Jin សមាជិកកូនបងប្រចាំក្រុម BTS កំពុងបានទទួលជោគជ័យជាទីពេញចិត្តជាមួយនឹងអាល់ប៊ុមទោលថ្មីមានចំណងជើងថា “Happy” ដែលបានចេញផ្សាយផ្លូវការកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។


ផ្អែកតាមគេហទំព័រតាមដានការលក់អាល់ប៊ុមចម្រៀងកូរ៉េ Hanteo Chart បានបង្ហាញថាអាល់ប៊ុមថ្មីនេះអាចលក់បានជាង ៨៤ ម៉ឺនច្បាប់នៅថ្ងៃដំបូងនៃការចេញលក់។ តួលេខនេះបានបំបែកកំណត់ត្រាការលក់អាល់ប៊ុមចម្រៀងមុនរបស់ Jin មានចំណងជើងថា “The Astronaut” កាលពីឆ្នាំ ២០២២ ដែលអាចលក់បាន ៧៧ ម៉ឺនច្បាប់ក្នុងសប្ដាហ៍ដំបូង ជាការបង្ហាញឱ្យឃើញថាប្រជាប្រិយភាពរបស់តារាវ័យ ៣១ឆ្នាំរូបនេះកើនឡើងកាន់តែខ្លាំងក្រោយបញ្ចប់កាតព្វកិច្ចយោធា។
មិនតែប៉ុណ្ណោះ Jin ក៏បានគ្រប់គ្រងតារាង iTunes ទូទាំងពិភពលោកផងដែរ ខណៈអាល់ប៊ុម “Happy” បានឈានដល់លេខ ១ នៅលើតារាង iTunes Top Albums ក្នុង ៤៨ ប្រទេស ស្របពេលបទចម្រៀងសំខាន់ក្នុងអាល់ប៊ុមមានចំណងជើងថា “Running Wild” បានឈរនៅលើកំពូលតារាង iTunes Top Songs នៅ ៧០ ប្រទេស និងតំបន់ រួមទាំងប្រទេសអូស្ត្រាលី ហ្វាំងឡង់ និងប្រេស៊ីល។ បទចម្រៀងទាំងអស់ផ្សេងទៀតក្នុងអាល់ប៊ុមក៏បានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top នៃតារាង iTunes’ Top Songs ទូទាំងពិភពលោកផងដែរ។
កាលពីចុងសប្ដាហ៍មុននេះ សមាជិកច្បងរបស់ BTS រូបនេះបានចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួនតាមរយៈកម្មវិធីជួបជុំអ្នកគាំទ្រ Happy with a fan showcase នៅទីក្រុងសេអ៊ូល។ កម្មវិធីដែលមានរយៈពេល ២ថ្ងៃនេះមានការសម្តែងពិសេសៗជាច្រើនដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកគាំទ្រ BTS ឬ ARMY ដែលកាន់តែពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏រឹងមាំរវាង Jin និងអ្នកគាំទ្រ ៕























Account
Security
Favourite Content