួន ហើយ​គេចង់​សម្ដែងតួអង្គ​ពិបាកៗជាងនេះ​​ច្រើន​ជាង។

ដូច្នេះហើយ​ដំបូងៗគេបាន​បដិសេធ​មក​សម្ដែងសាកល្បងជាមួយ Kate Winslet នោះទេ ប៉ុន្តែក្រោយ​មក​ក៏​បាន​ប្ដូរ​ចិត្ត​នៅពេល​ James Cameron បានសុំអង្វរ។ ការ​សម្ដែងសាកល្បង​របស់ Leonardo និង Kate Winslet នៅពេល​នោះ គឺជាវិនាទីដែល James Cameron បាន​អធិប្បាយថាដូចជា​មាន​ពន្លឺជះចេញមកពី​អ្នកសម្ដែងទាំងពីរ ហើយ​លោក​បានដឹងភ្លាមថានេះហើយគឺ Jack និង Rose ដែលលោក​ត្រូវការ។

នៅពេល​រើសបាន​តួមក​សម្ដែង​បាន​គ្រប់គ្នាហើយ នៅខែសីហា ឆ្នាំ១៩៩៦ ដំណើរការថត​ក៏ចាប់ផ្ដើម ប៉ុន្តែនៅខណៈ​ដែលគ្រប់យ៉ាងកំពុងដំណើរការយ៉ាងរលូន លោក Bill Mechanic អ្នកគ្រប់គ្រងរបស់ 20 Century Fox បានរកឃើញថា James Cameron បាន​ចាយ​ប្រាក់​អស់ ៥០លាន​ដុល្លារ​បាត់​ទៅហើយ ទាំងដែល​កុនថត​មិន​ទាន់​បាន​ពាក់កណ្ដាលផង។ ដូច្នេះហើយ Bill Mechanic ក៏បាន​បង្គាប់ឱ្យ James Cameron កាត់ឈុត​មួយ​ចំនួន​ចេញដើម្បី​កាត់បន្ថយ​ការចំណាយ ដែលធ្វើ​ឱ្យ James Cameron ខឹងខ្លាំងមែនទែន និងបានឆ្លើយតបវិញយ៉ាងឆេះឆួលថា៖ “បើអ្នក​ចង់​កាត់​កុនរបស់ខ្ញុំចេញ អ្នកត្រូវដេញខ្ញុំចេញសិន ប៉ុន្តែបើអ្នក​ដេញខ្ញុំចេញ អ្នក​ក៏ត្រូវសម្លាប់ខ្ញុំសិនដូចគ្នា”។ យ៉ាងណាមិញ នៅពេលដែលភាពយន្តចេះតែបន្តថត ដើមទុនក៏ចេះតែរីកទៅៗរហូតដល់ក្រុមហ៊ុនមានវិបត្តិហិរញ្ញវត្ថុ។ ពីដើមទុន​ដែល​ប៉ាន់ស្មានទុក ១០០លាន​ដុល្លារ ក៏ឡើងដល់ជិត ២០០លានដុល្លារ ធ្វើឱ្យថ្នាក់ដឹកនាំ Fox ស្ទើរតែខូចសតិ ព្រោះក្រុមហ៊ុនចាប់ផ្ដើម​អស់ជំនឿថានឹងអាចរក​ចំណូលឱ្យបានស្រង់ដើម​សម្រាប់ភាពយន្តមួយនេះហើយ។

ហេតុការណ៍តានតឹងរវាង James Cameron និងអ្នកគ្រប់គ្រងរបស់ Fox បានក្លាយជារឿងរ៉ាវ​ដែល​បណ្ដាសារព័ត៌មានយកទៅសរសេរចុះផ្សាយយ៉ាងព្រោងព្រាត ព្រោះក្នុងខណៈពេលនោះ Titanic បានក្លាយ​ជា​ភាពយន្ត​ដែល​ចាយទុន​ច្រើន​បំផុត​ក្នុងប្រវត្តិសាស្ត្របាត់ទៅហើយ ហើយ​ប្រព័ន្ធផ្សព្វផ្សាយក៏កំពុងឃ្លាំមើលថាប្រសិនបើភាពយន្ត​នេះមិនអាចរកចំណូលបានតាម​ការ​គ្រោងទុក Titanic នឹងក្លាយជា​ភាពយន្តដែលបរាជ័យធំបំផុត​ក្នុងប្រវត្តិសាស្ត្រ។

