រយៈពេល៦ខែបន្ទាប់ពីការ Comeback លើកចុងក្រោយ ក្រុមចម្រៀងនារី LE SSERAFIM បានប្រកាសវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមថ្មីនៅចុងខែនេះ។ នេះបើផ្អែកតាមក្រុមហ៊ុន SOURCE MUSIC ដែលជាទីភ្នាក់ងាររបស់ពួកគេបានប្រកាសកាលពីថ្ងៃទី៥ ខែសីហា។
ផលិតកម្មបានឱ្យដឹងថា ក្រុមដែលមានសមាជិក ៥ នាក់មួយនេះ នឹងចេញផ្សាយមីនីអាល់ប៊ុមទីបួនរបស់ខ្លួនមានចំណងជើងថា “Crazy” នៅថ្ងៃទី ៣០ ខែសីហាខាងមុខ ដោយអាល់ប៊ុមថ្មីនេះនឹងជាការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ Le Sserafim ក្នុងរយៈពេលជាង ៦ ខែចាប់តាំងពីអាល់ប៊ុមទី ៣ របស់ពួកគេមានចំណងជើងថា “EASY” ត្រូវបានចេញផ្សាយកាលពីខែកុម្ភៈ និងបានឈានដល់ចំណាត់ថ្នាក់លេខ ៨ នៅលើតារាងអាល់ប៊ុមពិភពលោក Billboard 200 ។

កាលពីពេលថ្មីៗនេះដែរ ក្រុមចម្រៀង LE SSERAFIM ទើបតែបញ្ចប់កម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុនមានឈ្មោះថា “Fearnada” ដោយបានធ្វើដំណើរទៅជួបអ្នកគាំទ្រចំនួន ៤ ខេត្តនៅប្រទេសជប៉ុនចាប់ពីចុងខែមិថុនាដល់ពាក់កណ្ដាលខែកក្កដា។
ការប្រកាសចេញអាល់ប៊ុមថ្មីនេះបានកើតឡើងស្របពេលផលិតកម្ម SOURCE MUSIC កំពុងប្រយុទ្ធតស៊ូផ្លូវច្បាប់ជាមួយផលិតករស្រី Min Hee-Jin ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ADOR និងជាអ្នកគ្រប់គ្រងក្រុមចម្រៀងស្រី NewJeans។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះក្រុមចម្រៀងនារីរៀងៗខ្លួនគឺ Le Sserafim និង NewJeans ។
ក្រុមហ៊ុន SOURCE MUSIC កាលពីថ្ងៃទី ១៥ ខែកក្កដា បានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ៥០០ លានវ៉ុន ស្មើនឹងប្រមាណ ៣៦ ម៉ឺនដុល្លារ ពី Min Hee-Jin ពីបទបរិហារកេរ្តិ៍ និងរំខានដល់អាជីវកម្មរបស់ខ្លួន។ លុះដល់ថ្ងៃទី២៣ ខែកក្កដា ផលិតករ Min ក៏បានព្រមានអំពីវិធានការផ្លូវច្បាប់ប្រឆាំងនឹង SOURCE MUSIC វិញ។ ថាតើសង្គ្រាមផ្ទៃក្នុងរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង២របស់ HYBE នឹងបញ្ចប់បែបណា មានតែរង់ចាំតាមដានជាបន្តទៀត ៕


























Account
Security
Favourite Content