វប្បធម៌ K-pop កំពុងបន្តទាក់ទាញទស្សនិកជនយ៉ាងច្រើនទូទាំងពិភពលោក ប៉ុន្តែវត្តមានរបស់ពួកគេនៅក្នុងទីផ្សារតន្ត្រីក្នុងស្រុកហាក់ដូចជាចុះខ្សោយ។ ទោះបីជាក្រុមហ៊ុនកម្សាន្តធំៗទទួលបានប្រាក់ចំណូលពីការប្រគំតន្ត្រីជុំវិញពិភពលោក ប៉ុន្តែតួលេខក្នុងវិស័យបង្ហាញថា ទីផ្សារខេប៉ុបនៅកូរ៉េកំពុងធ្លាក់ចុះជាលំដាប់បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩។

អ្នកសង្កេតការណ៍មួយចំនួនមិនហៅវាថាជា “វិបត្តិ” ទេ ប៉ុន្តែយល់ស្របថាបរិបទក្នុងស្រុកកំពុងផ្លាស់ប្តូរ ខណៈពេលដែលគម្រោង K-pop អន្តរជាតិ រួមទាំងខ្សែភាពយន្តគំនូរជីវចល Netflix “KPop Demon Hunters” និងក្រុមចម្រៀងនាៗទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅបរទេស។
ការលក់អាល់ប៊ុម ដែលជាសូចនាករច្បាស់លាស់បំផុតមួយសម្រាប់សុខភាពឧស្សាហកម្មខេប៉ុប បានបង្ហាញពីភាពផ្ទុយគ្នានេះយ៉ាងច្បាស់។ ការលក់អាល់ប៊ុម K-pop បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីឆ្នាំ ២០១៤ និងឡើងដល់ ១០០ លានច្បាប់នៅឆ្នាំ ២០២៣ ដែលជាកំណត់ត្រាដ៏ខ្ពស់។ ការកែតម្រូវទីផ្សារដែលកើតឡើងបន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ បានរុញច្រានការលក់ឱ្យធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ហើយការធ្លាក់ចុះនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំនេះ។
«ការលក់សរុបស្ថិតនៅក្នុងចន្លោះ ៨០ លានច្បាប់គិតត្រឹមខែតុលា ដូច្នេះចំនួនសរុបពេញមួយឆ្នាំទំនងជានឹងដូចគ្នា ឬធ្លាក់ចុះបន្តិចទាបជាងកម្រិតឆ្នាំមុន»។ អ្នកកាសែតទិន្នន័យតន្ត្រី Kim Jin-woo បាននិយាយ។
ការនាំចេញអាល់ប៊ុមរូបវន្ត (Physical album) ក៏កំពុងថយចុះដែរនៅក្នុងទីផ្សារសំខាន់ៗ។ យោងតាមសេវាគយកូរ៉េ ការនាំចេញអាល់ប៊ុមចាប់ពីខែមករាដល់ខែតុលាបានឈានដល់ ២៤៣.៨ លានដុល្លារ ធ្លាក់ចុះ ២.៧ ភាគរយធៀបនឹងមួយឆ្នាំមុន។
តួលេខនេះគឺទាបជាងការរំពឹងទុក បើមើលតាមការកើនឡើងយ៉ាងឆាប់រហ័សរបស់ K-pop ទូទាំងពិភពលោក។ ការនាំចេញទៅកាន់ប្រទេសជប៉ុន ដែលជាទីផ្សារក្រៅប្រទេសធំបំផុតសម្រាប់អាល់ប៊ុមកូរ៉េ បានធ្លាក់ចុះ ១០.៨ ភាគរយមកនៅត្រឹម ៧០.៧ លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកក៏បានថយចុះ ៥.១ ភាគរយផងដែរ។

ទីផ្សារតន្ត្រីឌីជីថលក្នុងស្រុកក៏កំពុងជួបប្រទះនឹងការធ្លាក់ចុះដែរ។ ជាក់ស្ដែងនៅក្នុងចំណាត់ថ្នាក់ Circle Chart ថ្មីបំផុតសម្រាប់ថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា មានបទចម្រៀង K-pop ចំនួនបួនប៉ុណ្ណោះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម Top 10 ដោយក្នុងនោះមានបទ “Blue Valentine” របស់ NMIXX, បទ “Spaghetti” របស់ LE SSERAFIM, បទ “Good Goodbye” របស់ Hwasa និងបទ “JUMP” របស់ BLACKPINK ។
ស្របពេលប្រាក់ចំណូលពីការប្រគំតន្ត្រីនៅក្រៅប្រទេសកំពុងកើនឡើង ប៉ុន្តែការកើនឡើងនៃថ្លៃដើមផលិត និងការចំណាយរបស់ក្រុមចម្រៀងថ្មីបានកាត់បន្ថយប្រាក់ចំណេញទៅវិញ។ ចំណូលការលក់សម្រាប់ការប្រគំតន្ត្រីរបស់ HYBE ក្នុងត្រីមាសទីបីបានកើនឡើងជិតបីដងធៀបនឹងមួយឆ្នាំមុន ប៉ុន្តែក្រុមហ៊ុននៅតែបានប្រកាសពីការខាតបង់ចំនួន ៤២.២ ពាន់លានវ៉ុន (៣១ លានដុល្លារ)។
លើសពីនេះ រឿងរ៉ាវជោគជ័យរបស់ភ្នាក់ងារទំហំមធ្យម ដែលធ្លាប់ត្រូវបានគេហៅថា “អព្ភូតហេតុ” នៅក្នុងឧស្សាហកម្មក៏កំពុងរសាត់បាត់ទៅដែរ។ នៅពេលដែលអាជីវកម្មផ្លាស់ប្តូរទៅរកការធ្វើទីផ្សារទ្រង់ទ្រាយធំ និងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោក ក្រុមហ៊ុនតូចៗកំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការដំណើរការទៅមុខ។
មន្ត្រីពីភ្នាក់ងារកម្រិតមធ្យមម្នាក់បាននិយាយថា “ការចំណាយសរុបបានកើនឡើង ប៉ុន្តែការលក់អាល់ប៊ុម និងឌីជីថលបានធ្លាក់ចុះយ៉ាងខ្លាំង។ ប្រាក់ចំណូលពីការប្រគំតន្ត្រីនៅបរទេសក៏មានកម្រិតដែរ ដូច្នេះក្រុមហ៊ុនដែលគ្មានដើមទុនគ្រប់គ្រាន់នឹងប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែធំ”។
នៅក្នុងបរិបទនេះ ក្រុមដូចជា Purple Kiss, Weekly និង Everglow បានរំសាយ ឬបញ្ឈប់សកម្មភាពនៅឆ្នាំនេះ ខណៈដែល H1-KEY ដែលត្រូវបានគេស្គាល់ដោយសារបទចម្រៀងល្បី “Rose Blossom” បានផ្លាស់ប្តូរភ្នាក់ងារ។
អ្នកវិភាគតន្ត្រីប៉ុប Lim Hee-yoon បាននិយាយថា៖ “ដោយការចំណាយផលិតកម្ម និងទីផ្សារកើនឡើងយ៉ាងខ្លាំង លំហសម្រាប់ភ្នាក់ងារតូចៗបានរួមតូច និងភាពរស់រវើករបស់ឧស្សាហកម្មបានថយចុះ”។ “សិល្បករកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើទីផ្សារនៅបរទេស ហើយអ្នកគាំទ្រ K-pop ក្នុងស្រុកហាក់ដូចជានៅទ្រឹង” ៕
























Account
Security
Favourite Content