មែនទែនទៅ James Cameron ក៏ដឹងច្បាស់ដែរថាលោកគឺជាដើមហេតុដែលធ្វើ​ឱ្យ​ដើមទុនផលិត​កាន់តែកើនឡើងស្ទើរគុណនឹងពីរ ដូច្នេះហើយលោក​ក៏​បាន​ទទួល​ខុស​ត្រូវ​ដោយការ​ប្រគល់​តម្លៃខ្លួន​ពីការ​ដឹកនាំ​របស់​លោក​ឱ្យ​ទៅ 20 Century Fox ដើម្បីជួយសម្រាល​បន្ទុក​ក្រុមហ៊ុនក្នុងការចំណាយ​​ផលិតរឿង។

មិនត្រឹមតែបញ្ហាដើមទុនផលិតប៉ុណ្ណោះទេដែលកំពុងធ្វើឱ្យគ្រប់ភាគីឈឺក្បាល ប៉ុន្តែបរិយាកាសនៅទីតាំងថតក៏មានបញ្ហាច្រើនមិនខុសគ្នាដែរ។ តួយ៉ាងដូចជាបញ្ហាពុលអាហារ ដែលគេជឿថាកើតឡើងដោយសារមានក្រុមការងារម្នាក់លួចដាក់សារធាតុពុលដោយសារមិនអាចទទួលយកវិធីធ្វើការបែបផ្ដាច់ការរបស់ James Cameron បាន រួមទាំងបញ្ហារងរបួសរបស់ក្រុម Stunt ភាពហត់នឿយរបស់អ្នកសម្ដែងដែលត្រូវធ្វើការមួយថ្ងៃ១៧ម៉ោងពេញមួយសប្ដាហ៍ រួមទាំងការដែលត្រូវថតឈុតដដែលៗម្ដងហើយម្ដងទៀតរហូតទាល់តែ James Cameron ពេញចិត្ត។

ដូចជាឈុតឆាកស្នេហានៅក្បាលកប៉ាល់ទីតានិកដែលជាឈុតល្បីបំផុតក្នុងរឿងនេះ Kate Winslet ត្រូវថតនិងនិយាយប្រយោគដដែលៗមិនក្រោម ២០ដងនោះទេ ព្រោះការសម្ដែងរបស់នាងនៅមិនត្រូវចិត្តអ្នកដឹកនាំ ឬពេលខ្លះ ខ្យល់់ប៉ើងសំពត់ខ្លាំងពេក ឬពុំដូច្នោះទេ James Cameron មិនទាន់ត្រូវចិត្តការរៀបចំពន្លឺព្រះអាទិត្យក្លែងក្លាយ ដែលអាចនិយាយបានថាអ្នកដឹកនាំរូបនេះយកចិត្តទុកដាក់យ៉ាងលម្អិតបំផុតគ្រប់ជ្រុងជ្រោយ ធ្វើឱ្យការថតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលយប់ត្រូវអូសបន្លាយរហូតដល់ព្រឹកថ្ងៃថ្មី។ ប៉ុន្តែទីបំផុត James Cameron ក៏ពេញចិត្តការសម្ដែងរបស់ Kate Winslet ក្នុងឈុតនេះជាខ្លាំង ព្រោះទឹកមុខហត់នឿយរបស់នាងដែលកើតឡើងដោយសារការថតអស់ជាច្រើនម៉ោងនោះគឺស៊ីនឹងអារម្មណ៍តួអង្គដែល James Cameron ត្រូវការតែម្ដង។

