ក្រោយពីសារព័ត៌មាន Ten Asia រាយការណ៍ថា G-Dragon នឹងធ្វើការត្រឡប់មកឆាកតន្ត្រីវិញក្នុងខែតុលានេះ ខាងផលិតកម្មបានចេញមុខប្រកែកនឹងការលើកឡើងនេះ ថែមទាំងផ្ដល់ពីព័ត៌មានបន្ថែមពីសិល្បកររបស់ខ្លួនទៀតផង។

នៅថ្ងៃទី១២ ខែកញ្ញា ក្រុមហ៊ុន Galaxy Corporation ដែលជាផលិតកម្មរបស់តារាកូរ៉េខាងត្បូង G-Dragon បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា សិល្បកររបស់ខ្លួននឹងត្រឡប់មកកាន់ឆាកតន្រ្តីវិញនៅខែក្រោយនេះ។ Galaxy Corporation បានលើកឡើងថា៖ “កាលបរិច្ឆេទសម្រាប់ការត្រលប់មកវិញរបស់ G-Dragon មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ វាកំពុងស្ថិតក្រោមការពិភាក្សា ហើយយើងនឹងប្រកាសទៅសាធារណជននៅពេលដែលយើងអាចកំណត់បាន”។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយជាការឆ្លើយតបទៅនឹងការរាយការណ៍ដែលសរសេរដោយ Ten Asia នៅក្នុងថ្ងៃតែមួយ ពោលគឺថ្ងៃទី១២ ខែកញ្ញានេះ។ យោងតាមអត្ថបទរបស់ Ten Asia សមាជិកក្រុម BIGBANG រូបនេះនឹងបញ្ចេញបទចម្រៀងរបស់ខ្លួននៅក្នុងខែតុលា ព្រមជាមួយនឹងការចូលរួមក្នុងកម្មវិធីសម្ភាសន៍របស់ tvN “You Quiz on the Block” ។
គួររំឮកផងដែរថា Galaxy Corporation ធ្លាប់បានប្រកាសថា GD កំពុងតែត្រៀមបទចម្រៀងទោលរបស់ខ្លួនដែលនឹងបញ្ចេញនៅចន្លោះឆមាសទីពីរនៃឆ្នាំ ២០២៤។ បើទោះបីជាមានការប្រកាសបែបនេះក្ដី តែផលិតកម្មនៅតែបន្តបដិសេធលើការសន្និដ្ឋាន ដែលយល់ថាសិល្បករចម្រៀង K-pop រូបនេះនឹងត្រឡប់មកកាន់ការងារសិល្បៈវិញនៅចន្លោះខែតុលា ដល់ខែវិច្ឆិកា។

ដោយឡែក បើទោះបីជាការបរិច្ឆេទនៅមិនទាន់បានកំណត់ក៏ពិតមែន តែការត្រលប់មកសាជាថ្មីរបស់ តារាចម្រៀងវ័យ ៣៦ឆ្នាំរូបនេះ ពិតជាមានន័យក្នុងចំណោមអ្នកគាំទ្ររបស់ BIGBANG ដែលហៅខ្លួនឯងថា VIPs ដោយហេតុថា នេះជាបទដំបូង ក្រោយពីលោកមិនបានបញ្ចេញចម្រៀងអស់រយៈពេល ៧ឆ្នាំកន្លងមក។
ស្នាដៃចុងក្រោយរបស់ G-Dragon គឺអាល់ប៊ុម “KWON JI YONG” ដែលចេញតាំងពីខែមិថុនា ឆ្នាំ ២០១៧ មកម៉្លេះ។ អាស្រ័យហេតុនេះហើយ ទើប G-Dragon កំពុងតែពិចារណាត្រឡប់មកប្រឡូកក្នុងវិស័យ K-pop វិញយ៉ាងពេញទី ជាមួយនឹងបទចម្រៀងថ្មី ការសម្ដែងនៅតាមឆាកតន្រ្តី ក៏ដូចជាចូលរួមក្នុងកម្មវិធីកម្សាន្តនានាផងដែរ។ ទាំងនេះក៏ដើម្បីបំពេញបំណងរបស់អ្នកគាំទ្រ ដែលលោកបណ្ដោយឱ្យពួកគេរងចាំអស់រយៈពេលជាង ៧ឆ្នាំមកនេះ៕























Account
Security
Favourite Content