កាលពីថ្ងៃទី ១៥ ខែកុម្ភៈ តារាចម្រៀងកូរ៉េ HyunA បានចែករំលែករូបថតជាច្រើនសន្លឹកជាមួយនឹង Caption បង្ហាញថា “នាងបានបញ្ចប់ការថតចម្រៀងរួចរាល់ហើយ”។ នៅក្នុងរូបថត គេឃើញ HyunA ពាក់មួករោមសត្វ និងខ្សែករូបបេះដូង សម្លឹងមើលកាមេរ៉ា ជាពិសេសបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងតាមរយៈការប្រាប់ពីការវិលត្រលប់មកវិញលើកនេះ។

អាល់ប៊ុមថ្មីរបស់ HyunA ដែលត្រៀមនឹងចេញនេះគឺជាការវិលត្រលប់មកវិញលើកដំបូងក្រោយរយៈពេលមួយឆ្នាំនិងប្រាំពីរខែចាប់តាំងពីអាល់ប៊ុម “Nabillera” របស់នាងបានចេញនៅខែកក្កដា ឆ្នាំ ២០២២។
អាល់ប៊ុមខាងមុខនេះត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចរបត់សំខាន់សម្រាប់ HyunA ដោយសារបន្ទាប់ពីការចេញអាល់ប៊ុម “Nabillera” HyunA ក៏បានចាកចេញពីផលិតកម្ម P Nation ដែលដឹកនាំដោយ Psy ហើយបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេលប្រាំមួយឆ្នាំរបស់នាងជាមួយតារាចម្រៀង Dawn ។


ក្រោយមក នាងបានរកឃើញទ្រនំថ្មីនៅក្រុមហ៊ុន At Area Entertainment ហើយបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាថ្មីរបស់នាងជាមួយអតីតសមាជិកក្រុម Highlight គឺ Yong Junhyung ។ HyunA និង Yong Junhyung បានប្រកាសពីទំនាក់ទំនងរបស់ពួកគេដោយការចែករំលែករូបថតកាន់ដៃដើរលេងជាមួយគ្នា ដោយ Yong Junhyung បានបញ្ជាក់ជាផ្លូវការនូវទំនាក់ទំនងរបស់ពួកគេ ដោយបង្ហោះសារថា “ពួកគេកំពុងជួបគ្នា និងផ្លាស់ប្តូរថាមពលវិជ្ជមាន”។

ទោះយ៉ាងណា ការប្រកាសអំពីទំនាក់ទំនងស្នេហាថ្មីនេះធ្វើឱ្យ HyunA ត្រូវប្រឈមមុខនឹងការរិះគន់ផង និងត្រូវអ្នកគាំទ្រព្រួយបារម្ភផង ដោយសារតែ Yong Junhyung គឺជាបុគ្គលម្នាក់ដែលមានទំនាក់ទំនងជាមួយតារាចម្រៀង Jung Joon-young ដែលពេលនេះកំពុងជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធក្នុងការថត និងចែកចាយវីដេអូផ្លូវភេទខុសច្បាប់។ នៅចុងខែមករាកន្លងទៅ អ្នកគាំទ្រប្រមាណ ២សែននាក់បាន Unfollow គណនី Instagram របស់នាងដោយសារបញ្ហានេះ។
អាចនិយាយបានថា ការប្រកាសរបស់ HyunA អំពីគម្រោងចេញអាល់ប៊ុមថ្មីបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយបន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្ដូរ និងរឿងរ៉ាវជាច្រើនកន្លងមកនេះ គ្រប់គ្នាពិតជាចង់ដឹងចង់ឃើញអំពីបទចម្រៀង និងការសម្តែងថ្មីរបស់នាង ហើយក៏ចង់ដឹងដែរថាតើនាងអាចស្ដារប្រជាប្រិយភាព និងទាក់ទាញទឹកចិត្តអ្នកគាំទ្ររាប់សែនអ្នកដែលបានបាត់បង់ដោយសាររឿងអាស្រូវស្នេហារបស់នាងត្រលប់មកវិញបានឬក៏អត់ ៕























Account
Security
Favourite Content