នៅទីបំផុត Titanic ក៏បានបញ្ចប់ការថតនៅខែមីនា ឆ្នាំ១៩៩៧ ដោយ James Cameron នៅសល់ពេលវេលាសម្រាប់ Post Production ត្រឹមតែ ៣ខែប៉ុណ្ណោះដើម្បីអាចចេញបញ្ចាំងឱ្យទាន់ពេលកំណត់ដែលបានគ្រោងទុកនៅថ្ងៃទី២ ខែកក្កដា តាមអ្វីដែល Fox និង Paramount ប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានា។ Poster ដំបូងបំផុតរបស់រឿង Titanic នៅពេលនោះមានត្រឹមតែអក្សរសរសេរបញ្ជាក់ថានឹងចេញបញ្ចាំងនៅរដូវក្ដៅឆ្នាំ១៩៩៧ ដោយមិនមានមុខតួអង្គ ឬឈុតឆាកសំខាន់អ្វីនោះទេ។ មូលហេតុគឺដោយសារ James Cameron មិនអាចបញ្ចប់ភាពយន្តបានទាន់ពេលកំណត់។ ការងារដែលលំបាកបំផុតនៅក្នុងដំណាក់កាល Post Production គឺការងារ Visual Effects ខណៈ James Cameron ត្រូវការឱ្យគ្រប់រូបភាពមើលទៅឥតខ្ចោះបំផុត ដោយមិនខ្វល់ថារឿងនេះត្រូវពន្យារពេលបញ្ចាំងប៉ុន្មានដងទៀតនោះទេ។

ឈុតមួយដែល James Cameron ធ្វើការយ៉ាងល្អិតល្អន់បំផុតគឺឈុតដែលកប៉ាល់ទីតានិកចេញដំណើរទេសចរណ៍ ដោយក្នុងនោះគេត្រូវប្រើ Computer Graphic ដើម្បីបង្កើតអង្គប្រកបផ្សេងៗដើម្បីឱ្យកប៉ាល់ទីតានិកមើលទៅមានជីវិតរស់រវើក រួមទាំងរូបភាពបណ្ដាអ្នកដំណើរនៅលើកប៉ាល់ ដោយនេះគឺជាលើកដំបូងហើយដែល James Cameron បាននាំយកបច្ចេកវិទ្យា Motion Picture មកប្រើប្រាស់ក្នុងភាពយន្តរបស់គាត់។

ចំណែកឈុតកប៉ាល់លិចវិញ James Cameron ក៏ត្រូវថតឈុតនេះច្រើនលើកច្រើនសាដែរ មានទាំងការថតជាមួយ​កប៉ាល់ចម្លងខ្នាតយក្ស ការថត​ជាមួយឆាក Green Screen និងការថតជាមួយកូន​កប៉ាល់តូច ទើប​យក​មក​កាត់តបញ្ចូលគ្នាដោយ​ប្រើជំនួយពី Computer Graphic ធ្វើ​យ៉ាងណា​ឱ្យពេលវេលា​អវសាននៃកប៉ាល់ទីតានិកមើលទៅព្រឹព្រួចនិងដូចពិតៗខ្លាំងបំផុត។

James Cameron បាន​យកចិត្តទុកដាក់សូម្បីតែ Details តូចៗដូចជាខ្យល់ដង្ហើម​របស់​តួ​អង្គ រួមទាំងកែវភ្នែករបស់តួអង្គ Rose ពេលវ័យចំណាស់ និងតួអង្គ Rose ពេលវ័យ​ក្មេង​ក៏ត្រូវ​បាន​Computer Graphic កែសម្រួលឱ្យមើលទៅដូចគ្នាដែរ។

