បន្ទាប់ពីប្រែខ្លួនជាតារាសម្ដែងយ៉ាងជោគជ័យនៅកូរ៉េខាងត្បូង នៅពេលនេះសមាជិកក្រុម Girls’ Generation, Sooyoung បានឈានជើងចូលប្រឡូកក្នុងវិស័យកុនហូលីវូដជាលើកដំបូងតាមរយៈភាពយន្ត “Ballerina” ដែលជារឿងថ្មីក្នុងសែស្រលាយភាពយន្តឃាតកដៃឆៅ John Wick ។

និយាយពីរឿងរ៉ាវកើតឡើងក្នុងចន្លោះព្រឹត្តិការណ៍នៃភាពយន្ត John Wick វគ្គ ៣ និងវគ្គ ៤ ភាពយន្ត Ballerina ចូលរួមសម្តែងដោយតារាស្រី Ana de Armas ជាតួឯកឈ្មោះ Eve Macarro ជាឃាតកស្រីដែលទទួលបានការបណ្តុះបណ្តាលតាំងពីនៅជាកុមារីដើម្បីតាមសងសឹក ក្រោយការស្លាប់របស់ឪពុកនាង។ តួអង្គស្រីរូបនេះធ្លាប់ចេញមុខម្ដងហើយក្នុងភាពយន្ត “John Wick” វគ្គ៣មានចំណងជើងថា “Parabellum”។
ដោយឡែក Sooyoung ក្នុងរឿងនេះនឹងសម្ដែងជាតួអង្គម្នាក់ដែលតួឯកស្រីខាងលើត្រូវជួយសង្គ្រោះសម្រាប់បេសកកម្មដំបូងរបស់នាង។ ទន្ទឹមនឹងតួអង្គថ្មីៗជាច្រើន តារាសម្ដែង Keanu Reeves ដែលសម្ដែងជាតួអង្គឃាតកល្បីឈ្មោះ John Wick ក៏នឹងបង្ហាញមុខក្នុងភាពយន្តវគ្គថ្មីដែរ។


ភាពយន្តថ្មីដែលមានចំណងជើងពេញថា “From the World of John Wick: Ballerina” នេះនឹងចាប់ផ្ដើមបញ្ចាំងទូទាំងសកលលោកចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា Sooyoung គឺជាតារា K-pop មួយរូបដែលបានផ្លាស់ប្តូរជាតារាសម្តែងបានដោយជោគជ័យ ដូចគ្នានឹងមិត្តរួមក្រុមរបស់នាងផ្សេងទៀតក្នុងក្រុម Girls’ Generation រួមមាន Yuri, Yoona និង Seohyun ដែរ។
តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើន ហើយថែមទាំងទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមចំនួន ២ សម្រាប់ការសម្ដែងនៅក្នុងរឿង My Spring Days ឆ្នាំ ២០១៤ ។ ស្នាដៃសម្ដែងថ្មីមួយទៀតរបស់នាងគឺរឿងភាគមនោសញ្ចេតនាបែបកំប្លែង “Second Shot At Love” ដែលត្រៀមចាក់ផ្សាយនៅថ្ងៃទី ១២ ខែឧសភា។ ចង់ដឹងថាស្នាដៃសម្ដែងរបស់ Sooyoung ទាំងក្នុងរឿងហូលីវូដដំបូង និងរឿងភាគថ្មីខាងមុខនេះមានការវិវត្តបែបណា កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!























Account
Security
Favourite Content