តារាសម្តែងកូរ៉េ Lee Chae-min បានចែករំលែកពាក្យក្នុងចិត្តរបស់ខ្លួនជាច្រើនក្រោយភាគបញ្ចប់នៃរឿងភាគ ‘Bon Appétit, Your Majesty’ ទទួលបានការទស្សនាខ្ពស់បំផុតក្នុងចំណោមរឿងភាគរបស់ទូរទស្សន៍ tvN ក្នុងឆ្នាំនេះ។


កាលពីថ្ងៃទី 29 ខែកញ្ញា តារាប្រុសវ័យ 25 ឆ្នាំរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាដែលស្រលាញ់រឿង ‘Bon Appétit, Your Majesty’ ។ វាពិតជារីករាយណាស់ដែលបានឃើញគម្រោងដែលគ្រប់គ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទទួលបានក្តីស្រលាញ់បែបនេះ សង្ឃឹមថារឿងនេះនៅតែជាការចងចាំដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ជាថ្មីម្ដងទៀត សូមអរគុណដល់អ្នកទាំងអស់គ្នាដែលចូលចិត្ត ‘Bon Appétit, Your Majesty’ និងតួអង្គព្រះអង្គម្ចាស់ Lee Heon។ សូមអរគុណដូចគ្នាដល់តួសម្តែង ក្រុមការងារ អ្នកដឹកនាំរឿង អ្នកនិពន្ធ និងអ្នកទាំងអស់គ្នាដែលចូលរួមក្នុងការបង្កើតគម្រោងនេះ។ សូមឱ្យ Jiyoung និង Lee Heon មានក្ដីសុខរៀងរហូត ✨”។

ទន្ទឹមនោះ តារាសម្ដែង Yoon Seo-ah ដែលដើរតួជា Gil-geum ក៏បានចូលបញ្ចេញមតិថា “វាពិតជាកិត្តិយសណាស់ដែលបានបម្រើព្រះអង្គម្ចាស់!!!!” ខណៈតារាស្រី Kang Han-na ដែលដើរតួជាស្នំ Kang Mok-joo បានបញ្ចេញមតិយ៉ាងផ្អែមល្ហែមថា “សូមឱ្យអ្នកជួបតែសេចក្តីសុខ 🤴🏻” ។
គួរបញ្ជាក់ថា ភាគចុងក្រោយនៃរឿងភាគចុងសប្តាហ៍របស់ tvN ‘Bon Appétit, Your Majesty’ បានចាក់ផ្សាយកាលពីថ្ងៃទី 28 កន្លងទៅនេះ ទទួលបានអ្នកទស្សនាទូទាំងប្រទេសប្រមាណ 17.1% និងខ្ពស់បំផុតដល់ 19.4% ។ នេះជាអត្រាទស្សនាខ្ពស់បំផុតសម្រាប់រឿងភាគទូរទស្សន៍ tvN ចាប់តាំងពីរឿង “Queen of Tears” អាចទទួលបានដល់ 24.9% កាលពីឆ្នាំ2024 ៕





























Account
Security
Favourite Content