ខណៈ​ដែល​ភាពយន្តហាក់គ្មានតម្រុយ​ថា​នឹង​អាចបញ្ចប់តាម​ពេលកំណត់បញ្ចាំង ខាងផលិតកម្ម​ក៏​បាន​ប្រកាសលើកថ្ងៃបញ្ចាំងជាបន្ត ពីថ្ងៃទី២ ខែកក្កដា មកទី២៥ ខែកក្កដា។ ប៉ុន្តែថ្ងៃ​ដែលលើក​នោះ​ក៏ត្រូវ​បុកគ្នាជាមួយថ្ងៃចេញបញ្ចាំងរបស់ភាពយន្ត​ធំ​មួយ​ទៀត​គឺរឿង “Air Force One” ធ្វើឱ្យ​ក្រុមហ៊ុន Columbia Picture ត្រូវ​ភិតភ័យ​ដែរ​ដោយ​ខ្លាច​ថា​ការ​បញ្ចាំងក្នុងពេលតែមួយ​នៃ​ភាពយន្តមហន្តរាយខ្នាតធំពីរ គឺមហន្តរាយ​ដោយយន្តហោះ និងមហន្តរាយ​នៃកប៉ាល់យក្សនឹងធ្វើ​ឱ្យ​ភាពយន្ត​ទាំង​ពីរ​ខាតបង់ទាំងអស់គ្នា ច្រើនជាង​មានផលល្អ។ ដូច្នេះហើយ​តួឯកប្រុសភាពយន្ត “Air Force One” គឺ Harrison Ford ក៏បាន​លូក​ដៃ​ក្នុង​រឿង​នេះដោយ​ប្រើប្រាស់​ឥទ្ធិពលរបស់លោក​ក្នុង​វិស័យ​នេះ និងទំនាក់ទំនង​ដ៏ល្អរបស់​លោក​ជាមួយ​ប្រធាន​ក្រុមហ៊ុន Paramount ដើម្បីសុំអង្វរឱ្យ Paramount ពន្យារពេលចេញបញ្ចាំងភាពយន្ត “Titanic” ទៅខែផ្សេងវិញ។

យ៉ាងណាមិញ ការ​ពន្យារពេល​បញ្ចាំងនៅតែជាបញ្ហា​ធំ​ដែលគ្មានទីបញ្ចប់ ខណៈ​ដែល​អ្នក​គ្រប់​គ្រង​របស់ Fox និង Paramount ណាត់គ្នា​ប្រជុំបន្ទាន់នៅពេល​ទៅចូលរួម​កម្មវិធីមហោស្រព​ភាពយន្តទីក្រុងកានឆ្នាំ១៩៩៧ និងមានការទាស់សម្ដីគ្នាយ៉ាងតឹងសរសៃក រហូតធ្វើ​ឱ្យអ្នកកាសែតយករឿងនេះទៅសរសេរព័ត៌មានយ៉ាងផុសផុលម្ដងទៀត ដោយ Fox ត្រូវការ​ឱ្យរឿងចេញបញ្ចាំងនៅខែសីហា ព្រោះបើកាន់​តែ​ពន្យារពេល ដើមទុនផលិត​នឹង​កើន​ឡើង​កាន់​តែ​ច្រើនតាមរយៈការកើនឡើង​នៃ​អត្រាការប្រាក់​នៃបំណុលដែលពួកគេខ្ចីពីធនាគារ។ ក៏ប៉ុន្តែ Paramount គិតថាខែសីហាមិនសក្តិសមនឹង​ការចេញបញ្ចាំងភាពយន្តដែលចាយទុនធំនោះទេ ព្រោះវាហួស​រដូវក្ដៅទៅហើយ ហើយក៏បានស្នើ​ឱ្យចេញបញ្ចាំងនៅ​ថ្ងៃបុណ្យ Thanksgiving ក្នុងខែវិច្ឆិកា​ជំនួស​វិញ។ ក៏ប៉ុន្តែ Fox ក៏មិនយល់ស្រប ព្រោះបើបញ្ចាំងខែវិច្ឆិកាគឺនឹងត្រូវបុកគ្នាជាមួយ​ភាពយន្តចាយទុនធំ​ពីរ​ទៀត​របស់​ខ្លួន​គឺរឿង “Anastasia” និង “Alien” វគ្គ៤។

