Hybe ផលិតកម្មធំដែលបានបង្កើតក្រុមចម្រៀងល្បីល្បាញទូទាំងពិភពលោកដូចជា BTS កំពុងរៀបចំបង្កើតក្រុមចម្រៀងនារីថ្មីដែលមិនដូចក្រុមខេប៉ុបនារីផ្សេងៗឡើយ ព្រោះលើកនេះ អគ្គនាយកក្រុមហ៊ុនបានបង្ហាញព័ត៌មានលម្អិតថាក្រុមថ្មីនេះនឹងត្រូវវាយលុកទីផ្សារអន្តរជាតិជាពិសេស។ លើសពីនេះ ស្ទីលរបស់សមាជិកក្នុងក្រុមក៏ខុសពីក្រុមចម្រៀងស្រីកូរ៉េផ្សេងទៀតដែរ។

នាយកក្រុមហ៊ុនលោក Bang Si-Hyuk បានប្រកាសនៅចំពោះមុខសារព័ត៌មានក្នុងរដ្ឋកាលីហ្វ័រញ៉ាអំពីព័ត៌មានលម្អិតនៃគម្រោងថ្មីរបស់ខ្លួនថា ៖ ក្រុមចម្រៀងនារីថ្មីនេះនឹងមានភាពប្លែកពីគេក្នុងទម្រង់ជាច្រើន ដូចជាសមាជិកក្រុមនឹងមានសញ្ជាតិផ្សេងៗច្រើនមិនមែនតែប៉ែកអាស៊ី ហើយបទចម្រៀងនឹងចេញជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ការហ្វឹកហាត់មិនចំណាយពេលយូរដូចដំណើរការសម្រាប់ក្រុមកូរ៉េដែលត្រូវហ្វឹកហាត់ច្រើនឆ្នាំនោះទេ បើតាមការគ្រោងទុកគឺនឹងចំណាយហ្វឹកហាត់ប្រមាណមួយឆ្នាំប៉ុណ្ណោះមុនពេលបង្ហាញខ្លួនផ្លូវការ។
ជាមួយគ្នានោះ ក្រុមហ៊ុនដៃគូរបស់ HYBE គឺ IGA Records (Interscope Geffen A&M) ដែលជាបុត្រសម្ព័ន្ធរបស់ Universal Music ក៏បានមកចូលរួមកម្មវិធីសន្និសីទនេះផងដែរ។ ក្រុមហ៊ុននេះគឺជាអ្នកមើលការខុសត្រូវលើការចេញផ្សាយស្នាដៃរបស់សិល្បករល្បីៗជាច្រើនដូចជាអាល់ប៊ុមដំបូងរបស់ Olivia Rodrigo និង Billie Eilish ក៏ដូចជាការងារអន្តរជាតិរបស់ BLACKPINK ដូច្នេះគេអាចសន្និដ្ឋានបានថាក្រុមចម្រៀងនារីថ្មីនេះនឹងមានស្នាដៃប្រកបដោយគុណភាពដែលអាចបង្កើតភាពល្បីផ្ទុះនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិបាន។

ក្រុមចម្រៀងនារីថ្មីនេះស្ថិតក្រោមគម្រោងមួយដែលមានឈ្មោះថា The Debut: Dream Academy ដោយជ្រើសរើសសមាជិកតាមរយៈការប្រកួតប្រជែង។ ចម្រាញ់ពីបេក្ខជនជាងមួយសែនពីរម៉ឺននាក់ បេក្ខជន ២០ នាក់ចុងក្រោយដែលរួមមានសញ្ជាតិថៃ ប្រេស៊ីល ជប៉ុន និងស៊ុយអែតជាដើមនឹងត្រូវប្រកួតប្រជែងដើម្បីបង្ហាញពីជំនាញច្រៀង និងរាំរបស់ពួកគេរៀងរាល់សប្តាហ៍ ហើយជាការពិតណាស់ នឹងមានអ្នកដែលនឹងត្រូវជម្រុះចេញជាបន្តបន្ទាប់ដែរ។ សមាជិកចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ហើយក៏នឹងមានភាពយន្តឯកសារចេញផ្សាយនៅលើ Netflix នៅឆ្នាំក្រោយផងដែរ ៕























Account
Security
Favourite Content