បន្ទាប់​ពី​ឈឺក្បាល​ដោយ​សារ​ការរក​ពេលបញ្ចាំង​មួយ​រយៈធំ ទីបំផុត​ក្រុមហ៊ុន​ទាំងពីរក៏ឯកភាព​គ្នាថានឹង​ចេញបញ្ចាំងរឿង “Titanic” នៅថ្ងៃទី​១៩ ខែធ្នូ ដើម្បីស្វាគមន៍រដូវកាលបុណ្យគ្រិស្តម៉ាស ហើយអ្នក​ដែលសប្បាយចិត្តជាងគេ​ចំពោះការសម្រេច​នេះគឺគ្មានអ្នកណាក្រៅពី James Cameron នោះទេ ព្រោះការ​ដែល​កុន​ត្រូវ​ពន្យារពេលបញ្ចាំង​រហូត​ដល់ ៥ខែធ្វើ​ឱ្យ​គាត់​មាន​ពេលសម្រាប់ធ្វើការងារ Post Production កាន់តែច្រើន។

បញ្ហា​ធំ​មួយ​ទៀត​ដែល James Cameron ត្រូវ​ប្រឈមនោះគឺរយៈពេលនៃកុន ដោយ​ក្រុមហ៊ុន 20 Century Fox មិនចង់​ឱ្យ​រឿងនេះ​មានរយៈពេល​លើស ៣ម៉ោង​នោះទេ ព្រោះនឹងធ្វើ​ឱ្យចំនួន​ដង​នៃ​ការ​បញ្ចាំង​ក្នុងមួយថ្ងៃត្រូវកាត់បន្ថយ និងប៉ះពាល់ដល់​ការ​រក​ចំណូល ដូច្នេះហើយពួក​គេ​ក៏ដាក់សំណើដាច់ខាត​ឱ្យ James Cameron កាត់​រឿងនេះឱ្យ​នៅ​សល់​ខ្លីបំផុត​តាម​ដែល​អាច​ធ្វើ​បាន។

ជំនួស​ឱ្យ​ការ​តវ៉ា James Cameron បាន​សម្រេច​ចិត្ត​កាត់តរឿងជា ២ version ហើយក៏ចាក់បញ្ចាំងឱ្យអ្នកគ្រប់គ្រង Fox ទស្សនាសាកល្បង ដោយ Version ទីមួយ​មានរយៈពេល ១ម៉ោងកន្លះ ចំណែក Version មួយទៀតមានរយៈពេល ៣ម៉ោង១៤នាទី។ បន្ទាប់ពីបាន​ទស្សនាកុនទាំង២ version ចប់ អ្នកគ្រប់គ្រងទាំងអស់​ក៏សម្រេចចិត្តជ្រើសរើស Version ដែលមានរយៈពេល ៣ម៉ោងដោយមិនបាច់គិត ព្រោះវាមើលទៅល្អជាង​ Version មួយម៉ោងកន្លះដាច់។ នេះក៏ជាលើកដំបូងដែរ​ដែល​ថ្នាក់ដឹកនាំរបស់ Fox បាន​ជ្រួតជ្រាប​ពីភាពអស្ចារ្យ​នៃភាពយន្ត Titanic ដែល James Cameron ខិតខំកសាងឡើងមក ហើយពួកគេ​ក៏ហាក់ដូចជាដឹងភ្លាមៗដែរថាក្នុងខណៈពេលនេះក្រុមហ៊ុនកំពុង​មាន​គ្រាប់ពេជ្រដ៏ស្រស់ស្អាតនិងមានតម្លៃ​ខ្លាំងក្នុងដៃហើយ។

មកដល់ខែវិច្ឆិកា ភាពយន្ត Titanic ក៏កាត់តចប់ជាស្ថាពរ។ ក្រុមហ៊ុន 20 Century Fox បាន​នាំយក​រឿងនេះទៅបង្អួតសាធារណជនជាលើកដំបូង​ក្នុង​ព្រឹត្តិការណ៍មហោស្រពភាពយន្ត​ក្រុង​តូក្យូ និងរំពឹង​ឱ្យ​ភាពល្បីល្បាញនៃ​ភាពយន្ត Titanic ក្នុងព្រឹត្តិការណ៍នោះត្រូវ​បាន​ផ្សព្វផ្សាយ​ទៅដល់ទីក្រុងផ្សេងៗទូទាំងពិភពលោក ហើយ​ចុងក្រោយ​ក៏​ទទួល​បាន​លទ្ធផល​ដូច​ដែល​ពួក​គេ​រំពឹង​ទុក​ពិត​មែន។ ចំណែក​ខាង Paramount ក៏បាន​សម្ពោធបញ្ចាំង​ភាពយន្ត Titanic ទៅទីក្រុង Los Angeles ហើយបន្ទាប់ពីភាពយន្តបញ្ចាំងចប់ អ្នក​វិភាគកុនជាច្រើន​ក៏​បានចេញមក​សរសើរ​រឿងនេះ និងនិយាយ​ពាក្យ​តែមួយ​ថា៖ “Titanic មានគុណសម្បត្តិជាភាពយន្តអមតៈលំដាប់​ Classic ដោយមានឈុតចុងក្រោយ​ជាឈុតដកស្រង់ពីប្រវត្តិសាស្ត្រពិតៗ”។ អ្នកវិភាគ និង​សារព័ត៌មានជាច្រើនស្ថាប័នបាន​លើកសរសើរ Titanic ថាជាកំពូលភាពយន្តដូច Gone With The Wind ឬ Doctor Zhivago ប្រចាំទសវត្សរ៍ឆ្នាំ១៩៩០។

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ Titanic ក៏បានចេញបញ្ចាំងជាផ្លូវការនៅសហរដ្ឋអាមេរិក និងបានទទួលចំណាត់ថ្នាក់​លេខ១លើតារាង Box Office ជាមួយចំណូល ២៨,៦លានដុល្លារនៅចុងសប្ដាហ៍ដំបូង។ សម្រាប់ភាពយន្ត Blockbuster ទូទៅនៅសម័យនោះ ចំនួននេះចាត់ទុកថាជាតួលេខជាទីពេញចិត្ត ប៉ុន្តែសម្រាប់ភាពយន្តដែលចំណាយទុនខ្ពស់ដល់ ២០០លាន​ដុល្លារបែបនេះគឺមិនទាន់គ្រប់គ្រាន់នោះឡើយ។

យ៉ាងណាក៏ដោយ ចំណុចមួយ​ដែលមិនអាចបដិសេធបាននោះគឺ Titanic គឺជាភាពយន្ត​ដែលទស្សនិកជន​លង់ស្នេហ៍។ ទស្សនិកជន​ណា​ក៏ដោយ​ដែលបានទស្សនា​រឿងនេះបាននិយាយតៗគ្នាអំពីភាពអស្ចារ្យ​នៃ​រឿងនេះ និងបានត្រលប់មកទស្សនាម្ដងហើយម្ដងទៀត រហូត​ធ្វើ​ឱ្យចុងសប្ដាហ៍បន្ទាប់​មក Titanic អាចរកចំណូលបានខ្ពស់រហូត​ដល់ ៣៥,៤លានដុល្លារ ឬខ្ពស់ជាង​ចុងស​ប្ដាហ៍បើកឆាក​ជាង ២៣ភាគរយ និងបានបង្កើតភាពភ្ញាក់ផ្អើល​ជាបន្តបន្ទាប់ជាមួយ​ចំណូល​ដែល​កើនឡើងស្ទើរតែគ្មានការថមថយរហូត​អាចគ្រងតំណែង​លេខ​១លើតារាង Box Office យ៉ាងយូរ​ដល់ ១៥សប្ដាហ៍ និងធ្វើឱ្យ Titanic ក្លាយជាភាពយន្តដែលអាចជាប់ចំណាត់ថ្នាក់​លេខ​១​លើតារាង Box Office បាន​យូរ​បំផុត​ក្នុងប្រវត្តិសាស្ត្រ វ៉ាដាច់ភាពយន្ត “Beverly Hills Cop” ដែលធ្លាប់គ្រងតំណែងនេះយូរបាន ១៣សប្ដាហ៍។

ក្រោយបញ្ចាំងចូលរាប់ខែ Titanic នៅតែបន្តកើបលុយបាន​យ៉ាងសប្បាយដៃ ដោយអាចរកចំណូលនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់​ឆ្នាំ១៩៩៨តែមួយថ្ងៃនោះបានរហូត​ដល់ ១៣លានដុល្លារ ហើយនេះគឺជាចំណូលប្រចាំថ្ងៃខ្ពស់បំផុតរបស់ Titanic ដែលបានកើតឡើងបន្ទាប់ពីកុនបានចេញបញ្ចាំងបាន ៥៧ថ្ងៃរួចទៅហើយ។ នៅទីបំផុត ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ Titanic ក៏អាចរកចំណូលទូទាំងពិភពលោកបានលើស ៩១៣លានដុល្លារ វ៉ាដាច់ភាពយន្ត Jurassic Park ដែលគ្រងតំណែងភាពយន្តរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ​នៅពេលនោះ ហើយមិនបានប៉ុន្មានថ្ងៃបន្ទាប់ពីនោះក៏ត្រូវបាន​ចារឹកជាភាពយន្តដំបូងក្នុងប្រវត្តិសាស្ត្រ​ដែលអាចរក​ចំណូលបាន​លើស ១ពាន់​លាន​ដុល្លារបានសម្រេច។

ក្នុងខណៈពេលនោះ ហូលីវូដ ស្ទើរតែមិនអាចព្យាករតួលេខចំណូលចុងក្រោយរបស់ Titanic បានឡើយ។ ពីការប៉ាន់ប្រមាណថាចំណូលទូទាំងពិភពលោកនឹងបិទបញ្ចប់ត្រឹម ១២០០លានដុល្លារ ប៉ុន្តែ​ក៏​បាន​កើនឡើងជាបន្តបន្ទាប់ រហូត​ដល់ទីបំផុតសរុបរយៈពេល ១០ខែនៃ​ការ​ចាក់បញ្ចាំង Titanic អាច​រកចំណូលបាន ១៨៤៣លានដុល្លារ ហើយក្នុងរយៈពេលជាច្រើន​ឆ្នាំ​កន្លងមកនេះ Titanic ក៏ត្រូវយកមកបញ្ចាំងម្ដងហើយម្ដងទៀតរហូត​អាច​រកចំណូលទូទាំងពិភពលោក​បានច្រើនជាង ២ពាន់លានដុល្លារ។

មិនត្រឹមតែចំណូលពីការលក់សំបុត្រកុនប៉ុណ្ណោះទេ ប៉ុន្តែគ្រប់យ៉ាងពាក់ព័ន្ធនឹងរឿង Titanic ក៏អាចរកចំណូលបានច្រើន​ទាំងអស់។ ដូចជា សៀវភៅ James Cameron’s Titanic បានជាប់ចំណាត់ថ្នាក់លេខ១ជាសៀវភៅដែលលក់ដាច់បំផុតរបស់ New York Times។ ចំណែកអាល់ប៊ុមចម្រៀងក្នុងរឿងដែលជាស្នាដៃរបស់ James Horner ក៏បានបំបែកកំណត់ត្រា​ជា​អាល់ប៊ុម Soundtrack ដែលលក់ដាច់បំផុត​ក្នុងប្រវត្តិសាស្ត្រ ដោយតួលេខលក់សរុប​បានជាង ១១លានបន្ទះ ខណៈ​ដែលបទ “My Heart Will Go On” ដែលច្រៀងដោយ Celine Dion ក៏បានល្បីល្បាញទូទាំងពិភពលោក ហើយអាល់ប៊ុម Single បទនេះតែមួយបទអាចលក់ដាច់បាន ១៨លានបន្ទះ។

ភាពល្បីល្បាញនៃភាពយន្ត Titanic ក៏បានសាយភាយឥទ្ធិពលដល់កម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំ១៩៩៨ដែរ ដោយធ្វើឱ្យកម្មវិធីទទួលបានចំនួនអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៥៧លាននាក់​ទូទាំងពិភពលោក ហើយនៅពេលពានរង្វាន់ត្រូវបានប្រកាស Titanic ក៏បាន​បំបែកកំណត់ត្រាជាភាពយន្តដែល​ឈ្នះពាន​ច្រើនបំផុតរហូតដល់ ១១ពាន​រង្វាន់ ដែលរួមទាំងពានរង្វាន់ធំ Best Picture។

បើទោះជាឈប់បញ្ចាំងក្នុងរោងកុនហើយក៏ក្ដី ប៉ុន្តែ Titanic នៅតែអាចបំបែកកំណត់ត្រាផ្សេងៗជាបន្តបន្ទាប់ទៀតដូចជា៖

  • នៅឆ្នាំ១៩៩៩ Titanic បានវ៉ាមុខ The Lion King ក្លាយជាភាពយន្តដែល​លក់ DVD បានច្រើនបំផុតលើពិភពលោក ពោលគឺជាង ៦០លាន​បន្ទះ។
  • ប្រយោគ “I’m The King Of the World” របស់ Jack បានក្លាយជាប្រយោគអមតៈដែល​ជាប់ក្នុងចំណោមប្រយោគក្នុងភាពយន្តល្អបំផុតទាំង ១០០។
  • ឈុត​ដែល Kate Winslet ស្លៀក​ក្នុងឈុតបង្ហាញមុខតួអង្គ Rose ក៏បានក្លាយ​ជា​ឈុត​ដែល​គួរ​ឱ្យចងចាំបំផុត​ក្នុង​ពិភពភាពយន្ត។
  • ស្ថាប័នភាពយន្តប្រចាំសហរដ្ឋអាមេរិកបានលើកតម្កើងឱ្យ Titanic ក្លាយជាភាពយន្តមួយ​ក្នុងចំណោមភាពយន្តអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រទាំង ១០០ របស់អាមេរិក។

ការចាត់ចំណាត់ថ្នាក់ដែលបានលើកឡើងនេះ គឺគ្រាន់តែឧទាហរណ៍តិចតួចប៉ុណ្ណោះដែលសរបញ្ជាក់ឱ្យឃើញថា ២៥ឆ្នាំកន្លងផុតរបស់ភាពយន្ត Titanic គឺជាការធ្វើដំណើរដ៏វែងឆ្ងាយ​ក្នុង​ចិត្តទស្សនិកជន ហើយនៅតែបន្តបង្កការចាប់អារម្មណ៍ពីមួយជំនាន់ទៅមួយជំនាន់ដោយគ្មានទីបញ្ចប់។ បើទោះបីថ្ងៃនេះ Titanic អាចមិនមែនជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ​ទៀត​ក៏ពិតមែន ប៉ុន្តែស្លាកស្នាមភាពជោគជ័យរបស់រឿងនេះកន្លងមកនៅតែដិតដាមក្នុងកែវភ្នែកមនុស្សគ្រប់គ្នា ហាក់បីដូចជាហេតុការណ៍ទាំងអស់ទើបកើតឡើងកាលពីថ្មីៗនេះប៉ុណ្ណោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